សហគមន៍ព្រៃឡង់ខេត្តកំពង់ធំថាបទល្មើសកាប់ឈើតូចៗកើតមានកាន់តែច្រើន
ប្រជាសហគមន៍ការពារព្រៃឈើតំបន់ព្រៃឡង់ ខេត្តកំពង់ធំ លើកឡើងថា បទល្មើសនៅតំបន់ព្រៃអភិរក្សមួយនេះនៅតែកើតមានឡើង។ ជាងនេះទៀត បទល្មើសកាប់ឈើតូចៗដែលជាប្រភេទឈើមិនទាន់គ្រប់អាយុ គឺកើតមានកាន់តែច្រើន ដែលធ្វើឲ្យប្រជាសហគមន៍មានក្តីបារម្ភ។ ការលើកឡើងនេះ ក្រោយពេលប្រជាសហគមន៍នាំគ្នាចុះល្បាតព្រៃការពាររយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ វិច្ឆិកា។
សកម្មជនការពារព្រៃឡង់នៅស្រុកសណ្ដាន់ យល់ថា មូលហេតុក្រុមជនល្មើសចាប់ផ្ដើមងាកមកកាប់ឈើតូចៗនៅតាមដងផ្លូវ ដែលពួកគេធ្លាប់រំលងកន្លងទៅ គឺអាចដោយសារតែឈើធំៗត្រូវបានបាត់បង់ច្រើន។
បន្ថែមពីនេះ ផ្លូវចូលព្រៃជ្រៅពិបាក ហើយការកាប់ឈើមិនទាន់គ្រប់អាយុនៅក្បែរៗដងផ្លូវទាំងនោះ គឺអាចងាយស្រួលដឹកជញ្ជូនចេញមកខាងក្រៅ។
សកម្មជនការពារព្រៃឡង់ស្រុកសណ្ដាន់ ខេត្តកំពង់ធំ លោក ហឿន សុភាព អះអាងថា ការចុះល្បាតព្រៃម្តងនេះ គឺសហគមន៍សង្កេតឃើញថា ឈើទំហំតូចៗដែលមានមុខកាត់ពី ៣តឹកទៅ ៥តឹកនៅក្បែរផ្លូវ ត្រូវបានក្រុមជនល្មើសកាប់យ៉ាងច្រើន។ លោកបន្តថា វាខុសពីពេលមុនៗ ដែលក្រុមជនល្មើសកាប់យកឈើធំៗដោយមានមុខកាត់ពី ៦តឹកទៅជាង ១ម៉ែត្រ ហើយជាប្រភេទឈើចាស់ៗ និងមានតម្លៃ មិនមែនជាឈើខ្ចីៗដូចពេលនេះឡើយ។ លោក ហឿន សុភាព បារម្ភកាន់តែខ្លាំងចំពោះវាសនាព្រៃឈើនៅតំបន់ព្រៃការពារមួយនេះ៖ «រយៈពេលខែនោះ យើងឃើញឈើជាច្រើននៅតាមផ្លូវ ហើយវាអត់ទាន់កាប់រំលំ ហើយយើងបានឃើញឈើពីខែមុនបានដួលរលំអស់ទៅហើយ»។
សហគមន៍ព្រៃឡង់បានចុះល្បាតរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ វិច្ឆិកា ចាប់បានម៉ាស៊ីនអារឈើចំនួន ៥គ្រឿង ឈើប្រមាណ ៦ម៉ែត្រគូប ប៉ុន្តែពួកគេបញ្ជាក់ថា បទល្មើស គឺមិនបានថយចុះឡើយ ពីព្រោះក្នុងព្រៃនៅតែឮសូរសំឡេងរណារអារឈើដដែល។
លោក ហឿន សុភាព បញ្ជាក់ថា មន្ត្រីអនុរក្សតំបន់ព្រៃឡង់ក៏មានការពិបាកទប់ស្កាត់បទល្មើស និងចាត់វិធានការលើបញ្ហានេះដែរ ពីព្រោះមន្ត្រីបរិស្ថានមានចំនួនតិច ហើយក្រុមជនល្មើសភាគច្រើនធ្វើសកម្មភាពនៅពេលយប់។
កាលពីថ្ងៃទី៩ ឧសភា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្ដីពីការបង្កើតដែនជម្រកសត្វព្រៃតំបន់ព្រៃឡង់ ដែលមានទំហំផ្ទៃដីជាង ៤សែនហិកតារ (៤៣១.៦៨៣ហិកតារ) ស្ថិតនៅភូមិសាស្ត្រខេត្តចំនួន៤ រួមមានខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។
អាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក កុប កក្កដា និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បានទេនៅថ្ងៃទី៩ វិច្ឆិកា។
ទោះបីជាយ៉ាងនេះក្តី កាលពីខែតុលា អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ធ្លាប់មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះការទប់ស្កាត់ និងបង្ក្រាបបទល្មើសជាហូរហែ ប៉ុន្តែលោកទទួលស្គាល់ថា ស្ថានភាពបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ ពិតជាមានកើតឡើងដោយលួចលាក់ខ្លះប្រាកដមែន។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញការពារព្រៃឡង់ លោក សេង សុខហេង បញ្ជាក់ថា បទល្មើសកាប់បំផ្លាញឈើមិនទាន់គ្រប់អាយុ គឺកើតឡើងជិតមួយឆ្នាំមកហើយ។ លោកថា ឈើទាំងនោះត្រូវបានគេកាប់យកធ្វើគ្រឿងសង្ហារិម រួមមាន តុ ទូ កូនក្រឡឹង ឬកៅអី ជាដើម។ ចំណែកអាជ្ញាធរពាក់ព័ន្ធ នៅមិនទាន់មានវិធានការឲ្យមានប្រសិទ្ធភាពនៅឡើយ៖ «យើងឃើញថា ការកាប់បំផ្លាញឈើមិនទាន់គ្រប់អាយុនេះ វានឹងជះឥទ្ធិពលអាក្រក់ ហើយវានឹងធ្វើឲ្យធនធានព្រៃឈើដែលនៅសេសសល់ វាបាត់បង់ទាំងស្រុងតែម្តង»។
លោក សេង សុខហេង មើលឃើញថា ចំនួនមន្ត្រីការពារព្រៃឈើមានចំនួនតិច គឺជាកត្តាមួយដែលធ្វើឲ្យបទល្មើសនៅតែកើតមាន ប៉ុន្តែមានកត្តាជាច្រើនផ្សេងទៀតក៏ជាហេតុនាំឲ្យក្រុមជនល្មើស នៅតែអាចបន្តកាប់ឈើក្នុងព្រៃបាន។ កត្តាទាំងនោះរួមមាន ការអនុវត្តច្បាប់ពុំទាន់មានប្រសិទ្ធភាព បញ្ហាពុករលួយ ការឃុបឃិតគ្នារវាងក្រុមជនល្មើស និងមន្ត្រីពាក់ព័ន្ធ។ ជាងនេះទៀត គឺមានក្រុមឈ្មួញឈើធំៗដែលជាអ្នកនៅពីក្រោយខ្នងជនល្មើស ហើយអាជ្ញាធរនៅតែមិនអាចចាប់ខ្លួនពួកគេយកទៅផ្ដន្ទាទោសបាន។ លើសពីនេះ រោងចក្រកែច្នៃឈើ ឬដេប៉ូលក់ឈើនៅតែអាចបន្តសកម្មភាពរបស់ខ្លួនឥតឈប់ឈរ៕
No comments:
Post a Comment