ក្រុមអតីតស្ត្រីបឹងកក់ដាក់បណ្ដាសាធនាគារពិភពលោករឿងផ្ដល់កម្ចីឲ្យរដ្ឋាភិបាល
ក្រុមអតីតស្ត្រីបឹងកក់ ដែលត្រូវគេបណ្ដេញដោយបង្ខំប្រមាណ ៣០នាក់ នៅថ្ងៃទី២១ វិច្ឆិកា នាំគ្នាធ្វើពិធីដាក់បណ្ដាសាធនាគារពិភពលោកប្រចាំកម្ពុជា (World Bank) បន្ទាប់ពីដឹងថា ស្ថាប័នអន្តរជាតិមួយនេះមិនខ្វាយខ្វល់ពីញត្តិរបស់ពួកគេដែលដាក់អស់ជាច្រើនខែមក។ ចំណែកមន្ត្រីធនាគារពិភពលោក ឆ្លើយតបថា សំណើទាំងនោះ ធនាគារពិភពលោកដាក់ជូនរដ្ឋាភិបាលកម្ពុជា រួចរាល់ហើយ។
ការធ្វើពិធីដាក់បណ្ដាសានេះ បន្ទាប់ពីពួកគេដឹងថា ធនាគារពិភពលោកនៅតែផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់ឲ្យរដ្ឋាភិបាលកម្ពុជា ជាថ្មីទៀតនូវទឹកប្រាក់ប្រមាណ ១៣០លានដុល្លារសហរដ្ឋអាមេរិក។ ពួកគាត់យល់ថា ដោយសារតែទឹកប្រាក់របស់ធនាគារពិភពលោក ឲ្យរដ្ឋាភិបាលកម្ពុជា ខ្ចីយកមកអភិវឌ្ឍនោះហើយ ទើបធ្វើឲ្យពួកគាត់បាត់បង់ដីធ្លី ផ្ទះសម្បែង និងមុខរបរចិញ្ចឹមជីវិត រហូតមកដល់សព្វថ្ងៃនេះ។ ការធ្វើពិធីដុតធូបដាក់បណ្ដាសានេះ គឺស្ថិតក្រោមការឃ្លាំមើលពីក្រុមកងសន្តិសុខខណ្ឌដូនពេញ ជាច្រើននាក់។
តំណាងអតីតស្ត្រីនៅតំបន់បឹងកក់ កញ្ញា អ៊ឹម ស្រីទូច និយាយថា មូលហេតុដែលនាំឲ្យពួកគាត់ឈានដល់ដាក់បណ្ដាសាធនាគារពិភពលោកនៅពេលនេះ ដោយសារតែការផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់របស់ស្ថាប័នមួយនេះ ចូលរួមចំណែកបង្កឲ្យមានការរំលោភសិទ្ធិមនុស្សកាន់តែច្រើនឡើង ជាពិសេសពលរដ្ឋរងគ្រោះពីជម្លោះដីធ្លី៖ «នៅឆ្នាំ២០១៣ គាត់បានសន្យាដោះស្រាយបញ្ហាឲ្យពួកយើង តែមកដល់ឆ្នាំ២០១៦ ហើយអត់មានបានដំណោះស្រាយមួយគ្រួសារណាសោះ។ ស្រាប់តែគាត់បែរជាផ្ដល់លុយមកឲ្យរដ្ឋាភិបាលទៀត។ អ៊ីចឹងធនាគារពិភពលោក មានចេតនាសម្លាប់ពលរដ្ឋខ្មែរ។ ចឹងយើងដាក់បណ្ដាសាសូមឲ្យធនាគារពិភពលោក ត្រូវតែវិនាសរលាយផុតពីប្រទេសកម្ពុជា ឆាប់ៗចា៎»។
ឆ្លើយតបនឹងការទាមទារនេះ មន្ត្រីព័ត៌មានប្រចាំការិយាល័យធនាគារពិភពលោកនៅកម្ពុជា លោក ប៊ូ សារឿន និយាយថា ប្រធានការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក អ្នកស្រី អ៊ីហ្គូណា ដូប្រាចា (Inguna Dobraja) បានផ្ដល់ព័ត៌មានពីរឿងញត្តិរបស់អ្នកបឹងកក់ជាមួយមន្ត្រីរដ្ឋាភិបាលរួចហើយ។ លោក ប៊ូ សារឿន ថាការទាមទាររបស់អ្នកបឹងកក់ដែលចង់ជួបអ្នកស្រី អ៊ីហ្គូណា ដូប្រាចា មិនមែនជារឿងថ្មីនោះទេ។
