Monday, November 14, 2016

សាច់ញាតិ​សព​កីឡាករ​ទូក​ង​ដែល​ត្រូវ​កប៉ាល់​ទេសចរណ៍​បុក អំពាវនាវ​រក​យុត្តិធម៌

 កប៉ាល់​ទេសចរណ៍​ដែល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ទូក​ង នៅ​ខាង​មុខ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Cheu Sideth



ក្រុម​សាច់ញាតិ​សព​ជា​កីឡាករ​ទូក​ង​ដែល​បាន​ស្លាប់​បណ្ដាល​មក​ពី​កប៉ាល់​ទេសចរណ៍ បុក​ទូក​ង​កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា នោះ នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ។ ពួក​គេ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ជួយ​ស្វែងរក​យុត្តិធម៌​សមស្រប​ណា​មួយ​សម្រាប់​ពួក​គាត់​ឲ្យ​បាន​ឆាប់ និង​ជំរុញ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​កប៉ាល់​ទេសចរណ៍​ដែល​គេ​សង្ស័យ​ថា​ជា​កប៉ាល់​មក​ពី​ប្រទេស​វៀតណាម ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ករណី​ស្លាប់​នេះ។

គិត​ចាប់​តាំង​ពី​ការ​បាត់​ខ្លួន​កីឡាករ​ទូក​ង​ពីរ​នាក់ ហើយ​បន្ទាប់​មក​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ទឹក ដោយសារ​កប៉ាល់​ទេសចរណ៍​វៀតណាម ទំហំ​ធំ​មួយ​គ្រឿង បាន​បើក​បុក​ទូក​ង​ឈ្មោះ "រស្មី​ស្រី​ស្រស់​ដាញ់​ទិព្វ​សែន​ជ័យ" បណ្ដាល​ឲ្យ​លិច​ក្នុង​ទន្លេ​ចតុមុខ​នោះ មក​ទល់​នឹង​ពេល​នេះ ក្រុម​គ្រួសារ​ជន​រងគ្រោះ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។

សាច់ញាតិ និង​ត្រូវ​ជា​ម្ដាយ​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ លោកស្រី រា ចន្នា មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុង​ភូមិ​ព្រែកថ្មី សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​រៀបរាប់​ទាំង​អួល​ដើម​ក​ម្ដងៗ​ថា លោកស្រី​ស្ទើរ​ស្ទះ​ដង្ហើម និង​យំ​សោក​អស់​ទឹក​ភ្នែក​ពី​ខ្លួន​ទៅ​ហើយ បន្ទាប់​ពី​ទទួល​ដំណឹង​ដ៏​រន្ធត់​មិន​នឹក​ស្មាន​ដល់ ថា​កូន​ប្រុស​ជា​ទី​ស្រឡាញ់ បាន​ស្លាប់​ក្រោយ​ពី​បាន​បាត់​ខ្លួន​នៅ​ក្នុង​ទឹក​ទន្លេ។
អ្វី​ដែល​ធ្វើ​ឲ្យ​លោកស្រី​មិន​អាច​ទទួល​យក​បាន​ទៅ​ទៀត​នោះ គឺ​ការ​ជួប​ទុក្ខ​ធ្ងន់ ស្រប​ពេល​គេ​សប្បាយ​អឺងកង​គ្រប់​គ្នា​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក រីឯ​ខាង​គ្រួសារ​លោកស្រី​ត្រូវ​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់ និង​រៀបចំ​បុណ្យ​សព​យ៉ាង​សោក​សង្វេគ​ទៅ​វិញ៖ «ចង់​ស្ទះ​ដង្ហើម​ងាប់​ហើយ​រាល់​ថ្ងៃ មិន​ដឹង​ថា​ធ្វើ​ម៉េច​ទេ? ខ្ញុំ​យំ​ឡើង​ឆ្អែត យំ​ឡើង​អស់​ពី​ពោះ... លេប​អត់​ចូល! អត់​បាយ​បួន​យប់​បី​ថ្ងៃ​មក​ហើយ។ ខ្ញុំ​អត់​មាន​ហូប​បាយ​អី​សោះ»។

