មន្ត្រីរ៉ែខេត្តព្រះវិហារ២រូបត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនពីបទប្រព្រឹត្តិអំពើពុករលួយ
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្ដោះអាសន្នមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ២រូប ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ជុំវិញករណីប្រព្រឹត្តអំពើពុករលួយ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក វ៉េង ហ៊ត់ សម្រេចឃុំខ្លួនបណ្ដោះអាសន្នមន្រ្តីទាំង២នាក់នោះ នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ក្រោមបទចោទចំនួនពីរករណី។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងនៅថ្ងៃទី៣ វិច្ឆិកា ថា អ្នកទាំងពីរនេះ ត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក ងិន ពេជ ចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិតតាមមាត្រា ៦០១នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ប្រឆាំងអំពើពុករលួយ។
មន្ត្រីទាំងពីរនោះ ម្នាក់ជាប្រធានមន្ទីរ គឺលោក គង់ មករា ហើយម្នាក់ទៀតជាមន្ត្រីក្នុងមន្ទីរនោះដែរ គឺលោក នួន ផល្លី។
អ្នកទាំងពីរនេះ អាចនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ បើសិនជាចៅក្រមរកឃើញថាពួកគេប្រព្រឹត្តិដូចការចោទប្រកាន់តាមមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ សម្រាប់អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលគ្រប់គ្រងលិខិត ប័ណ្ណ មូលនិធិសាធារណៈ មូលនិធិឯកជន ឬវត្ថុអ្វីផ្សេងៗទៀត ដោយសារមុខងាររបស់ខ្លួន៕
No comments:
Post a Comment