Tuesday, November 22, 2016

ពលរដ្ឋ​ថា​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​បន្ត​កើត​មាន​ក្នុង​ក្រុង​ព្រះសីហនុ

ពលរដ្ឋ​ថា​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​បន្ត​កើត​មាន​ក្នុង​ក្រុង​ព្រះសីហនុ

ល្បែង​ជល់​មាន់​នៅ​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo Provided


អាណាព្យាបាល​សិស្ស​នៅ​ខេត្ត​ព្រះសីហនុ អះអាង​ថា ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​បន្ត​ធ្វើ​សកម្មភាព​នា​មូលដ្ឋាន​នេះ ទោះ​បី​ជា​ស្នងការ​នគរបាល​ខេត្ត ចេញ​លិខិត​ព្រមាន​ដល់​សមត្ថកិច្ច​ជំនាញ​ក្រោម​ឱវាទ​តាម​មូលដ្ឋាន ឲ្យ​លុបបំបាត់​បទល្មើស​ល្បែង​ស៊ី​សង​ជា​បន្តបន្ទាប់​បែប​ណា​ក្តី។

បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​មួយ​ចំនួន បាន​រិះគន់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ ថា​ទំនង​ជា​អ្នក​បើក​ដៃ ឬ​ឈរ​នៅ​ពី​ក្រោយ​បទល្មើស​ល្បែង​ស៊ី​សង​ទាំងនោះ ទើប​ឈ្មួញ​ល្មើស​អាច​បើក​ល្បែង​ស៊ី​សង​ទាំងនោះ​បាន​ដោយ​រលូន និង​គ្មាន​សកម្មភាព​ចុះ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព។

សាធារណជន​ទូទៅ មាន​មន្ត្រី​សង្គម​ស៊ីវិល និង​អាណាព្យាបាល​សិស្ស ផ្តល់​សម្ភាស​ឲ្យ​អាស៊ីសេរី ដឹង​ថា បទល្មើស​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ មាន​ឆ្នោត ឬ​កន្ទុយ​លេខ ភ្នាល់​បាល់ និង​ជល់​មាន់​ជាដើម បាន​បន្ត​បើក​ធ្វើ​អាជីវកម្ម​ជា​ធម្មតា​នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ណា​មួយ​ចេញ​មុខ​បង្ក្រាប​ទេ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ចង់​ឃើញ​កម្លាំង​នគរបាល និង​កម្លាំង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ដទៃ​ទៀត ចុះ​បង្ក្រាប​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​ដែល​ធ្វើ​សកម្មភាព​យូរ​ឆ្នាំ ហើយ​គ្មាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​កន្លង​ទៅ។

អ្នកស្រី សុធារី កត់​សម្គាល់​ថា បទល្មើស​ល្បែង​ស៊ី​សង​ដែល​បើក​ធ្វើ​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ កន្លង​ទៅ ពួក​គេ​ហាក់​មិន​ញញើត​នឹង​បទបញ្ជា​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​បាន​ក្រើន​រំឭក​ម្តង​ជា​ពីរ​ដង​ទៅ​ដល់​កម្លាំង​នគរបាល​នៅ​តាម​មូលដ្ឋាន​នានា ឲ្យ​បន្ត​អនុវត្ត​បទបញ្ជា​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ៖ «យើង​ដឹង​ស្រាប់​ហើយ​ល្បែង​ស៊ី​សង គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ខ្លាំង​ណាស់ ជាពិសេស​ល្បែង​ភ្នាល់​បាល់ៗ​នេះ បើ​តាម​ខ្ញុំ​ដឹង អ្នក​ដែល​លេង​ភ្នាល់​គ្រាប់​នេះ គឺ​មាន​លេង​ក្នុង​មួយ​គ្រាប់​រហូត​ដល់​រាប់​រយ​ដុល្លារ ហើយ​អ្នក​ដែល​ចាញ់​ល្បែង​ភ្នាល់​នេះ គឺ​បាន​ជំពាក់​បំណុល និង​លក់​អស់​ទ្រព្យ​សម្បត្តិ ហើយ​បើ​សិន​ជា​យុវជន​វិញ​មាន​បញ្ហា​រហូត​ដល់​ហ៊ាន​លួច​ទ្រព្យ​សម្បត្តិ​ឪពុក​ម្តាយ និង​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ថែម​ទៀត»។

 ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

យ៉ាង​នេះ​ក្តី អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​កត់​សម្គាល់​ថា សមត្ថកិច្ច​នគរបាល និង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជាដើម បាន​សហការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ច្រើន​ក្នុង​ឆ្នាំ​២០១៦ នេះ ប៉ុន្តែ​សម្រាប់​ល្បែង​ស៊ី​សង​មាន​ដូចជា​កន្ទុយ​លេខ ភ្នាល់​បាល់ និង​ជល់​មាន់​ជាដើម នៅ​តែ​បន្ត​កើត​មាន​អនាធិបតេយ្យ​នៅ​ទូទាំង​ក្រុង​ព្រះសីហនុ។

ឆ្លើយតប​បញ្ហា​នេះ លោក ភុល ភស្តារ អធិការ​នគរបាល​ក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​គ្រប់​ស្ថាប័ន​នៅ​មូលដ្ឋាន​នេះ ពិសេស​រដ្ឋបាល​ក្រុង​ព្រះសីហនុ ផ្ទាល់ បាន​កោះ​អញ្ជើញ​អ្នក​ជាប់​ពាក់ព័ន្ធ​ការ​ធ្វើ​អាជីវកម្ម​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ មាន​ល្បែង​ឆ្នោត ឬ​កន្ទុយ​លេខ និង​ល្បែង​ភ្នាល់​បាល់​ជាដើម មក​ជួប​ប្រជុំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ប្រកប​អាជីវកម្ម​បន្ត​ទៀត។