លោក ប៊ូ សារឿន ស្នើឲ្យអតីតស្ត្រីអ្នកបឹងកក់ពិចារណាឡើងវិញ រឿងទាមទារឲ្យធនាគារពិភពលោកឈប់ផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់ដល់កម្ពុជា៖ «បងដឹងហើយបន្ទាប់ពីយើងបានធ្វើការពិគ្រោះយោបល់ប្រជាជនជាង ៦០០នាក់នៅក្នុងប្រទេសកម្ពុជា វាមានតម្រូវការច្រើនណាស់ មានតម្រូវការអប់រំ ក្មេងៗតាមជនបទអត់មានសាលារៀន ហើយអ្នកឈឺនៅតាមជនបទអត់មានការព្យាបាល សុទ្ធតែជារឿងមួយដែលប្រទេសខ្មែរត្រូវការចាំបាច់ ហើយបងកាត់អាហ្នឹងដាច់ប៉ាត់ បងគិតមើល! តើប្រជាជនមានបញ្ហាកម្រិតណា? ហើយខ្ញុំដឹងថារឿងរបស់បងថាមានរឿងហើយ»។
កាលពីថ្ងៃទី៩ ខែមិថុនា ធនាគារពិភពលោកសម្រេចផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់ដល់រដ្ឋាភិបាលកម្ពុជា ចំនួន ១៣០លានដុល្លារលើគម្រោងចំនួន៤ រួមមានផ្លូវថ្នល់ ទឹក កសិកម្ម និងសុខាភិបាល សម្រាប់ឆ្នាំ២០១៦-២០១៧។ កម្មវិធីទាំងនោះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ធនាគារ ដើម្បីបង្កើតការងារឲ្យបានច្រើន និងកាត់បន្ថយអត្រាក្រីក្រយ៉ាងហោចណាស់ឲ្យបាន ១% ក្នុងមួយឆ្នាំៗ។
គម្រោងទាំងនោះផ្ដោតលើគម្រោងសមធម៌ និងការលើកកម្ពស់គុណភាពសុខភាព គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ គម្រោងគ្រប់គ្រងផ្លូវថ្នល់ទី២ ដើម្បីធ្វើឲ្យកាន់តែប្រសើរលើផ្លូវជាតិក្នុងខេត្តកំពត ព្រះសីហនុ ត្បូងឃ្មុំ និងខេត្តក្រចេះ គម្រោងបែងចែកដីសម្រាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់ជូនសម្រាប់សេវាបណ្ដុះបណ្ដាលវិស័យកសិកម្មដល់ប្រជាជនក្នុងសហគមន៍ចំនួន១៤ នៅ ៥ខេត្ត ដែលមានប្រជាជនច្រើនជាង ៥.០០០គ្រួសារ។
កាលពីឆ្នាំ២០១១ ធនាគារពិភពលោក បានប្ដេជ្ញាថា ខ្លួននឹងអាចបន្តប្រាក់ជំនួយ លុះត្រាតែរដ្ឋាភិបាលដោះស្រាយបញ្ចប់សំណងផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៣ពាន់គ្រួសារដែលត្រូវបានគំរាមកំហែង និងបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ខ្លួន។
ទោះបីជាមានការពន្យល់ពីមន្ត្រីធនាគារពិភពលោក ពីរឿងប្រាក់កម្ចីនេះយ៉ាងណាក្ដី ក្រុមអតីតស្ត្រីអ្នកបឹងកក់បញ្ជាក់ថា ពួកគេនឹងបន្តទាមទារឲ្យស្ថាប័នអន្តរជាតិមួយនេះ ឈប់ផ្ដល់ប្រាក់កម្ចីដល់រដ្ឋាភិបាលកម្ពុជា ឲ្យខាងតែបាននៅឆ្នាំបន្តបន្ទាប់ទៀត៕
No comments:
Post a Comment