Wednesday, November 9, 2016

មន្ត្រី​អាជ្ញាធរ​អប្សរា​២​រូប​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​កាប់​ដើម​គ្រញូង​នៅ​តំបន់​អង្គរធំ

អគ្គនាយក​រង​អាជ្ញាធរ​អប្សរា លោក ឈ ថាណាត ក្នុង​ពេល​ប្រជុំ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (ICC) កាល​ពី​ថ្ងៃ​ទី​២២ ខែ មិថុនា ឆ្នាំ​២០១៦។ RFA/Hang Savyouth



សមត្ថកិច្ច​ខេត្ត​សៀមរាប ចាប់​ខ្លួន​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា លោក ឈ ថាណាត និង​ប្រធាន​ការិយាល័យ​បរិស្ថាន និង​ទេសភាព​វប្បធម៌​ម្នាក់​ទៀត គឺ​លោក ចេវ ផល យក​ទៅ​សាកសួរ​រយៈពេល ៧​ម៉ោង​ហើយ គិត​មក​ដល់​វេលា​ម៉ោង ៥​ល្ងាច ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។

​ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល ៤​ថ្ងៃ បន្ទាប់​ពី​មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ និង​ទេសភាព​វប្បធម៌​របស់​អាជ្ញាធរ​អប្សរា​ទាំង​ពីរ​នេះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​កម្លាំង​ឱ្យ​ទៅ​កាប់​រំលំ​ឈើ​គ្រញូង ១​ដើម អាយុ​ជាង ២០០​ឆ្នាំ នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរធំ មក។

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ចោទ​ប្រកាន់​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា ទទួល​បន្ទុក​គ្រប់គ្រង​ព្រៃឈើ និង​ទេសភាព​វប្បធម៌ លោក ឈ ថាណាត និង​ប្រធាន​ការិយាល័យ​បរិស្ថាន​ម្នាក់​ទៀត លោក ចេវ ផល ដែល​ជា​អ្នក​បញ្ជា​ឱ្យ​កាប់​ឈើ​គ្រញូង​មួយ​ដើម មាន​អាយុ​ជាង ២០០​ឆ្នាំ​នោះ ថា​គឺ​ជា​ការ​បំផ្លាញ​បេតិកភណ្ឌ​របស់​ជាតិ។


អភិបាល​ខេត្ត​សៀមរាប គឺ​លោក ឃឹម ប៊ុនសុង។ លោក​មាន​ប្រសាសន៍​នៅ​ឯ​កន្លែង​យក​ឈើ​គ្រញូង ១​ដើម​ធំ ទៅ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​នគរ​ក្រៅ​វិញ នៅ​រសៀល​ថ្ងៃ​ពុធ ទី​៩ ខែ​វិច្ឆិកា ថា ប្រមុខ​រដ្ឋាភិបាល គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា​ម្នាក់ និង​ប្រធាន​ការិយាល័យ​បរិស្ថាន​របស់​អាជ្ញាធរ​អប្សរា​ម្នាក់​ទៀត​នេះ។



លោក ឃឹមប៊ុន សុង បញ្ជាក់​ថា ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ កាល​ពី​វេលា​ម៉ោង ១០​ព្រឹក រហូត​ដល់​ម៉ោង​ជាង ៥​រសៀល​ថ្ងៃ​ដដែល គឺ​សមត្ថកិច្ច​កំពុង​សាកសួរ​អ្នក​ទាំង​ពីរ​នៅ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប នៅ​ឡើយ៖ «គាត់​ជា​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា ជា​ប្រធាន​ការិយាល័យ ហើយ​អ្នក​ដែល​គាត់​ប្រើ​ឱ្យ​ទៅ​កាប់​ឈើ​គ្រញូង​នោះ គឺ​ជា​កូនចៅ​នៅ​ក្នុង​ការិយាល័យ​ដែល​គាត់​គ្រប់គ្រង»។

​ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​អប្សរា បាន​ទៅ​កាប់​រំលំ​ដើម​គ្រញូង ១​ដើម​ធំ មាន​មុខ​កាត់ ៩​តឹក និង​កម្ពស់ ១៥​ម៉ែត្រ​នោះ​មក គឺ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បាន​យក​ទៅ​រក្សា​ទុក ក៏ប៉ុន្តែ​កាល​ពី​រសៀល​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា អាជ្ញាធរ​ខេត្ត​សៀមរាប និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​ដឹក​ជញ្ជូន​ដើម​គ្រញូង​នោះ មក​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​នគរក្រៅ វិញ​ហើយ។

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​នគរក្រៅ ជាង ១០០​នាក់ បាន​នាំ​គ្នា​ចោមរោម​មើល​ឈើ​គ្រញូង​ដែល​ពួកគេ​គោរព​យ៉ាង​ខ្លាំង​នោះ ដោយ​សេចក្ដី​ត្រេកអរ។

ស្ត្រី​ចំណាស់​អាយុ​ជាង ៦០​ឆ្នាំ ជា​អ្នក​ភូមិ​នគរក្រៅ គឺ​អ្នកស្រី គ្រៀល ឡម មាន​ប្រសាសន៍​ថា រូប​គាត់​តាំង​ពី​កើត​មក​ឃើញ​ដើម​គ្រញូង​១​ដើម​នេះ​ទៅ​ហើយ។ រូប​គាត់​ក៏​ដូចជា​អ្នក​ភូមិ​តែង​នាំ​គ្នា​ទៅ​បន់​ស្រន់​នៅ​ដើម​គ្រញូង​នោះ ក៏ប៉ុន្តែ​ពេល​នេះ​វា​គួរ​ឱ្យ​ស្ដាយ ពីព្រោះ​វា​ត្រូវ​គេ​កាប់​ទៅ​ហើយ៖ «ខ្ញុំ​គោរព​ពេល​ថ្ងៃ​សីល ថ្ងៃ​អី​ក៏​ខ្ញុំ​ដើរ​ទៅ​កន្លែង​ដើម​គ្រញូង​នោះ។ ដើម​គ្រញូង​នេះ មាន​អាយុកាល​យូរ​ណាស់​ហើយ ពីព្រោះ​ពេល​ខ្ញុំ​កើត​មក​ឃើញ​ប៉ុណ្ណោះ​ទៅ​ហើយ»។

​អាជ្ញាធរ​ខេត្ត​សៀមរាប បង្ហើប​ឱ្យ​ដឹង​ថា មិន​មែន​ត្រឹមតែ​អគ្គនាយករង​អាជ្ញាធរ​អប្សរា និង​ប្រធាន​ការិយាល័យ​បរិស្ថាន និង​ទេសភាព​វប្បធម៌ ២​នាក់​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​ចាប់​ខ្លួន​ដោយសារ​តែ​ការ​កាប់​ឈើ​គ្រញូង​អាយុ​ជាង ២០០​ឆ្នាំ នៅ​ឧទ្យាន​អង្គរធំ​នោះ គឺ​អាជ្ញាធរ​កំពុង​ស៊ើប​រក​មុខ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ផ្សេង​ទៀត៕

No comments:

Post a Comment