Friday, November 25, 2016

ដី​សម្បទាន​​ ស្ទើរ​មិន​ផ្តល់​ផល​សោះ​ដល់​ពល​រដ្ឋ

តំបន់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​មួយ​កន្លែង​ក្នុង​ខេត្ត​ក្រចេះ​ដែល​កើត​មាន​ជម្លោះ​ដីធ្លី​កាល​ពី​ពេល​កន្លង​មក។ រូបថត សហ​ការី


រតនគិរីៈ ការ​សិក្សា​មួយ ​ដែល​បាន​សម្លឹង​មើល​ទៅ​សម្បទាន​ដី​សេដ្ឋ​កិច្ច នៅក្នុង​ខេត្ត​រតនគិរី​បាន​រក​ឃើញ​ថា ​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​ទាំង​នោះ​​ស្ទើ​រតែ​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​អ្វី​សោះ ដល់​សហគមន៍​មូល​ដ្ឋាន។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​មួយ ​សម្រាប់​ការ​សិក្សា​នេះ​ កាលពី​ថ្ងៃ​ពុធ​ អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​ក្នុង​ការ​សិក្សា​នេះ ​គឺ​លោក​បណ្ឌិតនេ​ត បរ​មី បាន​និយា​យ​ថា​ សូម្បី​តែ​ការងារ​ដែល​បាន​បង្កើត​ឡើង​ដោយ​ការ​មក​ដល់​នៃ​ដី​សម្បទាន​សេដ្ឋ​កិ​ច្ទ​នេះ ក៏​មិន​បាន​គ្រប់គ្រាន់​ដែរ។

លោក​បរមី​ថ្លែង​ថា៖« ៦០​ភាគរយ [នៃ​​អ្នក​ឆ្លើយ​សំណួរ] បាន​និយាយ​ថា​ ខណៈ​ដែល​ដី​សម្បទាន​សេដ្ឋកិច្ច​ បាន​នាំ​មក​នូវ​ការងារ​ឲ្យ​ពួក​គេធ្វើ ប៉ុន្តែ​ប្រាក់​ចំណូល​គឺ​មិន​គ្រប់​គ្រាន់​ដើម្បី​ទ្រទ្រង់​ដល់​ជីវភាព​គ្រួសារ​របស់​ពួក​គេ​នោះ​ទេ»។

លោក​បន្ត​ថា៖«ការងារ​ភាគ​ច្រើន​បំផុត​ ពី​ដី​សម្បទាន​សេដ្ឋកិច្ទ​ គឺ​ការងារ​ពិបាកៗ ធ្វើ​ការ​ច្រើន​ម៉ោង​ប្រាក់​ខែ​ទាប​ប្រឈម​គ្រោះថ្នាក់​ ហើយ​វា​ផ្ទុយ​ទៅ​នឹង​ផ្នត់​គំនិត​របស់​ជនជាតិ​ដើម​ភាគតិច​ ដែល​ស្រឡាញ់​សេរីភាព»។ ការ​សិក្សា​នេះ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ​មាន​គ្រួសារ​ចំនួន ៣០ ភាគរយ​បាន​ជំពាក់​បំណុល​គេ។
លោក ទេព ប៊ុននី នាយក​ប្រតិបត្តិ​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា (SCW) បាន​និយាយ​ថា ​វា​មាន​ដំណើរ​ការ​យឺត​យ៉ាវ​ ក្នុង​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​សមូហ​ភាព​។

លោក​បណ្ឌិត​ ងិន ​ចន្ទ​រិទ្ធិ ជា​អ្នក​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹង​ថា​ លោក​ និង​សហការី​របស់​លោក​ព្រួយបារម្ភ​ថា​វា​ចំណាយ​ពេល​រាប់​ខែ​រហូត​ដល់ រាប់​ឆ្នាំ​ នៅ​ក្នុង​ដំណើរ​ការ​ចេញ​ប័ណ្ណកម្ម​សិទ្ធិ​ដី​សមូហ​ភាព ដែល​បាន​ជំរុញ​ឲ្យ​មនុស្ស​មួយចំនួន​ដាក់​ពាក្យ​សុំ​ប័ណ្ណ​កម្មសិទ្ធិ​ដីឯក​ជន។

នាយក​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ SCW លោក​ប៊ុន នី ​បាន​ឱ្យ​ដឹង​ថា ប័ណ្ណ​កម្មសិទ្ធិ​ដី​ឯកជន​ ដែល​ផ្តល់​ឲ្យ​ជន​ជាតិ​ដើម​ភាគតិច​ គឺជា​វត្ថុ​បញ្ចាំ​សម្រាប់​ខ្ទី​ប្រាក់​ពី​មីក្រូ​ហិរញ្ញ​វត្ថុ​ ដែល​ពួក​គេ​មិន​អាច​រក​លុយ​សង​វិញ​បាន​ឡើយ។