លោក ភុល ភស្តារ អះអាង​ថា មាន​ម្ចាស់​បើក​ធ្វើ​អាជីវកម្ម​ល្បែង​ស៊ី​សង​មួយ​ចំនួន បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ។ លោក​សង្កត់​ធ្ងន់​ថា នៅ​ថ្ងៃ​ខាង​មុខ​នេះ បើ​សិន​ជា​ម្ចាស់​អាជីវកម្ម​ល្បែង​ស៊ី​សង​ទាំងឡាយ​ណា​មិន​អនុវត្ត​តាម​កិច្ចសន្យា​បញ្ឈប់​ធ្វើ​អាជីវកម្ម​ល្បែង​ស៊ី​សង​របស់​ខ្លួន​ទេ កម្លាំង​ជំនាញ​ស្ថាប័ន​ចម្រុះ​នឹង​ចុះ​បង្ក្រាប ហើយ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៖ «មេ​គាត់​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដល់​គ្រប់​អធិការ​ក្រុង ស្រុក និង​គ្រប់​ប៉ុស្តិ៍​រដ្ឋបាល​តាម​ឃុំ-សង្កាត់​នានា ឲ្យ​បង្ក្រាប​បទល្មើស​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ និង​គ្រប់​ទីកន្លែង​មិន​លើកលែង​ទេ ហើយ​ខ្ញុំ​បាន​អនុវត្ត​ទៅ​តាម​បទបញ្ជា​នេះ​ជា​ប្រចាំ»។

យ៉ាង​នេះ​ក្តី អាណាព្យាបាល​ភាគច្រើន​នៅ​ខេត្ត​ព្រះសីហនុ បាន​ចំអក​ថា ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​មាន​ល្បែង​ភ្នាល់​បាល់ មាន​ទីតាំង​នៅ​ក្នុង​បរិវេណ​មហោស្រព​ចាស់ ដែល​ម្ចាស់​ទីតាំង​នេះ​អះអាង​ថា ពួក​គេ​មាន​ខ្នង​បង្អែក​ជាប់​សាច់ញាតិ​មន្ត្រី​មាន​ឋានៈ​ពាក់​ផ្កាយ កំពុង​បម្រើ​ការងារ​នៅ​ក្រសួង​មហាផ្ទៃ គឺ​នៅ​បន្ត​បើក​ធ្វើ​អាជីវកម្ម​ជា​ធម្មតា។

ជាង​នេះ​ទៀត ល្បែង​កន្ទុយ​លេខ ឬ​ឆ្នោត​ជាដើម បាន​ធ្វើ​សកម្មភាព​រីក​ដូច​ផ្សិត​នៅ​តាម​ហាង​កាហ្វេ​នានា ពិសេស​នៅ​តាម​ទីផ្សារ​នានា​នៅ​ទូទាំង​ក្រុង​ព្រះសីហនុ មាន​ផ្សារ​ពាណិជ្ជកម្ម និង​ផ្សារ​លើ​ជាដើម ដោយ​គ្មាន​សមត្ថកិច្ច​បង្ក្រាប​នោះ​ទេ​រហូត​មក​ដល់​ពេល​នេះ។

បញ្ហា​នេះ​ដែរ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ក៏​បាន​ព្រមាន​ចាត់​វិធានការ​ក្តៅ​ទៅ​លើ​មន្ត្រី​ក្រោម​ឱវាទ មាន​អធិការ​ក្រុង ស្រុក និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ-សង្កាត់​នានា​ដែល​ទុក​បណ្តោយ​ឲ្យ​មាន​សកម្មភាព​ចែកចាយ ឬ​ប្រើប្រាស់​គ្រឿង​ញៀន និង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​ខុស​ច្បាប់ បន្ត​ធ្វើ​សកម្មភាព​នៅ​ក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន។

លោក ជួន ណារិន្ទ សង្កត់​ធ្ងន់​ថា បើ​សិន​ជា​រូប​លោក​រក​ឃើញ​ថា នៅ​តាម​មូលដ្ឋាន​ណា​មួយ​ដែល​អធិការ​ក្រុង ស្រុក និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​តាម​ឃុំ-សង្កាត់​នានា ទុក​បណ្តោយ​ឲ្យ​មាន​បទល្មើស​គ្រឿង​ញៀន និង​ល្បែង​ស៊ី​សង​បន្ត​កើត​មាន​នៅ​តាម​មូលដ្ឋាន​នីមួយៗ ថ្នាក់​ដឹកនាំ​នៅ​តាម​មូលដ្ឋាន​ទាំងនោះ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ទៅ​លើ​វិន័យ​របស់​កម្លាំង​នគរបាល​ជាតិ។

ទាក់ទិន​បញ្ហា​នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ក្រើន​រំឭក​ដល់​កង​កម្លាំង​នគរបាល​ក្រោម​ឱវាទ​នៅ​តាម​រាជធានី-ខេត្ត​នានា​ជា​រឿយៗ ឲ្យ​បន្ត​រួម​សហការ​គ្នា​ចុះ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ ត្រូវ​ធ្វើ​សកម្មភាព​ឲ្យ​បាន​ជា​ប្រចាំ​ដូច​ភ្លៀង​រលឹម និង​មាន​ប្រសិទ្ធភាព៕

No comments:

Post a Comment