អាជ្ញាធរពាក់ព័ន្ធពីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រួមនឹងអាជ្ញាធរមូលដ្ឋាននៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ចុះពិនិត្យទីតាំងកែច្នៃវល្លិរមៀតមួយកន្លែងនៅឃុំឫស្សីជ្រំ ស្រុកថ្មបាំង ខេត្តកោះកុង។ ការចុះពិនិត្យនេះ ក្រោយពីក្រសួងបរិស្ថាន កាលល្ងាចពីថ្ងៃទី២៤ ខែវិច្ឆិកា បានបញ្ជាឲ្យផ្អាកទីតាំងកែច្នៃនោះជាបន្ទាន់។
ទោះយ៉ាងណាក៏ដោយ មន្ត្រីអាជ្ញាធរដែលចុះទៅទីតាំងនោះផ្ទាល់ ពុំបានឆ្លើយសំណួររបស់អាស៊ីសេរី ថាតើអាជ្ញាធរមានវិធានការយ៉ាងណាចំពោះជនជាតិចិន មួយក្រុមដែលជាម្ចាស់ទីតាំងកែច្នៃវល្លិរមៀត ស្ថិតនៅក្រោយសាលាស្រុកថ្មបាំង នេះនៅឡើយ។
លិខិតរបស់ក្រសួងបរិស្ថានបញ្ជាក់ថា ក្រសួងបានរកឃើញការសាងសង់ទីតាំងកែច្នៃ និងគម្រោងប្រមូលវល្លិរមៀត នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តនេះ ដោយក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន ជីនយ័ន ហ្វីងលាន ត្រេដីង (Jinyian Huanglian Trading) និងក្រុមហ៊ុន ឆៃ ជីងហ៊ង គ្រុប (Chhay Ching Heang Group)។
ប្រជាពលរដ្ឋដែលរស់នៅទីតាំងនោះ សុទ្ធតែបានដឹងពីការរៀបចំទីតាំងផលិត និងកែច្នៃវល្លិរមៀតនេះ។ ពលរដ្ឋទាំងនោះ ហាក់មិនហ៊ានបញ្ចេញព័ត៌មានទាក់ទិនអាជីវកម្មនោះទេ ដោយគ្រាន់តែអោយអាស៊ីសេរី ដឹងថា ទីតាំងដែលអាជ្ញាធរទើបចុះទៅពិនិត្យនេះជារបស់ក្រុមហ៊ុនចិន ដែលទើបនឹងរៀបចំបង្កើតថ្មីៗ ប្រមាណជាង ១ខែប៉ុណ្ណោះ។
ពលរដ្ឋមួយរូបថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញអត្តសញ្ញាណបានអោយអាស៊ីសេរី ដឹងថា អាជ្ញាធរស្រុក ពិតជាបានដឹងពីការរៀបចំទីតាំង ត្រៀមនឹងផលិត និងកែច្នៃវល្លិរមៀតនេះមែន។ ប៉ុន្តែពលរដ្ឋនោះមិនបានដឹងថា ទីតាំងនោះបើកស្របច្បាប់ ឬយ៉ាងណានោះទេ ព្រោះគាត់មិនដែលបានចូលទៅទីតាំងនោះឡើយ ដោយទីតាំងនោះមានអ្នកយាម និងមិនអនុញ្ញាតអោយនរណាចូលឡើយ។
យោងតាមលិខិតសុំផ្អាករបស់ក្រសួងបរិស្ថានបញ្ជាក់ថា ការកែច្នៃវល្លិរមៀតជាអំពើផ្ទុយនឹងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ហើយការប្រមូល និងកែច្នៃវល្លិរមៀត និងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សង្គម ធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។
ទាក់ទងនឹងវល្លិរមៀតនេះដែរ កាលពីចុងខែមេសា ឆ្នាំ២០១២ ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវបានប៉េអឹមស៊ីឈ្នួលយាមក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) បាញ់សម្លាប់នៅស្រុកថ្មបាំង ខេត្តកោះកុង នៅពេលដែលលោក និងអ្នកកាសែតពីរនាក់ ចុះទៅថតគំនរវល្លិរមៀតក្នុងបរិវេណក្រុមហ៊ុន។ ក្រុមហ៊ុន ធីមប៊ី ហ្គ្រីន នោះ ជារបស់ឧកញ៉ា ទ្រី ភាព ដែលជាមនុស្សស្និទ្ធនឹងលោក ហ៊ុន សែន និងជាអ្នកទទួលសិទ្ធិកាប់ព្រៃសម្អាតអាងទំនប់វារីអគ្គិសនីតាតៃ។
តាមព័ត៌មានស៊ើបអង្កេតមួយ ផលិតដោយម្ចាស់ជំនួយរបស់អង្គការការពារធនធានធម្មជាតិ បង្ហាញថា វល្លិរមៀតមានសារធាតុម្យ៉ាងដែលអាចផ្សំជាថ្នាំអំហ្វេតាមីន (Amphetamine) ឬថ្នាំញៀន។ព័ត៌មាននោះសន្និដ្ឋានថា លោក ឈុត វុទ្ធី ត្រូវបានសម្លាប់ ដោយសារតែលោកបើកកកាយបទល្មើសចម្រាញ់វល្លិរមៀត ឬប៉ះពាល់ដល់មូលដ្ឋានផលិត និងឈ្មួញអំហ្វេតាមីន នៅកម្ពុជា។ ដើម្បីចម្រាញ់វល្លិរមៀតបាន អ្នកចម្រាញ់ចាំបាច់ត្រូវមានឧបករណ៍ទំនើបៗ និងគ្រឿងផ្សំសំខាន់ៗមួយចំនួនទៀតរួមមាន អាស៊ីដ អំបិល និងថ្នាំគីមី ជាដើម៕
No comments:
Post a Comment