Monday, November 14, 2016

សហគមន៍​បុរីកីឡា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​វិច្ឆិកា​មិន​មាន​ការ​រារាំង

 ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដីធ្លី​នៃ​សហគមន៍​បុរីកីឡា ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Phann Yasy


ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដីធ្លី​នៃ​សហគមន៍​បុរីកីឡា នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ដែល​ត្រូវ​ជា​ថ្ងៃ​ទី​ពីរ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នេះ បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​២៨ នៅ​សហគមន៍​ដែល​ពួក​គេ​រស់នៅ។ ទោះ​បី​ជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដីធ្លី​នៃ​សហគមន៍​បុរីកីឡា បាន​ដឹង​ថា នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា នេះ ត្រូវ​ជា​ថ្ងៃ​បុណ្យ​ជាតិ​ក្ដី ក៏​ពួក​គាត់​មិន​បាន​ផ្អាក​យុទ្ធនាការ​ស្វែងរក​យុត្តិធម៌​ឡើយ។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន រៀបរាប់​ថា ពលរដ្ឋ​ភាគច្រើន​នាំ​គ្នា​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​ដោយ​ក្ដី​រីករាយ ចំណែក​លោកស្រី​វិញ​សុខ​ចិត្ត​លះបង់​ភាព​រីករាយ​នេះ ដើម្បី​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ក្នុង​គោល​បំណង​ឲ្យ​ពិភពលោក និង​រាជ​រដ្ឋាភិបាល​បាន​ដឹង​ថា ពួក​គាត់​កំពុង​ជួប​ផល​លំបាក​ក្នុង​ជីវភាព​រស់នៅ។ លោកស្រី​ថ្លែង​បន្ត​ថា ពន្លឺ​យុត្តិធម៌​នៃ​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី ហាក់​នៅ​ឆ្ងាយ រីឯ​យុត្តិធម៌​សម្រាប់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ៤​រូប​នៃ​សមាគម​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប លោក នី ចរិយា ព្រម​ទាំង​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី វិញ ក៏​មិន​ខុស​គ្នា​ដែរ។ ពួក​គេ​កំពុង​រស់នៅ​ព្រាត់ប្រាស​ក្រុម​គ្រួសារ​ដោយ​អយុត្តិធម៌។

លោកស្រី សរ ស៊ន បន្ត​ថា បើ​ទោះ​ជា​អាជ្ញាធរ​ហាក់​មិន​អើពើ​នូវ​អ្វី​ដែល​លោកស្រី​ទាមទារ​ក្ដី ក៏​សហគមន៍​លោកស្រី​នៅ​តែ​ប្ដេជ្ញា​បន្ត​យុទ្ធនាការ​តស៊ូ​មតិ​ដើម្បី​យុត្តិធម៌​នេះ​ត​ទៅ​ទៀត៖ «សម្រាប់​មីង គឺ​មិន​អស់​សង្ឃឹម​ទេ។ អ្វី​ដែល​មីង​ធ្វើ​រាល់​ថ្ងៃ​នេះ គឺ​មីង​នៅ​តែ​មាន​សង្ឃឹម​ជានិច្ច ព្រោះ​អ្វី​ដែល​មីង​ធ្វើ​នេះ មិន​មែន​ឯកោ​ទេ។ យ៉ាង​ហោច​ណាស់ ក៏​មាន​អន្តរជាតិ​គេ​គាំទ្រ​ដល់​សហគមន៍​ដែល​ក្រីក្រ​នៅ​បុរីកីឡា ក៏ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែរ។ នៅ​ប្រទេស​កម្ពុជា សព្វថ្ងៃ មិន​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ គឺ​លទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ»។
តំណាង​ពលរដ្ឋ​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន បញ្ជាក់​ថា ពួក​គាត់​នៅ​តែ​បន្ត​ការ​តវ៉ា​លុះ​ទទួល​បាន​យុត្តិធម៌។ ទោះ​ជា​យ៉ាង​ណា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​ប្រព្រឹត្ត​ទៅ​ជិត​មួយ​ម៉ោង​ក្នុង​សប្ដាហ៍​ទី​២៨ នេះ មិន​មាន​ការ​រំខាន​យាយី​ពី​អាជ្ញាធរ​ទេ៕

No comments:

Post a Comment