លោកស្រី​រៀបរាប់​ទៀត​ថា ដោយសារ​កូន​ប្រុស គឺ​ជា​មនុស្ស​ស្លូតបូត និង​សុភាព​រាបសា ទើប​លោកស្រី​ស្រណោះ​កូន​ជា​ទី​ស្រឡាញ់។ លោកស្រី​បញ្ជាក់​ថា មុន​កើត​ហេតុ លោកស្រី​ក៏​បាន​ហាមឃាត់​កូន​ប្រុស​យ៉ាង​ទទូច មិន​ឲ្យ​ទៅ​ចូលរួម​ធ្វើ​ជា​កីឡាករ​ទូក​ង​ដែរ ក៏ប៉ុន្តែ​កូន​ប្រុស​លោកស្រី​នៅ​តែ​មានះ ហើយ​ទៅ​ចូលរួម​ធ្វើ​ជា​កីឡាករ​ទូក​ង​ជាមួយ​គេ​ឯង ទាំង​ដែល​ខ្លួន​មិន​ធ្លាប់​ធ្វើ​ជា​កីឡាករ​ទូក​ង​កាល​ពី​មុន​មក​ផង។

លោកស្រី ចន្នា អះអាង​ថា ការ​ទទូច​មិន​ឲ្យ​កូន​ទៅ​នោះ ដោយសារ​សង្កេត​ឃើញ​ថា អាការៈ​កូន​ប្រុស​នៅ​ពេល​នោះ គឺ​មាន​សភាព​ស្លេកស្លាំង និង​ហាក់​មិន​មាន​អារម្មណ៍ និង​កម្លាំង​កំហែង​ក្នុង​ខ្លួន​ទាល់​តែ​សោះ ហើយ​អ្វី​ដែល​រឹត​តែ​សង្ស័យ​មិន​ឲ្យ​កូន​ចេញ​ទៅ​ធ្វើ​ជា​កីឡាករ​ទូក​ង​ទៀត​នោះ គឺ​កូន​ប្រុស​លោកស្រី​បាន​ដើរ​លា និង​សង​លុយ​កាក់​ទៅ​មិត្តភ័ក្ដិ​ទាំងអស់ រួច​ហើយ​ប្រាប់​មិត្តភ័ក្ដិ​ទាំងអស់​នោះ​ថា «គ្នា​ទៅ​ហើយ និង​មិន​ត្រឡប់​មក​វិញ​ទេ»។

លោកស្រី​បញ្ជាក់​ថា កូន​ប្រុស​លោកស្រី​ស្លាប់​ក្នុង​ករណី​កប៉ាល់​ទេសចរណ៍​បើក​បុក​ទូក​ង​នោះ គឺ​មាន​ឈ្មោះ​ថា សុខ ចន្ទចេស្ដា អាយុ ១៨​ឆ្នាំ និង​ជា​សិស្ស​ថ្នាក់​ទី​៩ នៃ​សាលា​ព្រែកថ្មី ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ។ លោកស្រី រា ចន្នា អះអាង​ថា ក្រោយ​ពី​កូន​ប្រុស​ស្លាប់​ទៅ ឃើញ​មាន​សប្បុរសជន ចៅ​សង្កាត់​ព្រែកថ្មី និង​ខាង​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន ស្រប​ពេល​គ្រួសារ​លោកស្រី​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើ​បុណ្យ​សព​ឲ្យ​កូន​ប្រុស។

លោកស្រី រា ចន្នា និង​គ្រួសារ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ ធ្វើ​យ៉ាង​ណា​ជួយ​ស្វែងរក​យុត្តិធម៌​ឲ្យ​គ្រួសារ​របស់​លោកស្រី​ផង ព្រោះ​កប៉ាល់​ទេសចរណ៍​ដែល​បាន​បើក​បុក​ទូក​ង​កូន​លោកស្រី នៅ​ពុំ​ទាន់​ចេញ​មុខ​ទទួល​ខុស​ត្រូវ​នៅ​ឡើយ៖ «ហ្អែង! មុខ​ស្លេកស្លាំង កូន​ហ្អា៎! កុំ​ទៅ​មើល​អុំ​ទូក កុំ​ទៅ​អុំ​ទូក កូនៗ​ឯង​អត់​មាន​កម្លាំង​ទេ ហើយ​ឪ​វា​ក៏​និយាយ​ដែរ ថា​ហ្អែង​កុំ​ទៅ ទូក​ហ្នឹង​ហ្អែង​ទៅ​ធ្វើ​អី? ហើយ​វា​មិន​ស្ដាប់​យើង វា​ទៅ ឃាត់​ដែរ តែ​វា​មិន​ស្ដាប់។ ខ្ញុំ​ធ្វើ​ម៉េច​អូន​អើយ! ឲ្យ​សម្ដេច​ជួយ​កូន​ចៅ​ផង សូម​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​កូន​ខ្ញុំ​ផង»។

