Wednesday, November 16, 2016

អ្នក​ភូមិ​ផ្អាវ​ខេត្ត​ឧត្តរមានជ័យ​បារម្ភ​អំពី​ការ​រុក​រក​រ៉ែ​របស់​ក្រុមហ៊ុន​ចិន



ប្រជាពលរដ្ឋ​នៅ​ឃុំ​ផ្អាវ នៃ​ស្រុក​ត្រពាំងប្រាសាទ ដែល​ជាប់​ព្រំប្រទល់​គ្នា​ជាមួយ​នឹង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន មួយ​កំពុង​ស្រាវជ្រាវ​បណ្ដើរ និង​ជីក​យក​រ៉ែ​ធ្យូង​ថ្ម ដឹក​ចេញ​បណ្ដើរ​ពី​ជិត​តំបន់​ដែល​ពួកគេ​រស់​នៅ។ ពលរដ្ឋ​ព្រួយបារម្ភ​ថា ប្រសិនបើ​ការ​ជីក​យក​រ៉ែ​ធ្យូង​ថ្ម​នោះ​ចាប់ផ្ដើម​ដំណើរ​ការ​ជា​ទ្រង់ទ្រាយ​ធំ គឺ​វា​នឹង​ធ្វើ​ឱ្យ​មាន​ជាតិ​ពុល​ដល់​បរិស្ថាន​ទឹក ព្រមទាំង​ដី​ស្រែ​ចំការ​មួយ​ចំនួន។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​ចិន មួយ ដែល​ចូល​ទៅ​រុករក ព្រម​ទាំង​ជីក​យក​រ៉ែ​ធ្យូង​ថ្ម​ផង គឺ​មិន​គោរព​សន្យា​ដូច​ការ​ដែល​ធ្លាប់​អះអាង​ជាមួយ​ពួកគេ​ទេ។

