Friday, November 4, 2016

អតីត​ស្ត្រី​បឹងកក់​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​ផ្ដាច់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា

ក្រុម​ស្ត្រី​បឹងកក់ តវ៉ា​ដាក់​ញត្តិ​នៅ​មុខ​សហគមន៍​អឺរ៉ុប ស្នើ​ឲ្យ​ស្ថាប័ន​​នេះ​ឈប់​ផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣ វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Rann Samnang



ក្រុម​អតីត​ស្ត្រី​បឹងកក់ ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នាំ​គ្នា​ប្រមូល​ផ្ដុំ​មុខ​សហភាព​អឺរ៉ុប ដាក់​ញត្តិ​ស្នើ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ឈប់​ផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល ព្រោះ​ពួកគេ​យល់​ថា ជា​ជំនួយ​ ដែល​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​ករណី​រំលោភ​សិទ្ធិមនុស្ស។ ស្រប​ពេល​គ្នា​នោះ អ្នក​បឹងកក់ នាំ​គ្នា​ទៅ​ខុទ្ទកាល័យ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ញត្តិ​ស្នើ​សុំ​ការ​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី ដើម្បី​ឲ្យ​តំណាង​របស់​ពួក​គេ​រួច​ផុត​ពី​ការ​ឃុំឃាំង។

ខណៈ​តំណាង​បី​នាក់​ចូល​ដាក់​ញត្តិ​នៅ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ក្រុម​អតីត​ស្ត្រី​បឹងកក់ ជា​ច្រើន​នាក់​ត្រូវ​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ រុញ​ច្រាន​មិន​ឲ្យ​ឈរ​នៅ​ក្បែរ​ចិញ្ចើម​ថ្នល់។ ការ​រុញ​ច្រាន​នេះ មិន​បាន​បង្ក​អោយ​មាន​ហិង្សា​ណា​មួយ​កើត​ឡើង​ទេ។

តំណាង​ក្រុម​ស្ត្រី​អតីត​អ្នក​បឹងកក់ ត្រូវ​គេ​បណ្ដេញ​ដោយ​បង្ខំ កញ្ញា អ៊ីម ស្រីទូច និយាយ​ថា ការ​ដាក់​នេះ គឺ​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប ឈប់​ផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ព្រោះ​ជំនួយ​នោះ​មិន​បាន​ជួយ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ផលវិបាក​កាន់​តែ​ច្រើន ជាពិសេស​បង្ក​ឲ្យ​​មាន​ករណី​រំលោភ​សិទ្ធិមនុស្ស​កាន់​តែ​ច្រើន​ឡើង៖ «អ៊ីចឹង​យើង​មក​ថ្ងៃ​នេះ យើង​មក​ដាក់​ញត្តិ ជូន​សហគមន៍​អឺរ៉ុប យើង​សង្ឃឹម​ថា សហគមន៍​អឺរ៉ុប នឹង​យល់​ពី​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​យើង បុរីកីឡា និង​បឹងកក់​នេះ​ហើយ។ អ៊ីចឹង​គោលបំណង​យើង​ធំ​បំផុត គឺ​យើង​ស្នើ​សុំ​ឲ្យ​សហគមន៍​អឺរ៉ុប ផ្ដាច់​ជំនួយ​គ្រប់​ប្រភេទ​មក​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្ទាន់»។
កញ្ញា អ៊ឹម ស្រីទូច ឲ្យ​ដឹង​ថា មន្ត្រី​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោកស្រី ជេណូវីវ៉ា ហើណាន់ដេស អ៊ូរីស ទទួល​ញត្តិ​ពួកគេ​ដោយ​ឆ្លើយ​តប​ថា នឹង​យក​ញត្តិ​នេះ​ទៅ​ពិចារណា។

ចំណែក​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ក្បែរ​ដើម​ពោធិ៍​វត្ត​បទុមវតី អ្នក​បឹងកក់ ប្រមាណ ២០​នាក់​ ដាក់​ញត្តិ​ជូន​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ករណី​អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ តំណាង​អ្នក​បឹងកក់ លោកស្រី បូវ សោភា និយាយ​ថា អ្នក​បឹងកក់ បាន​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​មក​ដល់​ពេល​នេះ​ ក៏​ដោយ​សារ​អនុក្រឹត្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ហេតុនេះ លោកស្រី​សង្ឃឹម​ថា កិច្ច​​អន្តរាគមន៍របស់​លោក ហ៊ុន សែន លើ​សំណើ​នេះ នឹង​ជួយ​ឲ្យ​អ្នក​ស្រី ទេព វន្នី បាន​រួចផុត​ការ​ជាប់​ឃុំ​ដែល​ចោទ​ប្រកាន់​ដោយ​អាជ្ញាធរ​ថ្នាក់​ក្រោម។

កញ្ញា អ៊ឹម ស្រីទូច៖ «ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុតមាំ​ថា ថ្ងៃ​នេះ​ជោគជ័យ​សម្រាប់​លោក​នាយករដ្ឋមន្ត្រី​ គឺ​ការ​ដោះស្រាយ​នៅ​តំបន់​បឹងកក់ ខ្ញុំ​ជឿ​ជាក់​អ៊ីចឹង បើ​សិន​ជា​ញត្តិ​ទៅ​ដល់​ដៃ​គាត់។ ខ្ញុំ​ជឿ​ជាក់​ថា វា​អត់​លាក់​បាំង​ដូច​កាល​ពី​មុន​បាន​ទៀត​ទេ ព្រោះ​ឥឡូវ​ហ្នឹង​គាត់​តាម​ដាន​ច្រើន​ណាស់ សូម្បី​តែ​អាស៊ីសេរី ក៏​គាត់​តាម​ដាន វីអូឌី ក៏​គាត់​តាម​ដាន អ៊ីចឹង​ខ្ញុំ​ជឿ​ជាក់​ថា លើក​នេះ មន្ត្រី​ថ្នាក់​ក្រោម​របស់​គាត់​មិន​អាច​កុហក​គាត់​បាន​តទៅ​ទៀត​ទេ។ មិន​អាច​យក​ស្នែង​ទៅ​បំពាក់​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ឲ្យ​ទៅ​ជា​មនុស្ស​ល្ងង់ ទៅ​តាម​មន្ត្រី​ថ្នាក់​ក្រោម​របស់​គាត់​បាន​ទេ។ ខ្ញុំ​ជឿ​ជាក់ ១០០‌%»។

លោក គង់ ចំរើន ជា​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ ចំពោះ​ញត្តិ​អ្នក​បឹងកក់។

ក្រៅ​ពី​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ រាល់​សប្ដាហ៍ អ្នក​បឹងកក់ ប្រកាស​ជំហរ​ថា ពួកគេ​នឹង​ធ្វើ​សកម្មភាព​តវ៉ា​ដោយ​សន្តិវិធី​ផ្សេង​ទៀត ដើម្បី​ទាមទារ​ដោះលែង អ្នកស្រី ទេព វន្នី រួម​ទាំង​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

No comments:

Post a Comment