Wednesday, November 16, 2016

ពលរដ្ឋ​និង​បក្ស​ប្រឆាំង​នៅ​ស្រុក​តំបែរ​មិន​ពេញ​ចិត្ត​ការ​សង់​ស្នាក់ការ​បក្ស​ប្រជាជន​លើ​ដី​រដ្ឋ

ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពលរដ្ឋ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ទឹកជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ អះអាង​ថា​បាន​កសាង​រំលោភ​លើ​ដី​សាធារណៈ​របស់​រដ្ឋ នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo ADHOC



ប្រជាពលរដ្ឋ និង​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ឃុំ​ទឹកជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ លើក​ឡើង​ថា ការ​យក​ដី​សមូហភាព ឬ​ដី​រដ្ឋ​ទៅ​ធ្វើ​ស្នាក់ការ​គណបក្ស​កាន់​អំណាច គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។ បន្ថែម​ពី​នេះ អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ប្រាប់​ពលរដ្ឋ​អំពី​គម្រោង​សាងសង់​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា លើ​ដី​នោះ​ឡើយ។ មេ​ឃុំ​ទឹកជ្រៅ អះអាង​ថា ពួក​គេ​ក៏​បាន​ប្រាប់​ពលរដ្ឋ​អំពី​បញ្ហា​នេះ​ដែរ ហើយ​ដី​នោះ គឺ​ជា​កម្មសិទ្ធិ​របស់​គណបក្ស​ជា​យូរ​មក​ហើយ។

ប្រជាពលរដ្ឋ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ទឹកជ្រៅ បញ្ជាក់​ថា អាជ្ញាធរ​គប្បី​ប្រាប់​ប្រជាជន​ឲ្យ​បាន​ដឹង​ច្បាស់​អំពី​ការ​យក​ដី​រដ្ឋ​នៅ​ក្នុង​ឃុំ ទៅ​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន ឬ​សម្បត្តិ​បក្ស​របស់​ខ្លួន។

ជាង​នេះ​ទៀត ពួក​គេ​យល់​ថា ប្រសិន​បើ​រក្សា​ទុក​ដី​សម្បត្តិ​សាធារណៈ គឺ​អាច​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​អ្នក​ភូមិ នៅ​ពេល​មាន​សេចក្តី​ត្រូវ​ការ ឬ​មាន​ពិធី​ផ្សេងៗ​នៅ​ក្នុង​មូលដ្ឋាន។


ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​រៀបរាប់​ថា អ្នក​ភូមិ​ភាគច្រើន​នៅ​ក្នុង​ភូមិ គឺ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​យក​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​ក្នុង​ឃុំ ធ្វើ​ជា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា ដី​ដែល​អាជ្ញាធរ​យក​ទៅ​សាងសង់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពលរដ្ឋ​មិន​បាន​ដឹង​ថា អាជ្ញាធរ​ស្នើសុំ​ពី​ខាង​លើ ឬ​យ៉ាង​ណា​ទេ គ្រាន់​តែ​ដឹង​ថា ដី​នោះ​ជា​ដី​របស់​រដ្ឋ​ពី​ដើម​មក៖ «ដល់​ពេល​មាន​ប្រជុំ​មាន​អី ក៏​គេ​មិន​ដែល​ប្រាប់។ អ៊ីចឹង​ក៏​ខ្ញុំ​មិន​សូវ​បាន​ដឹង​រឿង​សាច់​ក្នុង​ដែរ»។


ជាមួយ​គ្នា​នេះ ជំទប់​ទី​២ ឃុំ​ទឹកជ្រៅ មក​ពី​បក្ស​ប្រឆាំង លោក យ៉ាន កើត មាន​ប្រសាសន៍​ថា មិន​ត្រឹម​តែ​ពលរដ្ឋ​ទេ​ដែល​មិន​បាន​ដឹង​អំពី​ការ​យក​ដី​រដ្ឋ​ទៅ​កសាង​មន្ទីរ​បក្ស​នោះ ប៉ុន្តែ​សូម្បី​ពួក​គាត់​ដែល​ជា​អាជ្ញាធរ​ឃុំ ក៏​មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ដែរ។ លោក​ថា ដី​សាធារណៈ​របស់​រដ្ឋ​នៅ​តំបន់​នោះ គឺ​មាន​ទំហំ​ប្រមាណ ២​ហិកតារ ហើយ​អាជ្ញាធរ​ឃុំ​បាន​យក​ចំណែក​ដី​ទំហំ​ជាង ២០​ម៉ែត្រ គុណ​នឹង ៤០​ម៉ែត្រ យក​ទៅ​កសាង​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ឲ្យ​ដឹង​ដែរ​ថា ដី​នោះ​ស្ថិត​នៅ​ជាប់​នឹង​ដី​សាលា​ឃុំ ជាប់​របង​វត្ត​ទឹកជ្រៅ ជាប់​មណ្ឌល​សុខភាព និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជាដើម៖ «បាទ! អត់​មាន​បាន​ប្រជុំ​ទេ គាត់​ធ្វើ​តាម​តែ​អំពើ​ចិត្ត​គាត់។ គាត់​អត់​មាន​បាន​ប្រជុំ​ពិភាក្សា​គ្នា​ទេ»។

