ពលរដ្ឋមានទំនាស់ដីជាមួយទាហាននៅត្បូងឃ្មុំ១០គ្រួសារសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី
ប្រជាពលរដ្ឋ ១០គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយទីបញ្ជាការកងអនុសេនាធំវិស្វកម្មនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាំគ្នាឡើងទៅរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ហើយពួកគេនឹងយកពាក្យបណ្ដឹងដាក់ទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា។ ការសម្រេចឡើងទៅសុំកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលពេលនេះ ក្រោយពេលអាជ្ញាធរស្រុក និងខេត្ត មិនបានដោះស្រាយវិវាទដីធ្លីតាមការស្នើសុំរបស់ពលរដ្ឋឡើយ ហើយតែងតែរុញការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក។
តំណាងប្រជាពលរដ្ឋលើកឡើងថា ពួកគាត់នឹងព្យាយាមគ្រប់មធ្យោបាយធ្វើយ៉ាងណាស្នើសុំឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ ១០គ្រួសារ ជាមួយទីបញ្ជាការកងអនុសេនាធំវិស្វកម្ម ចំណុះឱ្យកងពលតូចលេខ២១។
អ្នកភូមិទាំងនោះបញ្ជាក់ថា ប្រសិនបើអាជ្ញាធរចេះតែពន្យារពេលក្នុងការដោះស្រាយវិវាទដីធ្លីមួយនេះបន្តទៀត ពលរដ្ឋកាន់តែជួបបញ្ហាប្រឈមក្នុងជីវភាពរស់នៅមិនខាន។
តំណាងពលរដ្ឋមួយរូបនៅឃុំស្រឡប់ អ្នកស្រី ស៊ាង នួន មានប្រសាសន៍ថា មូលហេតុពួកគាត់សម្រេចនាំគ្នាឡើងទៅភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីព្រោះពលរដ្ឋអស់សង្ឃឹមចំពោះចំណាត់ការរបស់អាជ្ញាធរស្រុក និងខេត្ត។ អ្នកស្រីបន្តថា នៅពេលជម្លោះដីធ្លីនេះ មិនអាចដោះស្រាយបាន ពលរដ្ឋកាន់តែជួបការលំបាកក្នុងជីវភាពរស់នៅ៖ «កិច្ចការហ្នឹងជួយដោះស្រាយប្រជាពលរដ្ឋខ្ញុំផង។ ដល់អ៊ីចឹងប្រជាពលរដ្ឋខ្ញុំចេះតែដេកចាំ រង់ចាំមើល ហើយគាត់មិនព្រម មិនធ្វើ មិនដឹងយ៉ាងម៉េចគាត់»។
ប្រភពដដែលបញ្ជាក់ថា ពលរដ្ឋ ១០គ្រួសារបានកាន់កាប់ដីជិត ៤ហិកតារ នៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ តាំងពីទសវត្សរ៍៨០ មក ប៉ុន្តែនៅចុងទសវត្សរ៍ទី៩០ ទើបមានទាហានទៅសុំដីអ្នកភូមិដាក់ទីស្នាក់ការបណ្ដោះអាសន្ន។ ក្រោយមកទីបញ្ជាការកងអនុសេនាធំវិស្វកម្មចូលទៅនៅបន្តទៀត ហើយមិនព្រមប្រគល់ឱ្យពួកគាត់វិញ និងមានចេតនាយកដីពលរដ្ឋចែកគ្នាទៀតផង។
ពលរដ្ឋមួយរូបទៀត លោក ស៊ុន ហាន ឱ្យដឹងថា ពួកគាត់បានប្ដឹងជំទាស់រហូតមក ដោយយោងទៅលើលិខិតកាន់កាប់របស់ពួកគាត់ដែលមាន។ លោកមានសង្ឃឹមថា ការសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី នឹងមានដំណោះស្រាយ ពីព្រោះរយៈពេលជាយូរមកហើយពួកគាត់មិនបានចេញទៅប្រកបមុខរបរពេញដៃពេញជើងទេ ដោយសារតែរឿងដីធ្លីមួយនេះ៖ «ស្នើសុំថា ដោះដូរហ្នឹង ប្រសិនបើមានពាក្យដោះដូរឱ្យប្រជាពលរដ្ឋស្រូតដំណើរតិចទៅ»។
ក្នុងពាក្យបណ្ដឹងរបស់ពលរដ្ឋ ១០គ្រួសារ ដែលគ្រោងនឹងដាក់ទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែវិច្ឆិកា បញ្ជាក់ថា ដីនោះគឺជាដីរបស់ពួកគាត់បានកាន់កាប់តាំងពីឆ្នាំ១៩៨៥ មក ពុំមែនជាដីបន្ទាយទាហាននោះទេ។ លិខិតបន្តថា ពលរដ្ឋបានដាក់ពាក្យប្ដឹងទៅអាជ្ញាធរស្រុក ខេត្ត និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផង ប៉ុន្តែគ្មានដំណោះស្រាយឡើយ។
ក្រោយមកពួកគាត់សម្រេចប្ដឹងទៅក្រសួងការពារជាតិ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ បន្តទៀត។ រហូតដល់ថ្ងៃទី២៩ ខែមេសា ក្រុមអធិការកិច្ចក្រសួងបានចុះអង្កេត និងសិក្សាអំពីទំនាស់ដីធ្លីមួយនេះ។
