សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំពីបទក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីពាក់កណ្ដាលខែសីហាឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះឯកសារមួយស្ដីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមនៅលើទំព័រ Facebook របស់លោក សម រង្ស៉ី ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាជាឯកសារក្លែងក្លាយ។
ភ្នំពេញ — សាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃច័ន្ទនេះ បានសម្រេចផ្ដន្ទាទោសលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលមានសញ្ជាតិបារាំងឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ចំពោះបទល្មើសចំនួនបីពាក់ព័ន្ធនឹងការក្លែងឯកសារសាធារណៈ។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីពាក់កណ្ដាលខែសីហាឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះឯកសារមួយស្ដីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមនៅលើទំព័រ Facebook របស់លោក សម រង្ស៊ី ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាជាឯកសារក្លែងក្លាយ។
ការចាប់ខ្លួនលោក ហុង សុខហួរ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួន ដោយចោទថា លោក ហុង សុខហួរ បានក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ថាជាសន្ធិសញ្ញារំលាយព្រំដែនរវាងប្រទេសទាំងពីរ។
នារសៀលថ្ងៃទី៧ ខែវិច្ឆិកានេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានប្រកាសសាលក្រមសម្រេចដាក់ទោសលោក ហុង សុខហួរ ឲ្យជាប់ពន្ធនាគារចំនួន៧ឆ្នាំដោយមិនមានប្រាក់ពិន័យ ខណៈពេលការប្រកាសនោះមិនមានវត្តមានជនជាប់ចោទ និងក្រុមមេធាវី។
តុលាការចោទប្រកាន់ លោក ហុង សុខហួរ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ចំនួនបីបទល្មើស គឺបទក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការឲ្យដឹងពីលោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក ហុង សុខហួរ។
លោក ជួង ជូងី ប្រាប់ VOA ថា តុលាការសម្រេចសាលក្រមកាត់ទោសកូនក្ដីរបស់លោកដោយអយុត្តិធម៌ ដោយសារក្នុងពេលសវនាការកន្លងមក តុលាការមិនបានប្រើប្រាស់អ្នកជំនាញ និងភស្តុតាងផ្សេងៗដែលពាក់ព័ន្ធនឹងសំណុំរឿងកូនក្តីលោកមកស៊ើបអង្កេត។
«លទ្ធផលចោទកូនក្តីខ្ញុំថាក្លែងសន្ធិសញ្ញា ប៉ុន្តែអត់យកអ្នកណាដែលមានចំណេះដឹងគួរសមផ្នែកសន្ធិសញ្ញាមកបំភ្លឺនៅតុលាការ ហើយចោទកូនក្ដីខ្ញុំថាប្រព្រឹត្តបទល្មើសតាមអ៊ីនធឺណិត ប៉ុន្តែអត់បានភ្ជាប់អ៊ីនធឺណិតក្នុងពេលស៊ើបអង្កេត ហើយក៏ដូចពេលសវនាការ។ អញ្ចឹងការកាត់ក្ដីហ្នឹង អត់អាចផ្ដល់យុត្តិធម៌ឲ្យលោក ហុង សុខហួរ បានទេ»។
លោក ជូង ជូងី បន្ថែមថា លោកនឹងពិភាក្សាជាមួយកូនក្តីរបស់លោកដើម្បីប្ដឹងមិនសុខចិត្តទៅសាលាឧទ្ធរណ៍ជាបន្ត។
VOA មិនអាចទាក់ទងសុំការបំភ្លឺពីលោកចៅក្រម រស់ ពិសិដ្ឋ បានទេនៅថ្ងៃច័ន្ទនេះ។
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ប្រាប់ VOA ថាសវនាការលើ លោក ហុង សុខហួរ កន្លងមក មានភាពខ្វះចន្លោះពាក់ព័ន្ធនឹងការបង្ហាញភស្តុតាងដើម្បីដោះបន្ទុក ដែលជាហេតុធ្វើឲ្យសាធារណៈមតិយល់ឃើញថា ការចោទប្រកាន់ និងការកាត់ទោសលើលោក ហុង សុខហួរ មិនមានភាពយុត្តិធម៌។
«វានៅត្រង់មួយដែលចៅក្រមគាត់បដិសេធក្នុងការបង្ហាញនូវភស្តុតាងដោះបន្ទុករបស់មេធាវីរបស់ឯកឧត្តម ហុង សុខហួរ តាមផ្លូវច្បាប់ វាត្រូវតែអនុញ្ញាតដើម្បីឲ្យមានការបង្ហាញភស្តុតាងដោះបន្ទុក និងដាក់បន្ទុក ដើម្បីឲ្យចៅក្រមលោកពិចារណាឲ្យបានច្បាស់លាស់ ហើយនិងសម្រេចលើសាលក្រមមួយវាមានភាពយុត្តិធម៌។ អញ្ចឹងឲ្យវាមានការទទួលយកបានទាំងអស់គ្នា។ បើសិនជាមេធាវីមិនបានបង្ហាញនូវភស្តុតាងដោះបន្ទុកណាមួយគ្រប់គ្រាន់ទេ អាហ្នឹងភាពខ្វះចន្លោះនៃភាពយុត្តិធម៌ វាត្រូវបានបាត់ទៅតាមហ្នឹងដែរ»។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ហើយ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនលោក តាំងពីពេលនោះមក។ សាលាឧទ្ធរណ៍ និងតុលាការកំពូលក៏បានច្រានចោលការស្នើសុំឲ្យស្ថិតនៅក្រៅឃុំរបស់សមាជិកព្រឹទ្ធសភារូបនេះកាលពីខែមីនា ឆ្នាំ២០១៦កន្លងទៅដែរ៕
No comments:
Post a Comment