អ្នក​ភូមិ​ផ្អាវ ម្នាក់ ក្នុង​ចំណោម​ជា​ច្រើន​ទៀត គឺ​អ្នកស្រី ចិត ថេង។ អ្នកស្រី​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៦ ខែ​វិច្ឆិកា ថា រូប​គាត់​និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​ចំការ ពីព្រោះ​តែ​គម្រោង​របស់​ក្រុមហ៊ុន​ចិន បាន​រុករក​រ៉ែ​ធ្យូង​ថ្ម​ប៉ះ​ចំ​ដី​ចំការ​របស់​គាត់។ ស្ត្រី​ដដែល​បញ្ជាក់​ថា កាល​ពី​មុន​ចាប់​ផ្ដើម​រុករក​រ៉ែ​ធ្យូង​ថ្ម គឺ​ក្រុមហ៊ុន​ចិន ធ្លាប់​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​សន្យា​ថា នឹង​ជួយ​ធ្វើ​ផ្លូវ​ក្នុង​ភូមិ​ឱ្យ​បាន​ស្អាត ក៏ប៉ុន្តែ​ពេល​ក្រុមហ៊ុន​ចិន ជីក និង​ដឹក​ជញ្ជូន​យក​រ៉ែ​ធ្យូង​ថ្ម​ជា​បណ្ដើរៗ​ទៅ​ហើយ គឺ​មិន​ត្រឹមតែ​មិន​ធ្វើ​ផ្លូវ​ទេ ថែម​ទាំង​ធ្វើ​កុងត្រូល​បិទ​ផ្លូវ​មិន​ឱ្យ​អ្នក​ភូមិ​ចេញ​ចូល​ដោយ​ងាយ​ទៅ​ចំការ​ថែម​ទៀត​ផង៖ «ឃើញ​ក្រុមហ៊ុន​គ្រាន់តែ​ចាក់​ដី​បន្តិចៗ​នៅ​តាម​ផ្លូវ ប៉ុន្តែ​ការ​ចាក់​នោះ គឺ​ផ្លូវ​ប្រើប្រាស់​មិន​កើត​ផង​ហ្នឹង ហើយ​ក៏​ស្ងាត់​ទៅ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​ជីក​យក​រ៉ែ​ធ្យូង​ថ្ម»។
ទោះ​ជា​យ៉ាង​ណា អ្នក​ភូមិ​ផ្អាវ មិន​ស្គាល់​ឈ្មោះ​ក្រុមហ៊ុន​ចិន នោះ ឱ្យ​ប្រាកដ​ទេ ពីព្រោះ​តែ​ក្រុមហ៊ុន​បាន​សរសេរ​អក្សរ​ចិន។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ឧត្តរមានជ័យ លោក ភុន ឡែន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ចិន ឈ្មោះ យូ ឃាង (Yu Kheang) បាន​ទទួល​អាជ្ញាធរ​ប័ណ្ណ​អាជីវកម្ម​រ៉ែ​ធ្យូងថ្ម នៅ​តំបន់​ឃុំ​ផ្អាវ នោះ ដោយ​ជីក​យក​រ៉ែ​ធ្យូងថ្ម ទៅ​លក់​ឱ្យ​ឡឥដ្ឋ និង​រោងចក្រ​អគ្គិសនី​មួយ មាន​កម្លាំង​ថាមពល ២០០​មេហ្គាវ៉ាត់ សាងសង់​នៅ​ជិត​នោះ។ ក៏ប៉ុន្តែ​បច្ចុប្បន្ន​រ៉ែ​ធ្យូងថ្ម​នោះ អត់​មាន​ទីផ្សារ​ក្រុមហ៊ុន​ក៏​ផ្អាក​ការ​ជីក​យក​រ៉ែ​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ឱ្យ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ហាន់ សេង (Han Seng) ដំណើរ​ការ​សិន។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​ជីក​យក​រ៉ែ​ធ្យូងថ្ម​នោះ មិន​បំភ្លេច​ពាក្យ​សន្យា​ធ្វើ​ផ្លូវ និង​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​នឹង​ប៉ះពាល់​ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​នោះ​ទេ៖ «ក្រុមហ៊ុន​អត់​ទាន់​ដំណើរ​ការ ហើយ​ក្រុមហ៊ុន​ប្រាកដ​ជា​ជួយ​ធ្វើ​ផ្លូវ ហើយ​ថែម​ទាំង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ផង ប្រសិនបើ​ក្រុមហ៊ុន​សិក្សា​ទៅ​ប៉ះពាល់​កន្លែង​ណា​មួយ»។

ទោះ​ជា​យ៉ាង​ណា ស្ត្រី​អ្នក​ភូមិ​ផ្អាវ ម្នាក់​ទៀត អ្នកស្រី ទេព លឹម រិះគន់​ថា គាត់​គ្មាន​ជំនឿ​លើ​ក្រុមហ៊ុន​ក្នុង​ការ​ធ្វើ​ផ្លូវ​ឱ្យ​ស្អាត​នោះ​ទេ ពីព្រោះ​គ្រាន់តែ​ក្រុមហ៊ុន​ចាប់​ផ្ដើម​មក​ជីក​រ៉ែ​ធ្យូងថ្ម ហើយ​អ្នក​ភូមិ​ត្រូវ​ការ​យក​កម្ទេចកំទី​ទៅ​ចាក់​លើ​ផ្លូវ គឺ​គេ​មិន​ឱ្យ​យក​ផង ទាល់តែ​ទិញ​ក្នុង ១​ឡាន​ថ្លៃ ៧​ម៉ឺន​រៀល។

មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន យូ ឃាង បាន​ចូល​ទៅ​សិក្សា​រក​រ៉ែ​ធ្យូងថ្ម នៅ​តំបន់​ឃុំ​ផ្អាវ នោះ តាំង​ពី​អំឡុង​ឆ្នាំ​២០១២ មក។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ព្រួយ​បារម្ភ​ខ្លាចក្រែង​ការ​ជីក​យក​រ៉ែ​ធ្យូងថ្ម​នោះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដីធ្លី​របស់​ប្រជាពលរដ្ឋ ហើយ​មិន​មាន​ការ​ដោះស្រាយ​ដោយ​តម្លាភាព​ត្រឹមត្រូវ៕

No comments:

Post a Comment