Wednesday, November 16, 2016

គ្រួសារ​កីឡាករ​ទូក​ង​ពីរ​នាក់​ដែល​ស្លាប់​ទារ​សំណង​៣៥.០០០​ដុល្លារ​ពី​ក្រុមហ៊ុន​ទេសចរណ៍

កប៉ាល់​ទេសចរណ៍​ដែល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ទូក​ង នៅ​ខាង​មុខ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Cheu Sideth


គ្រួសារ​ជន​រងគ្រោះ​កីឡាករ​ទូក​ង​ដែល​កប៉ាល់​ទេសចរណ៍​បុក បាន​ប្ដឹង​ទាមទារ​សំណង​ចំនួន ៣​ម៉ឺន ៥​ពាន់​ដុល្លារ​ពី​ក្រុមហ៊ុន​កប៉ាល់​ទេសចរណ៍ តែ​ភាគី​ក្រុមហ៊ុន​មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ។ ការ​ប្ដឹង​ទាមទារ​សំណង​នេះ បន្ទាប់​ពី​កប៉ាល់​ទេសចរណ៍​បាន​បើក​បុក​ទូក​ង​ពី​ក្រោយ​បណ្ដាល​ឲ្យ​លិច ហើយ​ស្លាប់​អ្នក​ប្រណាំង​ទូក​ង​ពីរ​នាក់​នៅ​ខាង​មុខ​ព្រះបរមរាជវាំង កាល​ពី​មុន​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក។

ក្រោយ​ហេតុការណ៍​កប៉ាល់​ទេសចរណ៍​បុក​ទូក​ង​ពី​ក្រោយ​បណ្ដាល​ឲ្យ​ស្លាប់​ពីរ​នាក់​នោះ ក្រុម​គ្រួសារ និង​ភាគី​ក្រុមហ៊ុន បាន​ជួប​ជជែក​គ្នា​ពី​រឿង​សំណង​ពីរ​ថ្ងៃ​ហើយ​តាំង​ពី​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា តែ​នៅ​មិន​ទាន់​បាន​លទ្ធផល​ផ្លែផ្កា​នៅ​ឡើយ។

ពូ​បង្កើត​របស់​ជន​រងគ្រោះ​ឈ្មោះ ចន្ទចេស្ដា គឺ​លោក រៀល វណ្ណើត បាន​អះអាង​ថា ខាង​គ្រួសារ​របស់​លោក និង​គ្រួសារ​ជន​រងគ្រោះ​ម្នាក់​ទៀត បាន​ទៅ​ជួប​ប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឲ្យ​ក្រុមហ៊ុន​កប៉ាល់​ទេសចរណ៍​ឈ្មោះ គ្រីស្ដស៊ីកូ អេដវ៉េនឆឺ (Cruiseco Adventure) នៅ​ស្នងការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ដើម្បី​និយាយ​រឿង​ផ្ដល់​សំណង។ ក្នុង​ជំនួប​នោះ គឺ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​ប្រកាន់​ជំហរ​ទាមទារ​សំណង​ចំនួន ៣​ម៉ឺន ៥​ពាន់​ដុល្លារ​សម្រាប់​សព​ម្នាក់ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​មិន​ទាន់​ឆ្លើយតប​នោះ​ទេ៖ «តាម​គម្រោង​ចង់​ទារ​ប្រហែល ៥​ម៉ឺន តែ​យើង​គ្មាន​ខ្សែ​បណ្ដាញ​ពឹងពាក់​ផង យើង​អាច​ទារ​គេ​បាន​ច្រើន តែ​យើង​ទារ​តែ​ម៉ា​សមរម្យ​ទៅ ហើយ​យើង​ទារ​មិន​មែន​ចង់​លក់​សាច់​ឈាម​ខ្លួន​ឯង​នោះ​ទេ»។
លោក​បញ្ជាក់​ថា ខាង​ក្រុមហ៊ុន​បាន​ទទួល​យក​សំណើ​ភាគី​ជន​រងគ្រោះ​ទៅ​ពិចារណា ហើយ​សន្យា​ថា​នឹង​ផ្តល់​ចម្លើយ​នៅ​សប្ដាហ៍​ក្រោយ​នេះ៖ «គេ​ថា​អាទិត្យ​ក្រោយ​ជួប​គ្នា​ម្តង​ទៀត ព្រោះ​គេ​ចង់​ឲ្យ​ឆាប់​ចប់​ដែរ ព្រោះ​ពេល​នេះ​កប៉ាល់​នោះ​គេ​មិន​ទាន់​ឲ្យ​ដំណើរ​ការ​ឡើយ»។

កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា មុន​ពីរ​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក មាន​ករណី​កប៉ាល់​ទេសចរណ៍​មួយ​គ្រឿង​កម្ពស់​បី​ជាន់​របស់​ក្រុមហ៊ុន គ្រីស្ដស៊ីកូ អេដវ៉េនឆឺ (Cruiseco Adventure) បាន​បើក​បុក​កន្ទុយ​ទូក​ង​មួយ​គ្រឿង​ឈ្មោះ "រស្មី​ស្រី​ស្រស់​ដាញ់​ទិព្វ" មក​ពី​វត្ត​អម្ពវ័ន បណ្ដាល​ឲ្យ​ចំណុះ​ទូក​ពីរ​នាក់​បាន​បាត់​ខ្លួន បន្ទាប់​មក​ត្រូវ​បាន​គេ​រក​ឃើញ​សាកសព​អណ្ដែត​ទឹក​ដល់​ស្រុក​ស្អាង និង​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។

ចំណុះ​ទូក​ពីរ​នាក់​ដែល​បាន​ស្លាប់ គឺ​ទី​មួយ​ឈ្មោះ សុខ ចន្ទចេស្ដា និង​ទី​ពីរ​ឈ្មោះ ឈឺន ចន។ ជន​រងគ្រោះ​ទាំង​ពីរ​រស់នៅ​សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ ជាមួយ​គ្នា។

ចំពោះ​ករណី​នេះ អ្នក​ច្បាប់​លើក​ឡើង​ថា បើ​សិន​ជា​កប៉ាល់​ទេសចរណ៍​បាន​ផ្ដល់​ប្រាក់​សំណង​ក្ដី ក៏​មិន​អាច​គិត​ថា​ចប់​សព្វគ្រប់​ដែរ។ លោក​អះអាង​ថា តាម​ផ្លូវ​ច្បាប់ កប៉ាល់​ទេសចរណ៍​ត្រូវ​ផ្ដល់​ទាំង​សំណង និង​ត្រូវ​ប្រឈម​មុន​នឹង​ច្បាប់​ព្រហ្មទណ្ឌ​ថែម​ទៀត ព្រោះ​កប៉ាល់​ទេសចរណ៍​បាន​បើក​ចូល​មក​តំបន់​ហាមឃាត់​របស់​សាលា​រាជធានី​ភ្នំពេញ និង​ថែម​ទាំង​បាន​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​បាន​ស្លាប់៕

No comments:

Post a Comment