ជំទប់​ទី​២ ឃុំ​ដដែល​យល់​ថា ប្រសិន​បើ​ដី​នេះ​រក្សា​ទុក​ជា​ដី​រួម​ដដែល គឺ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ ដូចជា​អាច​មាន​ទីធ្លា​សម្រាប់​ធ្វើ​បុណ្យ​ទាន​ម្តងៗ ហើយ​អាច​រក្សា​ទុក​ជា​កន្លែង​រក្សា​ទ្រព្យ​សម្បត្តិ​រួម​របស់​អ្នក​ស្រុក​ទៀត​ផង។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ទឹកជ្រៅ លោក ឈិត ឈុន មាន​ប្រសាសន៍​ថា ដី​នោះ គឺ​គណៈកម្មការ​វត្ត និង​ព្រះចៅ​អធិការ​វត្ត​ទឹកជ្រៅ បាន​សម្រេច​ប្រគល់​ឲ្យ​គណបក្ស​តាំង​ពី​ឆ្នាំ​១៩៩៦ មក ប៉ុន្តែ​ជំនាន់​នោះ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មូលដ្ឋាន​មិន​មាន​លទ្ធភាព​កសាង​អ្វី​បាន។ លោក​ថា ទើប​តែ​ថ្មីៗ​នេះ ខាង​លោក​មាន​លទ្ធភាព​កសាង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឡើង ហើយ​ការ​កសាង​កន្លង​ទៅ គឺ​សម្រេច​បាន​ប្រមាណ ៧០​ភាគរយ​ហើយ៖ «ដី​ហ្នឹង​ខ្ញុំ​បាន​ប្រកូក​ប្រកាស​ថា​ទុក​សម្រាប់​ធ្វើ​ស្នាក់ការ​គណបក្ស​ទាំងអស់​ផ្តុំ​ហ្នឹង។ អា​ទទឹង ២៥​ម៉ែត្រ​បណ្តោយ ៤០​ម៉ែត្រ​ហ្នុង»។

លោក​បន្ត​ថា ពលរដ្ឋ​ភាគច្រើន​គេ​មិន​ជំទាស់​ទៅ​នឹង​ការ​សាងសង់​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ ប៉ុន្តែ​មាន​បក្ស​ប្រឆាំង​មួយ​ចំនួន​តូច​ដែល​ជំទាស់​បញ្ហា​នេះ។ យ៉ាង​នេះ​ក្តី លោក​ថា​ដំណើរ​ការ​កសាង​មន្ទីរ​បក្ស​នៅ​តែ​បន្ត​ដដែល។

មន្ត្រី​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក វ៉ន សេងធុយ បញ្ជាក់​ថា តាម​ច្បាប់ ដី​សាធារណៈ​របស់​រដ្ឋ គឺ​គ្មាន​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ​អាច​ចាត់ចែង ឬ​លក់​ដូរ​បាន​ទេ ប្រសិន​បើ​គ្មាន​ការ​ធ្វើ​អនុប្រយោគ​ពី​រដ្ឋ​ជា​មុន​នោះ។ លោក​បន្ថែម​ទៀត​ថា ប្រសិន​បើ​ដី​នោះ​ជា​កម្មសិទ្ធិ​របស់​វត្ត គឺ​គណៈកម្មការ​វត្ត និង​ចៅ​អធិការ​វត្ត​អាច​ចាត់ចែង​បាន ប៉ុន្តែ​បើ​ជា​ដី​សាធារណៈ​របស់​រដ្ឋ គឺ​មិន​អាច​មាន​អ្នក​ចាត់ចែង​បាន​ឡើយ។ លោក​អះអាង​ថា ប្រជាពលរដ្ឋ ព្រម​ទាំង​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​អាជ្ញាធរ​ឃុំ​ពេល​នេះ ពួក​គេ​អាច​ប្ដឹង​ទៅ​អាជ្ញាធរ​ស្រុក ឬ​ខេត្ត ហើយ​ក៏​អាច​តវ៉ា​ដល់​ក្រសួង​ពាក់ព័ន្ធ​បាន​ថែម​ទៀត​ផង៕

No comments:

Post a Comment