ចំណែក​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ម្នាក់​ទៀត អាស៊ីសេរី ពុំ​អាច​ស្វែងរក​ប្រភព​ទាក់ទង​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា។

កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា មុន​ពីរ​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក គឺ​កប៉ាល់​ទេសចរណ៍​មួយ​គ្រឿង​កម្ពស់​បី​ជាន់ ដែល​គេ​សង្ស័យ​ថា​ជា​កប៉ាល់​មក​ពី​ប្រទេស​វៀតណាម បាន​បើក​បុក​ទូក​ង​ផ្ទុក​មនុស្ស ៩​នាក់​មួយ​គ្រឿង​ឈ្មោះ "រស្មី​ស្រី​ស្រស់​ដាញ់​ទិព្វ​សែន​ជ័យ" បណ្ដាល​ឲ្យ​លិច​នៅ​ក្នុង​ទន្លេ​ចតុមុខ បណ្ដាល​ឲ្យ​បុរស​ពីរ​នាក់​បាត់​ខ្លួន​រហូត​ដល់​ថ្ងៃ​ទី​១៣ ទើប​គេ​រក​សាកសព​ឃើញ ដែល​សាកសព​មួយ​អណ្ដែត​រហូត​ទៅ​ដល់​ស្រុក​ស្អាង និង​សព​មួយ​ទៀត​បាន​អណ្ដែត​ទៅ​ដល់​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។

សាក្សី និង​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ទូក​ង​ជួប​គ្រោះថ្នាក់​ទាំង ៩​នាក់ យុវជន ស៊ុន ចាន់ណា អះអាង​ថា ទូក​ង​ដែល​អាច​ដាក់​ចំណុះ​ទូក​ជាង ៥០​នាក់ ត្រូវ​បាន​សណ្ដោង​ចេញ​ពី​វត្ត​អម្ពវ័ន ស្ថិត​ក្នុង​ភូមិ​ព្រែកថ្មី សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា យក​មក​កាន់​ទន្លេ​ចតុមុខ​នៅ​ខាង​មុខ​ព្រះបរមរាជវាំង ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ទូក​ង​ដទៃ​ទៀត។ ប៉ុន្តែ​ស្រប​ពេល​កំពុង​សណ្ដោង​នោះ ស្រាប់​តែ​កប៉ាល់​ទេសចរណ៍​ដែល​គេ​សង្ស័យ​ថា​មក​ពី​វៀតណាម បាន​បត់​ក្បាល ហើយ​សំដៅ​មក​បុក​ចំ​កន្ទុយ​ទូក​ង​របស់​ខ្លួន បណ្ដាល​ឲ្យ​ក្រឡាប់​លិច​តែ​ម្ដង។ ក្រោយ​ពី​លិច​ទូក មនុស្ស ៧​នាក់​ក្នុង​ចំណោម ៩​នាក់​នៅ​លើ​ទូក បាន​ប្រញាប់​លោត​ទឹក ហើយ​ហែល​គេច​ចេញ​ពី​កប៉ាល់​ទេសចរណ៍​នោះ ខណៈ​មនុស្ស​ពីរ​នាក់​ដែល​ស្ថិត​នៅ​កន្ទុយ​ទូក ប្រហែល​ជា​មិន​អាច​លោត​ចេញ​ពី​ទូក​ទាន់ ហើយ​ត្រូវ​ស្រូប​ចូល​ទៅ​ក្រោម​កប៉ាល់​ទេសចរណ៍​បាត់​ទៅ៖ «ឆ្ងាយ​គ្នា​រាង​ឆ្ងាយ​ដែរ​ហ្នឹង​បង! តែ​ទូក​ហ្នឹង (កប៉ាល់​ទេសចរណ៍) អត់​បន្ថយ​ល្បឿន​ទេ បន្ថយ​ដែរ​តែ​ទូក​ហ្នឹង​ជិត​មក​ដល់​ហើយ​ហ្នឹង វា​បន្ថយ​ឲ្យ​ខ្ញុំ​ចៀស។ ដល់​ចៀស​ក៏​ចៀស​ឥត​ផុត​ដែរ។ ពេល​ដែល​ក្រឡាប់​ទូក ពួក​ខ្ញុំ​លោត​ទាំង​ទាំងអស់ តែ​បង​ពីរ​ហ្នឹង (ជន​រងគ្រោះ​ដែល​ស្លាប់) ខ្លាច​តែ​អត់​បាន​លោត​ពី​ទូក ហើយ​ណា​ទូក (កប៉ាល់) ហ្នឹង​វា​ស្រូប ហើយ​វា​បុក គឺ​បុក​ចំ​កន្លែង​មនុស្ស​អង្គុយ​តែ​ម្ដង»។

