សាធារណជនរិះគន់អាជ្ញាធរថាខ្វះសមត្ថភាពគ្រប់គ្រងបញ្ហាសំរាមក្នុងពិធីបុណ្យអុំទូក
សាធារណជនលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែរយៈពេល ៣ថ្ងៃនៅឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញខ្វះសមត្ថភាពក្នុងការគ្រប់គ្រង និងទុកដាក់សំរាមឲ្យមានប្រសិទ្ធភាព។ ចំណែកឯសាលារាជធានីភ្នំពេញ ចាត់ទុកថា ការគ្រប់គ្រង និងទុកដាក់សំរាមរបស់អាជ្ញាធរឆ្នាំនេះមានភាពប្រសើរជាងឆ្នាំមុន។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ឲ្យដឹងថា ពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃនេះ សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ បានប្រមូលសំរាមជិត ៦ពាន់តោន ខណៈចំនួននេះមិនទាន់ប្រមូលអស់នៅឡើយ។
ករណីនេះ ត្រូវបានពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោក គៀន សាវឿន ព្រួយបារម្ភអំពីការកើនឡើងបរិមាណសំរាមពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបន្តថា នៅពេលដែលអាជ្ញាធរគ្រប់គ្រងសំរាមមិនមានប្រសិទ្ធភាព ខណៈពលរដ្ឋដែលចូលរួមពិធីបុណ្យអុំទូកមិនមានការយល់ដឹងពីគ្រោះថ្នាក់នៃសំរាម បញ្ហានេះមិនត្រឹមតែប៉ះពាល់ចំពោះសុខភាពមនុស្សសត្វប៉ុណ្ណោះទេ វាក៏ឆ្លុះបញ្ចាំងពីស្ថានភាពគ្រប់គ្រងប្រទេសផងដែរ៖ «ខ្ញុំគិតឃើញថា បញ្ហានេះវាពិតជាប៉ះពាល់ណាស់ បើយើងនាំគ្នាបោះចោលសំរាមពាសវាលពាសកាល គ្មានអនាម័យ ព្រោះវាធ្វើឲ្យមានក្លិនមិនល្អ មូលហេតុដោយសារតែគាត់មិនយល់ តែពលរដ្ឋខ្លះគេយល់គេនាំគ្នាទុកដាក់សំរាមបានត្រឹមត្រូវដែរ»។
បញ្ហាសំរាមក្រោយពិធីបុណ្យអុំទូក ត្រូវបានបណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមចុះផ្សាយ ថែមទាំងបញ្ចេញរូបគំនរសំរាមដែលរាយប៉ាយគ្មានសណ្ដាប់ធ្នាប់នៅតាមសាធារណៈ។ អ្វីដែលប៉ះពាល់បរិស្ថានខ្លាំងក្លានោះ គឺអ្នកបោសសំរាមបានបោសសំរាមដែលភាគច្រើនជាជាតិប្លាស្ទិកចូលទៅក្នុងទឹកទន្លេ។
ដោយឃើញបញ្ហានេះ ជានិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាយុវជនកាកបាទក្រហមកម្ពុជា និងបានចូលរួមសកម្មភាពប្រមូលសំរាមក្រោយបុណ្យអុំទូក កញ្ញា ឯម ស៊ីវហ្គេង លើកឡើងថា ការគិតគូរពីបញ្ហាបរិស្ថាន គឺជារឿងសំខាន់ ព្រោះបរិស្ថានគឺជាអាយុជីវិតរបស់យើង។ កញ្ញាស្នើឲ្យអាជ្ញាធរបង្កើនការផ្សព្វផ្សាយដល់ពលរដ្ឋ ដើម្បីបញ្ឈប់ការបោះចោលសំរាមផ្ដេសផ្ដាស។