ប៉ុន្តែ​ខណៈ​ដែល​ការ​សិក្សា​នេះ ​បាន​បង្ហាញ​រូបភាព​ខ្មៅ​ងងឹត​ ស្តីពី​ផល​ប៉ះ​ពាល់​នៃ​ដី​សម្បទាន​សេដ្ឋ​កិ​ច្ទ​នេះ ប្រតិភូ​ក្រសួង​បរិស្ថាន​​ នាយក​តំបន់​ការពារ​ខាង​កើត​ នៃ​ដង​ទន្លេ​មេគង្គ ​លោក​ជូ​ សុភ័ក្រ្ត​កាល​ពី​ថ្ងៃ​ពុធ​​បាន​ឱ្យ​ដឹង​ថា​ លោក​ជឿ​ជាក់ថា​ក្នុង​រយៈពេល​វែង​ពួក​គេ​​នឹង​ទទួល​បាន​ផល​ប្រយោជន៍​។

លោក​សុភ័ក្ត្រ​ថ្លែងថា៖ «ខ្ញុំ​មិន​មែន​ជា​អ្នក​សេដ្ឋកិច្ទ​ទេ​ប៉ុន្តែ​ខ្ញុំ​គិត​ថា ​ក្រៅពី​ប្រាក់​ចំណូល​បាន​មក​ពី​[ការ​ជួល​ដី] គឺ​ផលិតផល​របស់​ពួកគេ​ ដែល​ផលិត​បាន វានឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា»។ «នៅ​ក្នុង​ពេល​អនាគត​ប្រសិន​បើ​គេ​ផលិត ផលិត​ផល​ក្នុង​ស្រុក​ហើយ​នាំ​ចេញ នោះ​យើង​អាច​យក​ពន្ធ​លើ​ផលិតផល​នោះ​បាន»។

លោក​សុភ័ក្ត្រ​ ក៏បាន​បញ្ជាក់​ផងដែរ​ថា ​ការផ្ទេរ​ការ​ទទួល​ខុស​ត្រូវ​កាល​ពី​ដើម​ឆ្នាំ​នេះ​ សម្រាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ ពី​ក្រសួង​បរិស្ថាន​ ទៅ​ក្រសួង​កសិកម្ម​ មាន​ន័យ​ថា​ ក្រសួង​របស់​លោក​ ខ្វះ​យុត្តាធិការ​ដើម្បី​តាមដាន​កម្មវិធី​ទទួល​ខុសត្រូវ​សង្គម ​របស់​ក្រុម​ហ៊ុន​កាន់​កាប់​ដី​សម្បទាន​ទាំង​នោះ​។

ទោះជា​យ៉ាងណា​ លោក​បាន​សន្យាថា​ ក្រសួង​បរិស្ថាន​នឹង​ពិនិត្យ​តាម​ដាន​ឲ្យបាន​ហ្មត់​ចត់​ លើ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន ដែល​នឹង​​គិតពី​ផល​ប្រយោជន៍​សហគមន៍​មូលដ្ឋាន​ជា​ចម្បង។

ទន្ទឹម​នឹង​នេះ​ដែរ​ក្រសួង​បរិស្ថាន ​បាន​ធ្វើ​សិក្ខា​សាលា​មួយ ​នៅ​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ពុធ​​ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល​ លើ​សេចក្តី​ព្រាង​ចុង​ក្រោយ​បំផុត​នៃ​ក្រម​បរិស្ថាន។

តំណាង​របស់​ក្រសួង​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​កិច្ច​ប្រជុំ​នេះ​ប៉ុន្តែ​លោក​តឹក​ វណ្ណារ៉ា នាយក​អង្គការ NGO Forum ថ្លែង​ថា ៥០​ភាគរយ​ នៃ​អនុសាសន៍​របស់​អង្គការ​លោក រួម​ទាំង​ឃ្លា​បន្ថែម​លើ​បញ្ហា​សិទិ្ធ​មនុស្ស ​និង​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​ក្រុម​ហ៊ុន​ ត្រូវ​បាន​គេ​លើក​យក​មក​ពិភាក្សា។

អង្គការ​សង្គម​ស៊ី​វិល​លើក​ឡើង​​​ជា​យូរ​មក​ហើយ​ថា​ដី​សម្បទាន​សេដ្ឋ​កិច្ច​​ក្រៅ​ពីធ្វើ​ឲ្យ​អន្តរាយ​​ដល់​ព្រៃ​ឈើ​ក៏​ជា​ប្រភព​នៃ​ជម្លោះ​ដីធ្លី​ផង​ដែរ​៕

No comments:

Post a Comment