មន្ត្រីក្រសួងការពារជាតិ បានប្រាប់ពលរដ្ឋថា នឹងដោះដូរដីនៅចំណុចជិតសាលាខេត្តត្បូងឃ្មុំ ជូនពួកគាត់វិញ ពីព្រោះដីជិត ៤ហិកតារ ដែលមានទំនាស់នេះ ក្រសួងបានសម្រេចរក្សាទុកជាអចលនទ្រព្យរបស់ក្រសួងតាំងពីឆ្នាំ២០១០។ ជាងនេះទៀត ក្រសួងថែមទាំងបានចេញសេចក្ដីជូនដំណឹងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ បញ្ជាក់ថា ដីនោះជាកម្មសិទ្ធិរបស់ទីបញ្ជាការកងអនុសេនាធំវិស្វកម្ម និងតម្រូវឱ្យអ្នកភូមិដាក់ពាក្យស្នើសុំដីដោះដូរដោយខ្លួនឯង។
ប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំទៅអាជ្ញាធរស្រុក និងខេត្ត ប៉ុន្តែត្រូវបានគេបដិសេធក្រោមហេតុផលថា ពួកគេមិនហ៊ានសម្រេចទេ ប្រសិនបើគ្មានលិខិត ឬសេចក្ដីជូនដំណឹងពីក្រសួងនោះ។ ពលរដ្ឋ ១០គ្រួសារបានព្យាយាមទៅសុំកិច្ចអន្តរាគមន៍ពីក្រសួងការពារជាតិ បន្តទៀត ប៉ុន្តែត្រូវបានខាងក្រសួងបដិសេធ។
ទាក់ទងបញ្ហានេះ អភិបាលរងស្រុកត្បូងឃ្មុំ ទទួលបន្ទុកដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ លោក រ៉ាន សុភា មានប្រសាសន៍នៅថ្ងៃទី២១ ខែវិច្ឆិកា ថា កន្លងមកអាជ្ញាធរស្រុកបានដោះស្រាយទៅតាមនីតិវិធី។ បន្ថែមពីនេះ ខាងលោកក៏បានព្យាយាមសម្របសម្រួលភាគីទាំងពីររហូតមក ប៉ុន្តែមិនអាចបញ្ចប់បាន។ លោកបន្តថា ប្រជាពលរដ្ឋដាក់លិខិតស្នើសុំដោះដូរមកអាជ្ញាធរស្រុកប្រាកដមែន ប៉ុន្តែខាងលោកមិនហ៊ានសម្រេចឡើយ ហើយសំណុំរឿងនេះអាជ្ញាធរស្រុកបានបញ្ជូនទៅអាជ្ញាធរខេត្តបន្តទៀត៖ «ខ្ញុំមិនហ៊ានទេ ត្រង់ថា ឱ្យទាហានចេញអីៗ។ ខ្ញុំគ្រាន់តែថា មានជាឯកសារមួយរាយការណ៍ជូនខេត្ត»។
ដោយឡែក ប្រជាពលរដ្ឋនាំគ្នាឡើងទៅសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងណានោះ លោក រ៉ាន សុភា ថាជាសិទ្ធិរបស់ពួកគាត់។
ទោះជាយ៉ាងនេះក្ដី ក្នុងលិខិតសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីដដែល គឺពលរដ្ឋទាំង ១០គ្រួសារ បានអំពាវនាវឱ្យប្រមុខដឹកនាំជួយស្វែងរកយុត្តិធម៌ចំពោះការរំលោភបំពានយកដីចម្ការរបស់ពួកគាត់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
មន្ត្រីអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម ដែលបានតាមដានរឿងនេះ លោក វ៉ន សេងធុយ មើលឃើញថា អាជ្ញាធរពាក់ព័ន្ធហាក់រុញដាក់គ្នាទៅវិញទៅមក និងមានភាពមិនប្រក្រតីមួយចំនួន។ លោកបន្តថា អាជ្ញាធរមិនបានឈរលើគោលការណ៍ច្បាប់ និងសិក្សាឱ្យបានច្បាស់លាស់នោះទេ។ ជាក់ស្ដែងលិខិតរបស់ក្រសួងដែលកំណត់រក្សាទុកដីប្រជាពលរដ្ឋជាកម្មសិទ្ធិរបស់ទីបញ្ជាការអនុសេនាធំកងវិស្វកម្មកាលពីឆ្នាំ២០១០ គឺក្រោយលិខិតកាន់កាប់របស់អ្នកភូមិដែលចេញដោយអាជ្ញាធរមូលដ្ឋានកាលពីឆ្នាំ២០០៧៖ «យើងមើលទៅលើផ្លូវច្បាប់ ប្រជាពលរដ្ឋគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានដីរបស់គាត់។ ដោយសារតែពួកគាត់មានប្លង់បញ្ជាក់ពីការកាន់កាប់ដីរបស់ពួកគាត់»។
លោកមើលឃើញថា ប្រសិនបើវិវាទដីធ្លីមួយនេះ អាជ្ញាធរពាក់ព័ន្ធចេះតែបន្តរុញដាក់គ្នាដោយគ្មានការដោះស្រាយទៀតនោះ ប្រជាពលរដ្ឋកាន់តែជួបការលំបាក ពីព្រោះពួកគាត់ត្រូវការដីសម្រាប់បង្កបង្កើនផល ម្យ៉ាងអ្នកភូមិនឹងមិនបានចេញទៅប្រកបមុខរបរពេញលេញឡើយ ដោយសារជាប់រវល់រឿងក្ដីមួយនេះ៕
No comments:
Post a Comment