ចំណែកឯប្រធានកម្មវិធីនៃអង្គការពលរដ្ឋដើម្បីការអប់រំ ព្រះតេជព្រះគុណ ហេង រ៉ាន ដែលដឹកនាំក្រុមយុវជន និងព្រះសង្ឃសម្អាតបរិស្ថានក្រោយបុណ្យអុំទូកដែរនោះមានថេរដីកាថា ទោះជាការចោលសំរាមហាក់ដូចជារឿងតូចតាច ប៉ុន្តែទម្លាប់នេះកំពុងឆ្លុះបញ្ចាំងពីចំណេះដឹង អត្តចរិត និងការទទួលខុសត្រូវរបស់ពលរដ្ឋខ្មែរម្នាក់ៗ និងអាជ្ញាធរ។
ព្រះតេជព្រះគុណបន្តថា ការបន្តទម្លាប់អាក្រក់នេះនឹងជះឥទ្ធិពលដល់មុខមាត់ និងសេចក្តីថ្លៃថ្នូរប្រទេស និងអាចឲ្យបរទេសមើលងាយបាន។
ព្រះតេជព្រះគុណយល់ថា ដើម្បីដោះស្រាយបញ្ហាសំរាមឲ្យមានប្រសិទ្ធភាពទៅបាន គឺត្រូវចាប់ផ្ដើមពីបុគ្គលម្នាក់ៗជាមុនសិន៖ «ជាគំនិតរបស់អាត្មា សូមឲ្យគាត់ស្រឡាញ់ចាប់ផ្ដើមពីខ្លួនគាត់ ចេះអនាម័យពីខ្លួនគាត់ ឲ្យទទួលខុសត្រូវខ្លួនឯង ឲ្យយល់ថាជាតួនាទីរបស់ខ្លួន មិនជាតួនាទីរបស់អ្នកណានោះទេ»។
ឆ្លើយតបនឹងការរិះគន់របស់សាធារណជននេះដែរ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានប្រាប់អាស៊ីសេរី នៅថ្ងៃទី១៦ វិច្ឆិកា ថា ការគ្រប់គ្រង និងទុកដាក់សំរាមរបស់អាជ្ញាធរឆ្នាំនេះមានភាពប្រសើរជាងឆ្នាំមុនៗ ព្រោះសាលារាជធានីភ្នំពេញ ក្រុមហ៊ុន ស៊ីន ទ្រី និងមន្ទីរសាធារណការ បានសហការដាក់វេនគ្នា និងត្រៀមភ្នាក់ងារប្រមូលសំរាមជិត ២ពាន់នាក់ (១.៧០០នាក់) ព្រមទាំងធុងសំរាមសរុបជាង ១ពាន់ធុង។
លោកបញ្ជាក់ថា ពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃនេះ សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ បានប្រមូលសំរាមជិត ៦ពាន់តោន។ លោកអះអាងថា រឿងបរិមាណសំរាមកើនឡើង គឺជាសំរាមដែលកើតចេញពីអ្នកលក់ដូរ និងកំណើនពលរដ្ឋមកដើរកម្សាន្តពេលបុណ្យអុំទូកប៉ុណ្ណោះ មិនមែនជាសំរាមចេញពីផ្ទះនោះទេ៖ «ស្ថានភាពអនាម័យ និងការគ្រប់គ្រងសំរាមឆ្នាំនេះល្អប្រសើរជាងមុនហើយ ដោយឡែកសំរាមដែលនៅសេសសល់នៅតាមកន្លែងលក់ដូរ និងកន្លែងប្រគំតន្ត្រី ហើយសម្រាប់ពិធីបុណ្យអុំទូកឆ្នាំក្រោយ សាលារាជធានីភ្នំពេញនឹងជជែកជាមួយអ្នករៀបកម្មវិធី ដូចជាការប្រគំតន្ត្រី និងអ្នកលក់ដូរឲ្យចេះទទួលខុសត្រូវ»។
ប៉ុន្តែអ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ មិនទាន់បញ្ជាក់ពីថវិកាចំនួនប៉ុន្មាន ដែលចំណាយលើបញ្ហាសំរាមនាពិធីបុណ្យអុំទូកនោះឡើយ។
ទោះជាយ៉ាងណា សាធារណជននៅតែទទូចឲ្យរដ្ឋាភិបាល គួរតែគិតទៅលើការអប់រំមនុស្សឲ្យយល់ពីផលប៉ះពាល់នៃសំរាម ផលប៉ះពាល់នៃការចោលសំរាម និងត្រូវដោះស្រាយប្រព័ន្ធគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ ដើម្បីទាក់ទាញទេសចរចូលមកកម្ពុជា កាន់តែច្រើន៕
No comments:
Post a Comment