អ្វីដែលទំនងជាការសន្ទនាឆ្លើយឆ្លងគ្នាដែលបែកធ្លាយរវាង កញ្ញា ធី សុវណ្ណថា អតីតសកម្មជនគណបក្សប្រឆាំងដែលចេះដឹងច្រើនអំពីបណ្តាញទំនាក់ទំនងសង្គម និង កូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសផ្សេងៗទៀតរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហាញអំពីអ្នកទាំងពីរពិភាក្សាពីផែនការរៀបចំការតវ៉ាប្រឆាំងនឹងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។
ការទម្លាយលក្ខណៈអនាមិកនេះ ដែលត្រូវបានបង្ហោះជាវីដេអូរយៈពេល២២នាទីក្នុងគេហទំព័រយូធ្យូបកាលពីថ្ងៃអាទិត្យ គឺជាសំណាងអាក្រក់ដែលមិនសមនឹងកើតមានចំពោះក្រុមប្រឆាំងនឹងគណបក្សប្រឆាំង ដែលបានឆ្លៀតឱកាសទាញប្រយោជន៍ពីខ្សែអាត់សំឡេងដែលបែកធ្លាយកាលពីខែមីនាស្តីពីការសន្ទនាដែលគេអះអាងថា រវាងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងនិងស្រីកំណាន់ម្នាក់ដែលគេចោទថា ជារបស់លោក។
ការឆ្លើយឆ្លងគ្នាតាមហ្វេសប៊ុកដែលទើបតែបែកធ្លាយនេះ ដែលមានភ័ស្តុតាងបង្ហាញថា រវាងកញ្ញា ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត កូនប្រុសទីពីររបស់លោកនាយករដ្ឋមន្ត្រី ដែលជាឧត្តមសេនីយ៍ទោនៅក្នុងជួរកងទ័ពនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃកងយោធពលខេមរភូមិន្ទ គឺជាការសន្ទនាតាំងពីខែតុលាឆ្នាំមកម្លេ៉ះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ការសន្ទនាឆ្លើយឆ្លងគ្នានេះគឺពិត ប៉ុន្តែបានបន្ទោសការបែកឆ្លាយនេះលើអ្នកដែលហ៊ែកទូរស័ព្ទ បន្ទាប់ពីលោក ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត បានលក់វាចោល។
កញ្ញា ធី សុវណ្ណថា ធ្លាប់ជាអ្នកជួយគាំទ្រជ្រោមជ្រែងគណបក្សសង្គ្រោះជាតិដ៏ស្មោះស្ម័គ្រ ដោយមានអ្នកគាំទ្រតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើន ប៉ុន្តែបានរងការចោទប្រកាន់ថា ជាចារកម្មរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនៅក្នុងឆ្នាំ២០១៤ ហើយទីបំផុតបានបំបែកខ្លួនចេញពីគណបក្សប្រឆាំងនេះកាលពីខែមីនា ពេលដែលខ្សែអាត់សំឡេងដែលគេអះអាងថា រវាងលោក កឹម សុខា និងស្រីកំណាន់របស់លោកត្រូវបានបង្ហោះយ៉ាងព្រោងព្រាតតាមអុីនធឺណិត។នាងបានប្តូរបក្សភ្លាមៗ ហើយបានចាប់ផ្តើមវាយប្រហារលើគណបក្សសង្គ្រោះជាតិ ដោយផ្តោតកំហឹងរបស់នាងលើរឿងស្នេហាលួចលាក់របស់លោក កឹម សុខា។
វីដេអូក្នុងគេហទំព័រយូធ្យូបបានអូសចុះមកក្រោមម្តងបន្តិចៗនូវការសន្ទនាឆ្លើយឆ្លងគ្នាដែលបង្ហាញយ៉ាងច្បាស់ថា រវាង កញ្ញា ធី សុវណ្ណថា អាយុជាង២០ ឆ្នាំ និង លោក ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត ដោយប្រើភាសាលាយឡំគ្នា ទាំងអង់គ្លេសនិងខ្មែរ ព្រមទាំងមានសារ រូបភាព និងសារជាសំឡេងអមដោយរូបតុក្កតា។