យុវជន​ដដែល​អះអាង​ថា លោក និង​ជន​រងគ្រោះ​ស្លាប់​ឈ្មោះ សុខ ចន្ទចេស្ដា គឺ​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​នឹង​គ្នា ហើយ​បាន​នាំ​គ្នា​ចុះ​ឈ្មោះ​ធ្វើ​ជា​កីឡាករ​ទូក​ង​នៅ​ឆ្នាំ​នេះ។ យុវជន​រូប​នេះ​បញ្ជាក់​ថា ការ​ចុះ​ឈ្មោះ​ធ្វើ​ជា​កីឡាករ​ទូក​ង ដោយសារ​ស្រឡាញ់​ការ​ប្រណាំង​ទូក​ង និង​ចង់​រក្សា​ប្រពៃណី​ដូនតា ហើយ​ចង់​បាន​ប្រាក់​ឧបត្ថម្ភ​ដែរ។ ប៉ុន្តែ​ចាប់​តាំង​ពី​ទូក​ជួប​គ្រោះថ្នាក់ មិន​បាន​ចូលរួម​ប្រកួត កីឡាករ​ដែល​ជួប​គ្រោះថ្នាក់​ទាំង ៧​នាក់ ពុំ​ទទួល​បាន​ប្រាក់​សំណង និង​ប្រាក់​ឧបត្ថម្ភ​អ្វី​ឡើយ។

សាក្សី និង​ជា​ជន​រងគ្រោះ​រួច​ផុត​ពី​ការ​បាត់បង់​ជីវិត​រូប​នេះ​បញ្ជាក់​ទៀត​ថា ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​រក​ខុស​ត្រូវ​ចំពោះ​ករណី​នេះ។ ក្រៅ​ពី​នេះ​ទៀត ត្រូវ​ស្វែងរក​យុត្តិធម៌​ជូន​កីឡាករ​ទាំង​ពីរ​នាក់​ដែល​ស្លាប់។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​ឲ្យ​ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ប៉ុន្តែ​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ លោក ឈិន កេតនា បាន​អះអាង​ថា គណៈកម្មាធិការ​បាន​ប្រគល់​ប្រាក់​ជូន​គ្រួសារ​សព​កីឡាករ​ទូក​ង​ទាំង​ពីរ​ក្នុង​មួយ​គ្រួសារ ៨​លាន​រៀល។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោកស្រី រា ចន្នា ដែល​ត្រូវ​ជា​ម្ដាយ​សព​យុវជន សុខ ចន្ទចេស្ដា អះអាង​ថា គ្រួសារ​របស់​លោកស្រី​ត្រូវ​បាន​គេ​មក​ប្រាប់​ថា​នឹង​អាច​ពិភាក្សា​គ្នា ជុំវិញ​ការ​ស្លាប់​កូន​របស់​លោកស្រី នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា៕

No comments:

Post a Comment