Monday, November 7, 2016

លោក ហ៊ុន សែន ថា​បញ្ហា​ពលករ​ចំណាក​ស្រុក​មិន​មែន​មាន​តែ​ពលរដ្ឋ​កម្ពុជា​ទេ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា បញ្ហា​ចំណាក​ស្រុក​មិន​មែន​តែ​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ពោល​គឺ​ប្រជាពលរដ្ឋ​ប្រទេស​ដទៃ​ក៏​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដែរ។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​ប្រតិកម្ម​ចំពោះ​អ្នក​ឌឺដង ឬ​អ្នក​ផ្លែផ្កា​ដាក់​ឲ្យ​លោក​ថា ការ​អំពាវនាវ​របស់​មេ​ដឹកនាំ​ភូមា ឲ្យ​ពលករ​របស់​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​នោះ មិន​មាន​ប្រសិទ្ធភាព​ឡើយ។ រីឯ​សង្គម​ស៊ីវិល ថា កម្ពុជា មិន​គួរ​ប្រៀបធៀប​ជាមួយ​ប្រទេស​ភូមា ដែល​ទើប​តែ​ផ្លាស់ប្ដូរ​របប​ឡើយ ហើយ​កម្ពុជា គួរ​តែ​ព្យាយាម​បង្កើត​ទីផ្សារ​ការងារ និង​មុខ​របរ​ក្នុង​ស្រុក​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​ចំណាក​ស្រុក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការពារ​ខ្លួន​ជុំវិញ​រឿង​ដែល​គេ​រិះគន់​បញ្ហា​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់ ក្រោម​របប​គ្រប់គ្រង​របស់​លោក​ជាង ៣០​ឆ្នាំ ខណៈ​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ភូមា អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ហាក់​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោយ​អំពាវនាវ​ឲ្យ​ពលករ​ភូមា ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​កំណើត​វិញ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា លោក ហ៊ុន សែន បាន​ប្រាប់​ឲ្យ​អ្នក​រិះគន់​លោក ប្រហែល​សំដៅ​លើ​គណបក្ស​ប្រឆាំង ឲ្យ​កាប់​ថ្ម​ចំណាំ​មើល​ថា តើ​ពលករ​ភូមា ប្រមាណ ២​លាន​នាក់​នៅ​ក្នុង​ប្រទេស​ថៃ នោះ នឹង​វិល​ត្រឡប់​ទៅ​រក​ការងារ​នៅ​ប្រទេស​កំណើត ដែល​មាន​ប្រាក់​ឈ្នួល​ទាប​ដែរ​ឬ​យ៉ាង​ណា?៖ «នៅ​ពេល​ដែល​លោក​ជំទាវ អ៊ុងសាន ស៊ូជី ប្រើ​ពាក្យ​ថា តោះ! ទៅ​ផ្ទះ​វិញ នៅ​ខាង​ក្រុម​ខាង​នេះ គេ​បង្ហោះ​រូប​ខ្ញុំ​ថា ទៅ​យើង ទៅ​ប្រទេស​ថៃ រក​ការងារ​ធ្វើ ដាក់​ផ្លែ​ឲ្យ​ខ្ញុំ។ ប៉ុន្តែ​ឥឡូវ​សូម​កាប់​ថ្ម​ចំណាំ​រង់ចាំ​មើល​ទៅ តើ​កម្មករ​នៅ​មីយ៉ាន់ម៉ា ត្រឡប់​ទៅ​ប្រទេស​វិញ​ឬ​ក៏​អត់? កុំ​ទាន់​ជឿ​ខ្ញុំ ត្រូវ​ចាំ​អង្កេត​មើល​ទៅ ឬ​មិន​ទៅ»។