នៅក្នុងការឆ្លើយឆ្លងគ្នាកាលពីថ្ងៃទី២៧ ខែមីនា គឺនិយាយអំពីផែនការរៀបចំការហែក្បួនរបស់នាងដើម្បីដាក់សម្ពាធឲ្យលោក កឹម សុខា ឆ្លើយសារភាពពីរឿងស្នេហាលួចលាក់ ដែលលោកបានដិសេធរហូតមកទល់ពេលនេះ និងការស្នើសុំជំនួយពីក្រុមយុវជនរបស់នាង។
នាងបានសេរសេរថា “បងនិត ថ្ងៃអង្គារម៉ោងពីររសៀល ខ្ញុំហែក្បួនពី UNទៅបក្សសង្គ្រោះជាតិ ចេញពីសង្គ្រោះជាតិទៅផ្ទះ កឹម សុខា និងសុំកម្លាំងយុវជនបង៥០នាក់ជិះម៉ូតូហែក្បួន”។
ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត បានឆ្លើយតបថា “បងអត់ឲ្យពួកគាត់ចូលរួមទេ។ កុំលាក់កម្លាំងអី ថា យកកម្លាំងយុវជនរបស់ ថា ចេញមកប្រើសិនទៅ ដើម្បីបង្ហាញអំពីឆន្ទៈរបស់ពួកគាត់លើការងារនេះ។ មិនចង់ឲ្យបែកការទេ កម្លាំងបងរក្សាទុកទាល់តែពេលចំាបាច់បានប្រើគាត់”។
ពីរថ្ងៃក្រោយមក នៅថ្ងៃទី ២៩ ខែ មីនា កញ្ញា ធី សុវណ្ណថា បានផ្ញើរូបភាពស្តីពីអ្នកហែក្បួននៅខាងក្រៅរដ្ឋសភា ហើយលោក ហ៊ុន ម៉ានិត បានឆ្លើយថា “ហា ហា …អបអរសាទរ!”។
នៅថ្ងៃដដែលនោះ កញ្ញា ធីសុវណ្ណថា បានសួរថា ”កំពុងរកនឹកវិធីញ៉ោះគេទៀត បងនិតមានគំនិតអីទេ?”។ លោក ហ៊ុន ម៉ានិត បានឆ្លើយដោយប្រើរូបតុក្កតាសេើច។
កញ្ញា ធី សុវណ្ណថា មិនអាចទាក់ទងតាមទូរស័ព្ទបានទេ។ ទាំងនាងនិងលោក ហ៊ុន ម៉ានិត សុទ្ធតែមិនឆ្លើយតបនឹងសំណើសុំការបំភ្លឺតាមហ្វេសប៊ុក។
នៅក្នុងការបង្ហោះមុនៗនោះ អ្នកទាំងពីរបានឆ្លើយឆ្លង ដោយពិភាក្សាអំពីរឿងផ្ទះ រថយន្តដែលជាកម្មសិទ្ធិរបស់កញ្ញា ធី សុវណ្ណថា និងដល់ចំណុចមួយ និយាយអំពីរឿងធ្វើច្រមុះរបស់នាង។
នាងបាននិយាយថា “ខ្ញុំទើបតែធ្វើច្រមុះរួច មិនទាន់ស្អាតទេ មិនអាចជួបពូបានទេ ចាំពីរខែទៀត”។
លោក ហ៊ុន ម៉ានិត បានឆ្លើយតបថា “អឺទៅធ្វើច្រមុះធើអី ច្រមុះយើងគ្រប់គ្រាន់ហើយតើ ទៅធើច្រមុះធើអី មិនព្រមទុកឲ្យធម្មជាតិទៅ”។
លោក សុខ ឥសាន បានលើកឡើងកាលពីម្សិលមិញថា សំឡេងរបស់បុរសនៅក្នុងសារជាសំឡេង ពិតជាដូចសំឡេង ឧត្តសេនីយ៍ទោ ហ៊ុន ម៉ានិត ហើយថា ការបែកធ្លាយនេះទំនងជាចេញមកពីទូរស័ព្ទដែលលក់ចេញមួយគ្រឿង។
លោកបានមានប្រសាសន៍ទាក់ទិននឹងការសន្ទនាឆ្លើយឆ្លងជាមួយកញ្ញា ធី សុវណ្ណថា ថា “ខ្ញុំគិតថា វាជាសំឡេងរបស់គាត់។ ទូរស័ព្ទរបស់គាត់បានលក់ជាយូរមកហើយ ហើយគេបានដោនឡូដ រួចធ្វើឲ្យវាបែកធ្លាយ។វាគ្រាន់តែជាការសន្ទនាឆ្លើយឆ្លងធម្មតាតើ ម៉េចក៏ចំបាច់យកចិត្តទុកដាក់ពីរឿងនេះមេ៉ះ”
No comments:
Post a Comment