Tuesday, November 29, 2016

សង្គម​ស៊ីវិល​ទទូច​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ចំពោះ​បទល្មើស​រំលោភ​សេពសន្ថវៈ

នារី​ដែល​អះអាង​ថា ជា​ជន​រងគ្រោះ​ក្នុង​រឿង​ចាប់​រំលោភ​ពី​សំណាក់​លោក អធិការ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ទទួល​ការ​ប្រឹក្សា​ផ្លូវ​ច្បាប់​ពី​មន្ត្រី​សមាគម​អាដហុក (Adhoc) ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Chin Chetha

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី និង​កុមារ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​របាយការណ៍​បច្ចុប្បន្ន​ភាព​ឆ្នាំ​២០១៦ ស្តី​អំពី​ការ​រួច​ខ្លួន​ពី​បទល្មើស​រំលោភ​សេពសន្ថវៈ​នៅ​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​ស្ត្រី និង​កុមារ នៃ​អង្គការ​លីកាដូ កញ្ញា ណាប់ សុម៉ាលី បញ្ជាក់​ថា ការ​ផ្ដន្ទាទោស​លើ​សំណុំ​រឿង​រំលោភ​សេពសន្ថវៈ​មាន​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​ជា​លក្ខណៈ​ប្រព័ន្ធ ហើយ​ដែល​បញ្ហា​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ។ អ្នកស្រី​បញ្ជាក់​ថា នេះ​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន ដូចជា​ការ​ប្រើប្រាស់​ប្រាក់​សំណង​ដើម្បី​ដោះស្រាយ​បញ្ចប់​រឿង​ក្តី ការ​រីក​រាលដាល​នៃ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​នគរបាល និង​តុលាការ ចៅក្រម​នៅ​ខ្វះ​ការ​យល់​ដឹង​អំពី​ការ​អនុវត្ត​ច្បាប់ និង​អាកប្បកិរិយា​រើសអើង​ចំពោះ​ស្ត្រី​ភេទ។

កញ្ញា ណាប់ សុម៉ាលី បន្ត​ថា៖ «ជាង ៥០​ភាគរយ គឺ​កុមារ​អាយុ​ចន្លោះ​ពី ១២​ឆ្នាំ​ទៅ ១៧​ឆ្នាំ ដែល​ងាយ​រងគ្រោះ​ដោយសារ​ការ​រំលោភ​សេពសន្ថវៈ​នៅ​ការិយាល័យ​ដែល​លីកាដូ​ទទួល​បាន។ បើ​សិន​ជា​ការ​រំលោភ​សេពសន្ថវៈ​នៅ​តែ​កើត​មាន​ឡើង ហើយ​អាជ្ញាធរ និង​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ទេ ខ្ញុំ​យល់​ថា​វា​នឹង​ក្លាយ​ជា​ហានិភ័យ​មួយ ដោយសារ​តែ​ស្ត្រី និង​កុមារ​នៅ​កម្ពុជា ស្ថិត​នៅ​ក្នុង​និទ្ទណ្ឌភាព​មួយ​ដោយសារ​តែ​ជន​ល្មើស​អាច​ប្រើប្រាស់​លុយ ដើម្បី​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ និង​ការ​ប្រើប្រាស់​លុយ​ដើម្បី​គេច​ពី​សំណាញ់​ច្បាប់​ដែរ»។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ បាន​នៅ​ឡើយ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​រឿង​នេះ។

កាល​ពី​ឆ្នាំ​២០១៥ អង្គការ​លីកាដូ បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​រំលោភ​សេពសន្ថវៈ និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ចំនួន​ជិត ៣០០​ករណី (២៨២​ករណី) ដែល​ក្នុង​នោះ​មាន ១២៥​ករណី ត្រូវ​បាន​បិទ​បញ្ចប់ និង ១៥៧​ករណី​ផ្សេង​ទៀត​នៅ​បើក​បន្ត។ ក្នុង​ចំណោម​សំណុំ​រឿង​ដែល​នៅ​បើក​បន្ត​មាន​ជិត ៤០​ករណី (៣៨​ករណី) ត្រូវ​បាន​ចុះ​កាលបរិច្ឆេទ​តាំង​ពី​ត្រី​មាស​ទី​១ នៃ​ឆ្នាំ​២០១៥ ដែល​នេះ​មាន​ន័យ​ថា សំណុំ​រឿង​ទាំងនោះ​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ​រយៈពេល​ជិត ២​ឆ្នាំ​កន្លង​ទៅ​នេះ។

អង្គការ​លីកាដូ ចាត់​ទុក​ការ​មិន​អើពើ​ដោះស្រាយ​បញ្ហា​នេះ ថា​ជា​ការ​រួម​ចំណែក និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រំលោភ​សេពសន្ថវៈ​ជា​បន្ត​ទៀត ហើយ​ថា​វប្បធម៌​និទ្ទណ្ឌភាព​ចំពោះ​ជន​ប្រព្រឹត្តិ​បទល្មើស​បែប​នេះ នឹង​បង្ក​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សុវត្ថិភាព​ស្ត្រី និង​កុមារ៕

No comments:

Post a Comment