Friday, November 25, 2016

មន្ត្រី​ក្រសួង​រ៉ែ​ថា​នឹង​សហការ​ដើម្បី​ទប់ស្កាត់​ការ​លួច​បូម​ខ្សាច់​នាំ​ចេញ


មន្ត្រី​ក្រសួង​រ៉ែ​ថា​នឹង​សហការ​ដើម្បី​ទប់ស្កាត់​ការ​លួច​បូម​ខ្សាច់​នាំ​ចេញ

 រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា (ឆ្វេង) ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Kher Sonorng


នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​សង្គម​ស៊ីវិល អ្នក​ធ្វើការ​ក្នុង​វិស័យ​ឧស្សាហកម្ម និស្សារណកម្ម និង​សកម្មជន​បរិស្ថាន នៅ​អគ្គនាយកដ្ឋាន​ប្រេង​កាត នៃ​ក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​នេះ បាន​ស្នើ​ឲ្យ​មាន​ពលរដ្ឋ​ក្នុង​សហគមន៍​នៃ​ខេត្ត​កោះកុង និង​សកម្មជន​បរិស្ថាន ស្ម័គ្រ​ចិត្ត​ធ្វើ​ភ្នាក់ងារ​របស់​ខ្លួន ដើម្បី​ទប់ស្កាត់​បទល្មើស​បូម​ខ្សាច់។ ការ​អះអាង​នេះ នៅ​ពេល​ដែល​សកម្មជន​បរិស្ថាន​ឆ្លើយ​តប​ថា នៅ​តែ​មាន​សាឡង់​បូម​ខ្សាច់​បន្ត​បូម​នៅ​លើ​ដែន​សមុទ្ទ​នៃ​ខេត្ត​នេះ​ដដែល។

ក្រសួង​រ៉ែ និង​ថាមពល កំពុង​ធ្វើ​កំណែទម្រង់​អភិបាលកិច្ច​ក្នុង​វិស័យ​និស្សារណកម្ម ដោយ​ស្នើ​ឲ្យ​មាន​ការ​ចូលរួម​ពី​សហគមន៍ សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ។

រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ថា ការ​ចងក្រង​ឲ្យ​មាន​ជំនួប​នេះ ព្រោះ​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នាំ​ចេញ​នៅ​ខេត្ត​កោះកុង ជា​ករណី​សិក្សា​មួយ​ធំ ដែល​តម្រូវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​លើក​មក​ពិភាក្សា​បន្ទាប់​ពី​ក្រសួង​មាន​ចំណាត់​ការ​ផ្អាក​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

លោក​ថា បន្ទាប់​ពី​ផ្អាក​ការ​នាំ​ចេញ បាន​ធ្វើ​ឲ្យ​សកម្មភាព​បូម​ខ្សាច់​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ដែន​សមុទ្ទ​ត្រូវ​ផ្អាក​ទាំង​ស្រុង ហើយ​នៅ​សល់​តែ​អាជីវកម្ម​តូចៗ មួយ​ចំនួន​នៅ​ផ្នែក​ខាង​លើ​នៃ​តំបន់​ស្ទឹង​អូរ​ប៉ុណ្ណោះ ដែល​នៅ​បន្ត​សកម្មភាព​បូម​សម្រាប់​ផ្គត់ផ្គង់​វិស័យ​សំណង់​ក្នុង​ស្រុក៖ «ភារកិច្ច​របស់​យើង​ឥឡូវ​នេះ​ត្រូវ​តាមដាន​មើល​សិន ថា​តើ​វា​ផ្អាក​ពិត​ប្រាកដ ឬ​អត់ ព្រោះ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​លួច​ធ្វើ​សកម្មភាព​បូម។ យើង​ជជែក​គ្នា​បង្កើត​យន្តការ​ដើម្បី​តាមដាន​ជាមួយ​គ្នា ការពារ​កុំ​ឲ្យ​លួច​ប្រព្រឹត្ត​បទល្មើស​ហ្នឹង»។
ថ្វីត្បិត​តែ​មាន​ការ​អះអាង​ពី​មន្ត្រី​ក្រសួង​រ៉ែ​ថា ផ្អាក​ការ​នាំ​ចេញ​ក្ដី សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក សន ចាន់ដារ៉ា ថ្លែង​ថា សហគមន៍​និង​ពួកគេ​ចុះ​ល្បាត​នៅ​តែ​ឃើញ​សកម្មភាព​បូម​ខ្សាច់ ដែល​មាន​នៅ​ចំណុច​កោះ​ស្មាច់ ក្បែរ​ភ្នំ​ត្រងោល ក្នុង​ភូមិសាស្ត្រ ឃុំ​តាតៃក្រោម ស្រុក​កោះកុង និង​ចំណុច​ខសក្រហម ក្បែរ​កោះ​ស្រឡៅ ឃុំ​កោះ​កាពិ ស្រុក​កោះកុង ជា​ដើម។

