ស្ត្រីអូស្ត្រាលីម្នាក់និងជនជាតិខ្មែរពីរនាក់ជាប់ចោទពីបទរកស៊ីពពោះជំនួស
តុលាការបានចោទប្រកាន់ស្ត្រីជនជាតិអូស្ត្រាលី ម្នាក់ និងជនជាតិខ្មែរពីរនាក់ ពីបទប្រកបអាជីវកម្មពពោះជំនួស។ ការមានផ្ទៃពោះជំនួសនេះ ជាអំពើខុសច្បាប់ ដែលកម្ពុជា ហាមឃាត់កាលពីខែតុលា ដោយសារតែកម្ពុជា បានក្លាយទីកន្លែងពេញនិយមសម្រាប់មនុស្សដែលចង់បានកូនរកស្ត្រីឲ្យពពោះជំនួស។
លោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស ត្រូវបានទីភ្នាក់ងារព័ត៌មាន អេ.ភី (AP) ដកស្រង់សម្ដីថា អ្នកស្រី ថែមមី ដេវីស ឆាលស៍ (Tammy Davis-Charles) អាយុ ៤៩ឆ្នាំ ត្រូវតុលាការចោទប្រកាន់ដោយកំបាំងមុខ ដោយសារតែអ្នកស្រីមានជំងឺមិនអាចមកតុលាការបាន។ ចំណែកជនជាតិខ្មែរប្រុសស្រីពីរនាក់ទៀត ក៏ត្រូវបានតុលាការចាប់ឃុំខ្លួន និងចោទប្រកាន់ផងដែរ ពីបទក្លែងលិខិតស្នាម និងជួញដូរមនុស្ស។ សមត្ថកិច្ចបានឃាត់ជនសង្ស័យទាំងបីនាក់ កាលពីថ្ងៃសុក្រ ទី១៨ វិច្ឆិកា សប្ដាហ៍មុន។
ស្ត្រីជនជាតិអូស្ត្រាលី រូបនោះ ធ្លាប់បើករបរនេះនៅប្រទេសថៃ ហើយទើបតែបើកអាជីវកម្មរបៀបនេះនៅកម្ពុជា។ ជនសង្ស័យបានយកប្រាក់ប្រហែល ៥ម៉ឺនដុល្លារពីអ្នកចង់បានកូន ប៉ុន្តែឲ្យអ្នកពពោះចំនួនប្រហែល ១ម៉ឺនដុល្លារ ទៅ ១ម៉ឺន ២ពាន់ដុល្លារ។
លោក កែវ ធា ឲ្យដឹងទៀតថា ជនរងគ្រោះជាអ្នកមកពីជនបទ ត្រូវបានចាញ់បោកជនល្មើសឲ្យពពោះ។ សមត្ថកិច្ចរកឃើញថា ស្ត្រីស៊ីឈ្នួលពពោះបានសម្រាលកូនបាន ៦នាក់ ហើយស្ត្រី ២០នាក់ផ្សេងទៀតកំពុងមានទម្ងន់។
ក្រសួងសុខាភិបាល បានដាក់ចេញបម្រាមមួយនៅក្នុងខែតុលា ដោយហាមឃាត់ការមិនឲ្យប្រកបរបរពពោះជំនួសនេះ ប៉ុន្តែនៅមិនទាន់បានកំណត់ទោសឧក្រិដ្ឋដើម្បីផ្ដន្ទាទោសជនល្មើសនៅឡើយទេ។
ប្រទេសកម្ពុជា ក្លាយជាកន្លែងសម្រាប់របរពពោះជំនួសនេះ បន្ទាប់ពីប្រទេសឥណ្ឌា និងថៃ បិទរបរនេះជាផ្លូវការនៅឆ្នាំ២០១៥៕
No comments:
Post a Comment