Saturday, November 26, 2016
នាយករដ្ឋមន្ត្រីជំរុញស្ថាប័នពាក់ព័ន្ធឲ្យផ្ដល់អាទិភាពនិងសិទ្ធិអំណាចដល់ជនពិការ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញស្ថាប័នពាក់ព័ន្ធឲ្យផ្ដល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា។ ការលើកឡើងរបស់លោក ហ៊ុន សែន នៅមុនការប្រារព្ធទិវាជនពិការអន្តរជាតិ នៅថ្ងៃទី៣ ខែធ្នូ ខាងមុខ។
ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ទិវាជនពិការអន្តរជាតិ និងខួបលើកទី១៨ ទិវាជនពិការកម្ពុជា សម្រាប់ឆ្នាំ២០១៦ នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ផ្ដល់អាទិភាពនិងសិទ្ធិអំណាចដល់ជនពិការក្នុងគ្រប់វិស័យដើម្បីសង្គមមួយគ្មានពិការភាព»។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ ធ្វើឡើងនៅក្នុងសារាចរណែនាំស្ដីពីការចាត់តាំងខួបលើកទី៣៤ ទិវាជនពិការអន្តរជាតិ និងខួបលើកទី១៨ ទិវាជនពិការកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍តាមសារាចរណែនាំនេះថា កម្ពុជានឹងប្រារព្ធទិវាជនពិការនេះឡើង ដើម្បីរំលឹកដល់ការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់ជនពិការ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើវិស័យពិការភាព ជាពិសេសសុខុមាលភាពរបស់ជនពិការកម្ពុជា ស្របតាមអនុសញ្ញាស្ដីពីសិទ្ធិជនពិការទសវត្សជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រជាតិស្ដីពីពិការភាពឆ្នាំ២០១៤-២០១៨។
នៅក្នុងសារាចរណែនាំដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំទៅកាន់ក្រសួងពាក់ព័ន្ធឲ្យប្រារព្ធកម្មពិធីអបអរទិវានេះ ព្រមទាំងផ្សព្វផ្សាយ និងសរសេរពាក្យស្លោក ធ្វើយ៉ាងណាផ្ដល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការក្នុងគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព ពិសេសកាត់បន្ថយភាពក្រីក្ររបស់ជនពិការតាមរយៈការផ្ដល់ឱកាសការងារស្មើគ្នា។
ទាក់ទិននឹងការជំរុញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញលើកកម្ពស់សិទ្ធិជនពិការនៅពេលនេះ ត្រូវបាននាយកអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន បង្ហាញការគាំទ្រចំពោះការលើកឡើងនេះ ប៉ុន្តែលោកថា សព្វថ្ងៃនេះជនពិការកម្ពុជា នៅតែមិនទាន់មានសិទ្ធិដូចពលរដ្ឋដទៃទៀតទេ។ លោកថា ស្ថានភាពរស់នៅរបស់ជនពិការកម្ពុជា មានភាពក្រខ្សត់ និងទុរភិក្ស។
លោក ងិន សៅរ័ត្ន បានជំរុញឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធឲ្យបន្តជួយគិតគូរពីជីវភាពរស់នៅ និងសិទ្ធិជនពិការឲ្យបានច្រើនថែមទៀត៖ «»។
ទោះជាយ៉ាងណា សង្គមស៊ីវិល និងតំណាងជនពិការនៅតែយល់ថា ទោះជាសិទ្ធិជនពិការមានចែងនៅក្នុងមាត្រា១ នៃសេចក្ដីប្រកាសជាសកលឆ្នាំ១៩៤៨ របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្ស ហើយប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន តែងជំរុញឲ្យលើកកម្ពស់សិទ្ធិជនពិការក្តី ផ្ទុយទៅវិញ ជនពិការកម្ពុជា នៅតែមិនទាន់ទទួលបានសិទ្ធិឱកាសស្មើគ្នាដូចមនុស្សទូទៅនៅឡើយ។
បន្ថែមលើនេះ សង្គមស៊ីវិល និងជនពិការ ក៏ស្នើឲ្យរដ្ឋាភិបាលបន្តអនុវត្តច្បាប់ជនពិការ និងអនុសញ្ញាសិទ្ធិជនពិការ ដើម្បីធានានូវសិទ្ធិ និងការរស់នៅរបស់ជនពិការឲ្យមានសេចក្ដីថ្លៃថ្នូរ និងស្មើភាពគ្នាក្នុងសង្គម៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment