រដ្ឋាភិបាលថានៅតែស្វាគមន៍ជនភៀសខ្លួនទោះអូស្ត្រាលីនិងអាមេរិកមានកិច្ចព្រមព្រៀងថ្មី
ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ឲ្យដឹងថា អូស្ត្រាលី និងអាមេរិក បានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីមួយ ដែលអាមេរិក ព្រមទទួលយកជនភៀសខ្លួនពីកោះណាវរូ (Nauru) និងកោះមែនណឺស (Manus)។ មន្ត្រីកម្ពុជា មិនទាន់ទទួលការបញ្ជាក់ជាផ្លូវការពីអូស្ត្រាលី ស្ដីពីកិច្ចព្រមព្រៀងនេះ តែនៅស្វាគមន៍ចំពោះជនភៀសខ្លួននៅកោះណាវរូ ដែលចង់មករស់នៅកម្ពុជា។
មួយសប្ដាហ៍បន្ទាប់ពីជនភៀសខ្លួនថ្មីម្នាក់មកពីកោះណាវរូ មកដល់កម្ពុជា រដ្ឋាភិបាលអូស្ត្រាលី ក៏បានព្រមព្រៀងគ្នាជាមួយសហរដ្ឋអាមេរិក ថានឹងសម្រេចបញ្ជូនជនភៀសខ្លួននៅលើកោះទាំងពីរ ទៅតាំងទីលំនៅលើទឹកដីអាមេរិក។
បណ្ដាញផ្សព្វផ្សាយ អេ.ប៊ី.ស៊ី (ABC) អូស្ត្រាលី ផ្សាយនៅថ្ងៃទី១៣ វិច្ឆិកា ថា កិច្ចព្រមព្រៀងនេះ គឺអនុវត្តលើជនភៀសខ្លួនដែលកំពុងស្ថិតនៅកោះណាវរូ (Nauru) និងកោះមែនណឺស (Manus) ហើយផ្តល់អាទិភាពដល់អ្នកងាយរងគ្រោះបំផុត ពិសេសស្ត្រី និងកុមារ។ ប្រសិនបើជនភៀសខ្លួនមិនចង់ទៅរស់នៅសហរដ្ឋអាមេរិក ពួកគេអាចទទួលបានទិដ្ឋាការរស់នៅកោះណាវរូ រយៈពេល ២០ឆ្នាំ។
កាលពីឆ្នាំ២០១៤ រដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជា បានអនុម័តលើកិច្ចព្រមព្រៀងតម្លៃជាង ៥០លានដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងការទទួលយកជនភៀសខ្លួននៅកោះណាវរូ ដែលប្រទេសអូស្ត្រាលី មិនស្វាគមន៍ ឲ្យមកតាំងទីលំនៅនៅកម្ពុជា។
អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន មិនទាន់ទទួលព័ត៌មានលម្អិតស្ដីពីកិច្ចព្រមព្រៀងថ្មីរវាងអូស្ត្រាលី និងសហរដ្ឋអាមេរិក នេះទេ។ ទោះយ៉ាងណា លោកថ្លែងថា នេះជាសិទ្ធិរបស់ភាគីទាំងពីរ។
ស្រដៀងគ្នានេះ ប្រធាននាយកដ្ឋានរដ្ឋបាលសរុបនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែម សារិន ក៏មិនទាន់ទទួលបានព័ត៌មាននេះដែរ។ តែលោកយល់ថា កិច្ចព្រមព្រៀងនេះមិនពាក់ព័ន្ធនឹងភាគីកម្ពុជា ទេ៖ «»។
លោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នៅបន្តស្វាគមន៍ទទួលយកជនភៀសខ្លួនពីកោះណាវរូ ដែលស្ម័គ្រចិត្តមករស់នៅកម្ពុជា។
នៅកោះណាវរូ មានជនភៀសខ្លួនដែលរត់គេចពីប្រទេសកំណើតតាមសមុទ្រ សរុបចំនួន ៤១០នាក់។ ជនភៀសខ្លួនទាំងនេះ ប្រាថ្នារស់នៅក្នុងប្រទេសអូស្ត្រាលី តែរដ្ឋាភិបាលអូស្ត្រាលី មិនស្វាគមន៍ ហើយចាប់ឃុំខ្លួនបណ្ដោះអាសន្ននៅលើកោះណាវរូ។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេស ទទួលបន្ទុកផ្នែកសិទ្ធិលំនៅឋាន យល់ថា សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ទទួលយកជនភៀសខ្លួននេះ គឺជាជម្រើសប្រសើរ ដ្បិតសហរដ្ឋអាមេរិក មានសេដ្ឋកិច្ចរឹងមាំ។ តែលោកថា ការដែលរដ្ឋាភិបាលកម្ពុជា ទទួលយកជនភៀសខ្លួនពីកោះណាវរូ ខណៈពលរដ្ឋកម្ពុជា ជាច្រើន ចំណាកស្រុកទៅបរទេសដើម្បីរកការងារធ្វើ ជាស្ថានភាពមួយមិនសូវសមហេតុផល។
លោកស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងការអនុវត្តច្បាប់ ប្រព័ន្ធយុត្តិធម៌ និងកាត់បន្ថយអំពើពុករលួយ ដើម្បីទាក់ទាញវិនិយោគិន បង្កើតការងារ បង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជន និងអាចត្រៀមខ្លួនទទួលយកជនភៀសខ្លួន។
ចាប់តាំងពីមានកិច្ចព្រមព្រៀងមក មានជនភៀសខ្លួនសរុប ៦នាក់ពីកោះណាវរូ បានស្ម័គ្រចិត្តមករស់នៅកម្ពុជា។ ទោះជាយ៉ាងណា ជនភៀសខ្លួន ៤នាក់បានត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយស្នាក់នៅមួយរយៈពេលនៅកម្ពុជា។ សព្វថ្ងៃមានជនភៀសខ្លួន ២នាក់ គឺជនជាតិរូហ៊ីងយ៉ា (Rohingya) ម្នាក់ និងជនជាតិស៊ីរី (Syria) ម្នាក់ដែលទើបមកដល់ កំពុងស្នាក់នៅកម្ពុជា៕
No comments:
Post a Comment