លោក ហ៊ុន សែន ពន្យល់​ថា មាន​ហេតុផល​ពីរ​យ៉ាង​ដែល​ពលករ​ភូមា មិន​អាច​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដោយសារ​ខ្វះខាត​ការងារ និង​ប្រាក់​ខែ​ទាប។ ថ្វីត្បិតតែ​គេ​កំពុង​រិះគន់​រឿង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ក្តី លោក ហ៊ុន សែន នៅ​តែ​មាន​គម្រោង​បញ្ជូន​ពលករ​កម្ពុជា ទៅ​ធ្វើ​ការ​នៅ​ប្រទេស​មួយ​ចំនួន​ទៀត ដូចជា​អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia) គុយវ៉េត (Kuwait) កាតារ (Qatar) និង​ប្រទេស​ដទៃ​ទៀត​ស្ថិត​នៅ​ឈូង​សមុទ្រ​ពែក ហើយ​ប្រទេស​សិង្ហបុរី កំពុង​តែ​សាកល្បង។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន បន្ថែម​ថា ចំពោះ​បញ្ហា​ការងារ​នោះ មិន​មែន​តែ​កម្ពុជា ទេ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នោះ ប្រទេស​មួយ​ចំនួន​ទៀត​ក៏​ដូចជា​កម្ពុជា ដែរ៖ «ប្រជាពលរដ្ឋ​ថៃ បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដូចជា​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មាន​តម្លៃ​ពលកម្ម​ខ្ពស់ រីឯ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ពលកម្ម​ទាប ពួក​គេ​ត្រូវ​ការ​កម្លាំង​ពលករ​ពី​ប្រទេស​ជិត​ខាង​ដូចជា មីយ៉ាន់ម៉ា និង​ប្រទេស​កម្ពុជា ជាដើម។ ពលរដ្ឋ​ហ្វីលីពីន ជាង ១០​លាន​នាក់ បាន​ចេញ​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​ហ្វីលីពីន ធ្វើ​ការ​នៅ​កម្ពុជា មាន​ប្រមាណ ១​ម៉ឺន​នាក់»។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មាន​ប្រសាសន៍​ថា លោក​ឯកភាព​ថា ប្រទេស​ណា​ក៏​មាន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​គេ​ផ្សេងៗ​ដែរ ប៉ុន្តែ​ពលករ​ប្រទេស​គេ​មិន​មែន​ធ្វើ​ចំណាក​ស្រុក​ដោយ​បង្ខំ​ចិត្ត​ឡើយ គឺ​ជា​ជម្រើស ហើយ​ប្រជាពលរដ្ឋ​គេ​ទៅ​ធ្វើ​ការ​ក្នុង​ឋានៈ​ជា​ពលករ​ជំនាញ ឬ​អ្នក​គ្រប់គ្រង​តែ​ម្តង ខុស​ឆ្ងាយ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ក្នុង​ឋានៈ​ជា​ពលករ​ប្រើ​កម្លាំង និង​ទទួល​បាន​ប្រាក់​ខែ​ទាប ហើយ​ងាយ​រងគ្រោះ។ លោក មឿន តុលា បន្ត​ថា រដ្ឋាភិបាល​ក៏​មិន​គួរ​ប្រៀបធៀប​ប្រទេស​កម្ពុជា ជាមួយ​នឹង​ប្រទេស​ភូមា ដែល​ទើប​តែ​ផ្លាស់ប្ដូរ​ពី​របប​គ្រប់គ្រង​ដោយ​យោធា​មក​ជា​របប​ប្រជាធិបតេយ្យ​ថ្មីៗ​នេះ​ឡើយ៖ «ថៃ គេ​មាន​ទៅ​ធ្វើ​ការ​នៅ​អឺរ៉ុប នៅ​ហុងកុង ជាដើម តែ​គេ​ទៅ​របៀប​ជា​គ្រប់គ្រង ដូច​ហ្វីលីពីន ចឹង គឺ​មក​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​មែន តែ​ភាគច្រើន​ជា​អ្នក​គ្រប់គ្រង។ ម្យ៉ាង​ទៀត អ្នក​នយោបាយ​គួរ​តែ​កុំ​ប្រៀបធៀប​ប្រទេស​ខ្លួន​ឯង​ថយ​ក្រោយ​ដូចជា​ភូមា និង​កម្ពុជា ចឹង​គឺ​ថា​ភូមា ទើប​ផ្លាស់ប្ដូរ​នយោបាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ហ្នឹង។ ដោយឡែក​កម្ពុជា នេះ បាន​ប្ដូរ​របប​នយោបាយ​តាំង​ពី​ឆ្នាំ​៩១ មក។ ដូច្នេះ​កាលណា​ប្រៀបធៀប​ជាមួយ​កម្ពុជា ហាក់​ដូចជា​ទាញ​ខ្លួន​ឯង​មិន​ឲ្យ​ទៅ​មុខ»។

លោក មឿន តុលា បន្ត​ថា ចំពោះ​បញ្ហា​ចំណាក​ស្រុក​នេះ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​បង្កើត​មុខ​របរ និង​ការងារ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​សម្រាប់​ពលករ​ដែល​អត់​មាន​ជំនាញ ជា​ជាង​បញ្ជូន​ពួក​គាត់ ឬ​ទុក​ឲ្យ​គាត់​បង្ខំ​ចិត្ត​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដោយសារ​ពួក​គាត់​ងាយ​រងគ្រោះ៖ «សម្រាប់​ឱកាស​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស គួរ​តែ​ផ្តល់​ឱកាស​ឲ្យ​ក្រុម​និស្សិត ឬ​ធនធាន​មនុស្ស​ដែល​ទើប​តែ​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ ដើម្បី​ទៅ​ដក​បទពិសោធន៍​នៅ​ប្រទេស​ផ្សេងៗ»។

កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ក្រសួង​បាន​បញ្ជូន​ពលករ​ស្រប​ច្បាប់​ចំនួន ៦២​ម៉ឺន​នាក់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ រីឯ​ពលករ​ខុស​ច្បាប់​មាន​ចំនួន ៤០​ម៉ឺន​នាក់ កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​កូរ៉េ។

អង្គការ​សង្គម​ស៊ីវិល ថា​មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ដីធ្លី និង​កសិកម្ម និង​កង្វះ​ការងារ ដែល​មាន​ប្រាក់​ខែ​សមរម្យ​សម្រាប់​ពលរដ្ឋ​ធ្វើ​ការ​នៅ​ក្នុង​ស្រុក៕

No comments:

Post a Comment