យុវជនមួយក្រុមផ្សព្វផ្សាយឲ្យអ្នកមកលេងបុណ្យអុំទូកទៅចុះឈ្មោះបោះឆ្នោត
ស្របពេលដែលពលរដ្ឋភាគច្រើនកំពុងស្រែកហោរសប្បាយនឹងការប្រណាំងទូកងនៅរាជធានីភ្នំពេញ ដោយឡែកយុវជនមួយក្រុមនាំគ្នាឆ្លៀតពេលផ្សព្វផ្សាយសារអំពាវនាវឲ្យទៅចុះឈ្មោះបោះឆ្នោត ដល់ពលរដ្ឋដែលមកទស្សនាក្នុងពិធីអុំទូកថ្ងៃទីមួយនៅថ្ងៃទី១៣ វិច្ឆិកា នេះ។
ចាប់តាំងពីម៉ោង ៩ព្រឹក ក្រុមយុវជនជាង ១០០នាក់ដែលគេស្គាល់ថាជាសកម្មជនបរិស្ថាន ដឹកនាំដោយបងប្អូនភ្លោះឈ្មោះ ជុំ ហួត និង ជុំ ហួរ យកពេលវេលាភាគច្រើនរបស់ខ្លួនមករវល់នឹងការធ្វើយុទ្ធនាការចែកខិត្តប័ណ្ណព័ត៌មាន អំពីការចុះឈ្មោះបោះឆ្នោតនៅឯពិធីប្រណាំងទូកនៅទន្លេចតុមុខរាជធានីភ្នំពេញ។
តំណាងយុវជនការពារសង្គម និងបរិស្ថាន លោក ជុំ ហួត ថ្លែងថា ដោយសារតែមានពលរដ្ឋខ្លះនៅមិនទាន់បានទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីនៅឡើយ ជាហេតុធ្វើឲ្យពួកលោកនាំគ្នាចែកខិត្តប័ណ្ណអស់រាប់ពាន់សន្លឹកដល់អ្នកមកលេងបុណ្យអុំទូកនេះ៖ «ឲ្យអាជ្ញាធរធ្វើម៉េចសម្រួលឲ្យគាត់ចុះឈ្មោះបោះឆ្នោត ក៏ដូចជាធ្វើអត្តសញ្ញាណប័ណ្ណឲ្យគាត់ឆាប់ៗ ព្រោះឥឡូវនេះសល់តែ ១៦ថ្ងៃទៀតទេ គឺផុតកំណត់ហើយ។ អ៊ីចឹងគាត់សំណូមពរពួកយើងជាយុវជនហ្នឹង ឲ្យផ្ញើ (សារ) ទៅអាជ្ញាធរ ក៏ដូចជារដ្ឋាភិបាល មេត្តាធ្វើយ៉ាងម៉េចសម្រួលឲ្យគាត់ហ្នឹងមានការងាយស្រួលក្នុងការចុះឈ្មោះបោះឆ្នោត ក៏ដូចជាធ្វើអត្តសញ្ញាណប័ណ្ណថ្មីឲ្យគាត់»។
យុទ្ធនាការរបស់ក្រុមយុវជនទាំងនេះ បានប្រព្រឹត្តទៅដោយមិនមានបញ្ហាអ្វីជាមួយអាជ្ញាធរ ឬកងសន្តិសុខការពារពិធីបុណ្យអុំទូកទេ ថ្វីបើពួកគាត់អះអាងថា ពេលចាប់ផ្ដើមដំបូងនៅម៉ោង ៩ព្រឹក ត្រូវបានពួកសន្តិសុខរារាំង និងសួរនាំមួយរយៈពេលខ្លី។ លោក ជុំ ហួត អះអាងថា ការដែលលោកអាចធ្វើយុទ្ធនាការទៅបាននេះ ក៏ព្រោះតែពួកលោកមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ។
លោក ជុំ ហួត ឲ្យដឹងថា សារជាកូនសៀវភៅដែលលោកនាំគ្នាផ្សព្វផ្សាយនោះ គឺជាសាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលសហការផលិតដោយអង្គការមិនមែនរដ្ឋាភិបាល ធ្វើការទាក់ទងនឹងការបោះឆ្នោត៖ «ដោយឡែកតែនៅម៉ោង ៩ព្រឹក ពេលដែលយើងរៀបចំនៅវិមានឯករាជ្យជិតវត្តលង្កា ក៏មានអាជ្ញាធរពីរបីក្រុមព័ទ្ធពួកយើង ហើយសាកសួរពួកយើងថា ពួកយើងមកនេះមានបំណងអីគេ? ដោយសារតែយើងមានលិខិតពីសាលាក្រុង ត្រាពី គ.ជ.ប ពួកគាត់ពិនិត្យរួច ក៏ចេញទៅវិញទៅ»។
ក្នុងចំណោមអ្នកមកទស្សនាបុណ្យអុំទូកជាច្រើននាក់ដែលថ្លែងថា ពួកគាត់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីរបស់ គ.ជ.ប ហើយនោះ មានអ្នកស្រុកល្វាឯម ខេត្តកណ្ដាល មួយរូប គឺលោកស្រី ជិន សារឿន មានប្រសាសន៍ថា លោកស្រីមិនទាន់បានទៅចុះឈ្មោះនៅឡើយទេ។ លោកស្រីរង់ចាំរហូតដល់បុណ្យអុំទូកចប់៖ «ខ្ញុំបាត់អត្តសញ្ញាណប័ណ្ណមិនទាន់បានទៅចុះទេ ទាល់តែអុំទូកហើយទៅ។ បាត់មុនភ្ជុំ (បិណ្ឌ) បាត់អស់កាតអត្តសញ្ញាណប័ណ្ណ។ ខ្ញុំចុះនៅស្រុកល្វាឯម ខេត្តកណ្ដាល។ នៅតែខ្ញុំមួយហ្នឹង កូនចុះអស់ហើយ។ ណាមួយយើងអត់មានសោហ៊ុយទៅ ចេះតែនៅចាំៗអ៊ីចឹងទៅ»។
ក្រុមយុវជនការពារសង្គម និងបរិស្ថាន រំពឹងថា ពួកគាត់នឹងព្យាយាមចែកសារអំពាវនាវឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ឲ្យបានចំនួន ២ម៉ឺនក្បាលក្នុងរយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញលទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតឆ្នាំ២០១៦ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតមកដល់ថ្ងៃទី១២ វិច្ឆិកា មានពលរដ្ឋចំនួនជាង ៧លាននាក់ (៧.០៥២.៤៧៨នាក់) ដែលបានទៅចុះឈ្មោះ។ ចំនួននេះ គឺក្នុងចំណោមពលរដ្ឋគ្រប់អាយុបោះឆ្នោតជាង ៩លាន ៦សែននាក់ (៩.៦៦៤.២១៦នាក់)។ ការចុះឈ្មោះធ្វើបញ្ជីបោះឆ្នោតថ្មី គ.ជ.ប នឹងបញ្ចប់នៅថ្ងៃទី២៩ ខែវិច្ឆិកា នេះ៕
No comments:
Post a Comment