លោក​ថា ក្រសួង​មិន​ទាន់​មាន​ចំណាត់​ការ​ជាក់លាក់​ណា​មួយ​ក្នុង​ការ​ចាត់​ការ​បទល្មើស​ជួញដូរ​ខ្សាច់​នេះ​ទេ៖ «យើង​នៅ​តែ​បន្ត​គោល​ជំហរ​មួយ​គឺ យើង​អត់​យល់ព្រម អត់​ពេញ​ចិត្ត​ក្នុង​ការ​បន្ត​អាជ្ញាប័ណ្ណ​ទៅ​ក្រុមហ៊ុន​មួយ​ចំនួន ដែល​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​ក្នុង​ខេត្ត​នេះ​ទេ ព្រោះ​ទំហំ​នៃ​ផល​ប៉ះពាល់​សហគមន៍​គឺ​វា​ធំធេង​ណាស់ ប៉ុន្តែ​នៅ​ពេល​ប្រជុំ​ពីរ​លើក​នេះ ក្រសួង​ដូច​ជា​ការពារ​ក្រុមហ៊ុន​ជា​ជាង​ផ្ដល់​ផល​ប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន»។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ក៏​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ។ លោក​មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​មិន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្អាក​ការ​បូម​ខ្សាច់​ទូទាំង​ប្រទេស​នោះ​ទេ គឺ​ផ្ដោត​តែ​លើ​ការ​បូម​ខ្សាច់​សមុទ្ទ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​នាំ​ចេញ។ លោក​ថា ឱកាស​នៃ​ការ​កែទម្រង់​នេះ សុំ​ឲ្យ​សហគមន៍​និង​សង្គម​ស៊ីវិល​ចូលរួម ដើម្បី​ធានា​ការ​បូម​នេះ​មិន​មាន​ផល​ប៉ះពាល់​ដល់​សហគមន៍​ដូច​ពេល​កន្លង​ទៅ។

លោក សន ជ័យ៖ «ការ​គាំទ្រ និង​ការ​ចូលរួម​ពី​សហគមន៍​គឺ​សំខាន់​ណាស់ ព្រោះ​ប្រជាពលរដ្ឋ​អ្នក​ដែល​នៅ​មូលដ្ឋាន​ផ្ទាល់​តែ​ម្ដង អ៊ីចឹង​គាត់​អាច គាត់​អាច​ដឹង គាត់​អាច​រាយការណ៍​មក​ក្រសួង មក​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​ហ្នឹង។ ក្រសួង​រ៉ែ និង​ថាមពល​បាន​បើក​ឱកាស​ឲ្យ​មាន​ការ​ចូលរួម​ពី​សហគមន៍​នេះ​ជា​ចំណុច​វិជ្ជមាន​មួយ ជា​ជំហាន​មួយ​ល្អ ដែល​អាច​សហគមន៍ និង​រដ្ឋាភិបាល​ដើរ​ជាមួយ​គ្នា​សម្របសម្រួល​ដោយ​សង្គម​ស៊ីវិល»។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ជូន​ដំណឹង​ទៅ​ប្រធាន​អាជីវកម្ម​ខ្សាច់ និង​ខ្សាច់​ល្បាយ​ភក់​នៅ​តំបន់​សមុទ្ទ ពី​ការ​ផ្អាក​បណ្ដោះ​អាសន្ន​នូវ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ថ្មី និង​ការ​នាំ​ចេញ​ខ្សាច់​នៅ​តំបន់​សមុទ្ទ។ នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ក្រសួង​ដដែល​បាន​ស្នើ​ឲ្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ និង​អគ្គនាយកដ្ឋាន​កាំសាប ចាត់​វិធានការ​ផ្អាក​ការ​នាំ​ចេញ​ខ្សាច់ និង​ផ្អាក​កប៉ាល់​ចូល​ដឹក​ខ្សាច់​នៅ​តំបន់​សមុទ្ទ។

យ៉ាង​នេះ​ក្ដី អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ បន្ត​អះអាង​ថា ស្រប​ពេល​ផ្អាក​ការ​បូម​ខ្សាច់​នាំ​ចេញ​នេះ ក្រសួង​ក៏​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​វាយ​តម្លៃ​អំពី​តម្រូវការ​ចាំបាច់​ចំពោះ​ការ​ស្ដារ​ព្រែក ស្ទឹង និង​ស្ដារ​ប្រព័ន្ធ​ផ្លូវ​ទឹក ក្នុង​គោលដៅ​ថែរក្សា​ស្ទឹង​ទន្លេ​ដែរ ដោយ​យក​ឱកាស​នេះ​ធ្វើ​ពាណិជ្ជកម្ម​ដើម្បី​ជា​ផល​ប្រយោជន៍​ជាតិ​ផង៕

No comments:

Post a Comment