សាច់ញាតិពលករខ្មែរម្នាក់ដែលថៅកែថៃបាញ់សម្លាប់ស្នើឲ្យអាជ្ញាធរជួយរកយុត្តិធម៌
មន្ត្រីអង្គការសង្គមស៊ីវិល ស្នើឲ្យសមត្ថកិច្ចខ្មែរជំរុញទៅខាងភាគីថៃ ចាប់ថៅកែជនជាតិថៃ ដែលបាញ់សម្លាប់ពលករខ្មែរម្នាក់នៅក្នុងទឹកដីថៃ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។ ទាក់ទងនឹងបញ្ហានេះ មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បញ្ជាក់ថា សមត្ថកិច្ចនៅពុំទាន់បានទទួលពាក្យបណ្ដឹងពីខាងសាច់ញាតិជនរងគ្រោះ ដើម្បីជំរុញទៅខាងភាគីថៃ ឲ្យចាត់វិធានការចំពោះករណីនេះនៅឡើយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំនៅខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍នៅថ្ងៃទី២១ វិច្ឆិកា ថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីនៃស្ថានកុងស៊ុលខ្មែរប្រចាំការនៅស្រុកអារាញ់ ខេត្តស្រះកែវ ប្រទេសថៃ ត្រូវតែជំរុញទៅខាងភាគីថៃ ដើម្បីមានវិធានការចាប់ជនសង្ស័យដែលបានបាញ់សម្លាប់ពលករខ្មែរម្នាក់កាលពីថ្ងៃទី១៨ វិច្ឆិកា យកមកផ្ដន្ទាទោសជាបន្ទាន់។
លោកបន្ថែមថា ករណីនេះប្រសិនបើសមត្ថកិច្ចមិនជួយសាច់ញាតិជនរងគ្រោះទេ នោះសំណុំរឿងនេះនឹងមិនអាចរកយុត្តិធម៌ជូនអ្នកស្លាប់បាននោះឡើយ៖ «រដ្ឋអាជ្ញាជាដើមបណ្ដឹង និងសមត្ថកិច្ចដែលជាសេនាធិការរបស់ព្រះរាជអាជ្ញា ត្រូវចាត់ការទៅតាមច្បាប់ ព្រោះបទល្មើសព្រហ្មទណ្ឌដែលប៉ះពាល់ដល់ពលរដ្ឋខ្មែរ បើសិនជារង់ចាំពាក្យបណ្ដឹងពលរដ្ឋ ហើយពេលណាទៅទើបចាប់ជនសង្ស័យបាន»។
លិខិតនាំសពពលករវិលត្រឡប់មកកម្ពុជា ដែលចុះហត្ថលេខាដោយមន្ត្រីស្ថានកុងស៊ុលខ្មែរប្រចាំនៅខេត្តស្រះកែវ ប្រទេសថៃ លោក ង៉ែត ប៊ុនលី ចុះថ្ងៃទី១៩ វិច្ឆិកា ឲ្យដឹងថា កម្មករស៊ីឈ្នួលដកដំឡូងម្នាក់ឈ្មោះ សរ ងី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិតាទយ ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានថៅកែជនជាតិថៃ បាញ់សម្លាប់កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយសារតែរឿងទំនាស់ពាក្យសម្ដី។
អាស៊ីសេរី ពុំអាចទាក់ទងអគ្គកុងស៊ុលខ្មែរប្រចាំនៅស្រុកអារាញ់ ខេត្តស្រះកែវ ដើម្បីអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២១ វិច្ឆិកា។
ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក សៅ វាសនា មានប្រសាសន៍ថា ថៅកែជនជាតិថៃ បានបាញ់សម្លាប់ពលករដកដំឡូងក្នុងរឿងទំនាស់ពាក្យសម្ដីនៅក្នុងចម្ការដំឡូងខេត្តស្រះកែវ កាលពីថ្ងៃទី១៨ វិច្ឆិកា។ ទោះជាយ៉ាងនេះក្ដី លោកអះអាងថា ករណីនេះគឺសាច់ញាតិជនរងគ្រោះពុំទាន់ដាក់ពាក្យបណ្ដឹងមកការិយាល័យរបស់លោក ដើម្បីជំរុញទៅខាងសមត្ថកិច្ចថៃ ឲ្យចាត់វិធានការតាមផ្លូវច្បាប់ទៅលើថៅកែថៃ នោះនៅឡើយទេ៖ «ខាងថៃ គេថាគេចាំតែសហការជាមួយយើងទេ ឲ្យតែមានពាក្យបណ្ដឹង ឬក៏មានឯកសារជាក់លាក់ ព្រោះបើគ្មានឯកសារ ឬពាក្យបណ្ដឹងជាក់លាក់ទេ សមត្ថកិច្ចយើងទៅប្ដឹង គឺដូចគ្មានគោលការណ៍ច្បាស់លាស់ដើម្បីប្ដឹងទៅថៃ»។
ទោះបីជាយ៉ាងនេះក្ដី លោក ស៊ុំ ច័ន្ទគា ពន្យល់ថា ករណីនេះ គឺជាបទល្មើសជាក់ស្ដែងដែលសមត្ថកិច្ចអាចចាត់វិធានការទៅលើជនសង្ស័យបាន ដោយពុំចាំបាច់ឲ្យសាច់ញាតិជនរងគ្រោះដាក់ពាក្យប្ដឹងនោះឡើយ៖ «បើសិនជាមានការសម្លាប់ការវាយដំធ្វើទារុណកម្មបន្តទៀត វាអាចនឹងកើតមានបញ្ហារើសអើងពូជសាសន៍ ដូចជាខ្មែរចូលទៅត្រូវថៃ ធ្វើបាប ហើយថៃ ចូលមកខ្មែរ ក៏ត្រូវពលរដ្ឋខ្មែរវាយធ្វើបាបដូចគ្នាទៅវិញទៅមក។ នេះហើយគឺជាការមួយដែលយើងព្រួយបារម្ភ»។
កន្លងទៅ ករណីថៅកែជនជាតិថៃ ធ្វើទារុណកម្ម និងបាញ់សម្លាប់ពលករខ្មែរ កើតមានជាច្រើនករណីមកហើយ មានជាអាទិ៍ ករណីថៅកែកាស៊ីណូនៅទីក្រុងបាងកក ប្រទេសថៃ វាយសម្រាតខោអាវនារីខ្មែរ ហើយថែមទាំងបានបង្ហោះរូបភាពអាក្រាតនោះតាមបណ្ដាញហ្វេសប៊ុក (Facebook) កាលពីឆ្នាំ២០១៤ និងករណីកម្មករសំណង់ម្នាក់ទៀត ក៏ត្រូវបានថៅកែថៃ បាញ់សម្លាប់នៅក្នុងការដ្ឋានសំណង់កាលពីឆ្នាំ២០១៥ ជាដើម។ រហូតមកទល់ពេលនេះ ពួកគេនៅពុំទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយ៕
No comments:
Post a Comment