Sunday, November 27, 2016
ចៅសង្កាត់ចំនួន៤ក្នុងខេត្តប៉ៃលិនរងការចោទថារារាំងមិនឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន ចោទប្រកាន់ចៅសង្កាត់ចំនួន៤ នៅក្នុងខេត្តនេះ ថាមានចេតនារារាំងមិនឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត។ ពលរដ្ឋនៅខេត្តប៉ៃលិន ប្រមាណជាង ១ពាន់នាក់ មិនអាចទៅចុះឈ្មោះបោះឆ្នោតបាន ដោយសារអាជ្ញាធរមិនធ្វើលិខិតបញ្ជាក់លំនៅឋានជូនពួកគាត់។ មន្ត្រីអង្គការសង្គមស៊ីវិលបញ្ជាក់ថា ប្រសិនបើករណីនេះកើតមានពិតមែន គឺអាជ្ញាធរអនុវត្តតួនាទីខុសច្បាប់បោះឆ្នោតធ្ងន់ធ្ងរ។
ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ដែលពុំបានទៅចុះឈ្មោះបោះឆ្នោត កំពុងព្រួយបារម្ភខ្លាចក្រែងមិនអាចចុះឈ្មោះបោះឆ្នោតឲ្យទាន់ពេលវេលារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ពលរដ្ឋម្នាក់រស់នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន លោកស្រី រិន រ៉េន ថ្លែងថា រហូតមកទល់ពេលនេះ គឺលោកស្រីពុំទាន់ចុះឈ្មោះបោះឆ្នោតបាននៅឡើយទេ។ លោកស្រីអះអាងថា មូលហេតុដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ដោយសារលោកស្រីរវល់ទៅធ្វើការងារនៅប្រទេសថៃ ទើបតែត្រឡប់មកស្រុកកំណើតបានជាងមួយសប្ដាហ៍។ លោកស្រីបន្ថែមថា នៅពេលមកដល់ផ្ទះមិនបានប៉ុន្មានថ្ងៃផង ក៏ប្រញាប់ប្រញាល់យកអត្តសញ្ញាណប័ណ្ណទៅចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់អូរតាវ៉ៅ ក៏ប៉ុន្តែលោកស្រីអះអាងថា មន្ត្រីការិយាល័យចុះឈ្មោះបោះឆ្នោតតម្រូវឲ្យលោកស្រីទៅធ្វើលិខិតបញ្ជាក់ទីលំនៅពីសាលាសង្កាត់នេះជាមុនសិន ទើបអាចចុះឈ្មោះបាន។
លោកស្រីបន្តថា មូលហេតុដែលអ្នកចុះឈ្មោះឲ្យលោកស្រីធ្វើលិខិតបញ្ជាក់ពីសាលាសង្កាត់ ពីព្រោះការិយាល័យដែលនៅជិតផ្ទះមានទីលំនៅក្នុងសង្កាត់តែមួយ ប៉ុន្តែភូមិខុសគ្នា ទើបមិនអាចចុះឈ្មោះបាន៖ «ខ្ញុំទៅចុះឈ្មោះបោះឆ្នោត មេឃុំគាត់ថាអស់ក្រដាសហើយ ចាំមើលពីរទៅបីថ្ងៃទៀត ហើយគាត់ក៏សុំលេខខ្ញុំទុកទាក់ទងពេលក្រោយ។ ខ្ញុំធ្លាប់កាលពីពេលមុន ខ្ញុំទៅចុះឈ្មោះបោះឆ្នោត គេអត់មានសួររកអីទេ គឺទៅដឹងតែបានចុះឈ្មោះហើយ»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀត គឺលោកស្រី ប៊ូ ស្រីរ័ត្ន អះអាងថា លោកស្រីពីរនាក់បងប្អូនមានអត្តសញ្ញាណប័ណ្ណរស់នៅសង្កាត់អូរតាវ៉ៅ តាំងពីកំណើតមក ប៉ុន្តែភូមិផ្សេងពីការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្នុងសង្កាត់នេះ ហើយក៏ត្រូវទៅធ្វើលិខិតបញ្ជាក់ពីសាលាសង្កាត់អូរតាវ៉ៅ ដូចគ្នា ទើបអាចយកមកចុះឈ្មោះបាន។ លោកស្រីបន្ថែមថា ពួកគាត់ទាំងពីរនាក់បានទៅដល់សាលាសង្កាត់ ដើម្បីសុំធ្វើលិខិតបញ្ជាក់ពីចៅសង្កាត់ដែរ ក៏ប៉ុន្តែធ្វើមិនទាន់បាននៅឡើយ។ លោកស្រីព្រួយបារម្ភខ្លាចបាត់បង់សិទ្ធិបោះឆ្នោតទាំងពីរនាក់បងប្អូន ពីព្រោះរហូតមកទល់ពេលនេះ ទៅចុះឈ្មោះមិនទាន់បាននៅឡើយ៖ «ខ្ញុំស្ដាយណាស់ដែលចុះឈ្មោះបោះឆ្នោតមិនបានដូចគេ។ ខ្ញុំទៅពីរនាក់បងប្អូនកាលពីម្សិលមិញ ដល់ពេលទៅដល់ហើយ ឲ្យអត្តសញ្ញាណប័ណ្ណគេ ហើយខ្ញុំនៅភូមិសួស្ដី ដល់ពេលហើយគេអត់ទាន់ធ្វើឲ្យខ្ញុំទេ ដោយថាខ្ញុំមានឯកសារមិនគ្រប់»។
ឆ្លើយតបនឹងបញ្ហានេះ ចៅសង្កាត់អូរតាវ៉ៅ លោក សួន អ៊ន មានប្រសាសន៍ថា អាជ្ញាធរសង្កាត់នឹងចេញលិខិតបញ្ជាក់ទីលំនៅឲ្យភ្លាម ប្រសិនបើប្រជាពលរដ្ឋមានឯកសារបញ្ជាក់គ្រប់គ្រាន់មកបង្ហាញ។ លោកអះអាងថា កន្លងមក ប្រជាពលរដ្ឋភាគច្រើនជាអ្នកចំណាកស្រុកមករស់នៅបណ្ដោះអាសន្នក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ហើយអ្នកខ្លះពុំមានឯកសារយកបង្ហាញ ដើម្បីចេញលិខិតបញ្ជាក់ទីលំនៅជូនពួកគាត់នោះទេ៖ «បើច្បាស់ ឲ្យគាត់យកសំបុត្របញ្ជាក់កំណើតមក។ ខ្ញុំបញ្ជាក់ឲ្យបានហើយ និងមានរូបថត ២សន្លឹក។ មានអ្នកណាគេទៅធ្វើអីមិនឲ្យគេចុះឈ្មោះនោះទេ!»។
ទោះជាយ៉ាងនេះក្ដី អនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន លោក ឃឹម ប៉ុន អះអាងថា ប្រជាពលរដ្ឋមានឯកសារបញ្ជាក់គ្រប់គ្រាន់ ក៏ប៉ុន្តែចៅសង្កាត់នេះមានចេតនារារាំងមិនឲ្យប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតបាន។ លោកបន្ថែមថា ក្រៅអំពីសង្កាត់អូរតាវ៉ៅ នៅមានសង្កាត់៤ ផ្សេងទៀតក្នុងខេត្តមួយនេះ ដែលប្រជាពលរដ្ឋមិនអាចចុះឈ្មោះបោះឆ្នោតបាន ដោយសារគ្មានលិខិតបញ្ជាក់ទីលំនៅពីចៅសង្កាត់ដូចគ្នា៖ «ដោយសារខាងអាជ្ញាធរមានការណែនាំជាប្រព័ន្ធដកហូតសៀវភៅបញ្ជាក់ទីលំនៅពីសង្កាត់ បើឃុំដែលអស់សៀវភៅ វាជារឿងមួយមិនអីទេ ប៉ុន្តែឃុំដែលមានសៀវភៅហើយ ក៏ដកហូតសៀវភៅយកទៅវិញ មិនចេញឲ្យ។ ខ្ញុំថារឿងនេះជាចេតនារារាំងពលរដ្ឋតែម្ដង»។
លោកបន្ថែមថា ប្រជាពលរដ្ឋមិនអាចចុះឈ្មោះបោះឆ្នោតបាននៅក្នុងខេត្តនេះប្រមាណជាង ១ពាន់នាក់។
ប៉ុន្តែចៅសង្កាត់អូរតាវ៉ៅ បានបដិសេធចំពោះការចោទប្រកាន់របស់មន្ត្រីគណបក្សប្រឆាំងនេះ ថាជារឿងមិនពិតឡើយ។
អាស៊ីសេរី ពុំអាចទាក់ទងប្រធានលេខាធិការគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន អ្នកស្រី ប៊ុន សុភី ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៧ វិច្ឆិកា។
ទោះបីជាយ៉ាងនេះក្ដី ប្រធានផ្នែកស៊ើបអង្កេត និងតស៊ូមតិអង្គការខុមហ្វ្រែល (COMFREL) លោក កង សាវាង្ស មានប្រសាសន៍ថា ករណីនេះប្រសិនបើជារឿងពិត គឺជាករណីមួយដែលអាជ្ញាធរមានចេតនារារាំងមិនឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ហើយចាត់ជាអំពើខុសច្បាប់ធ្ងន់ធ្ងរ។ លោកបន្ថែមថា អង្គការខុមហ្វ្រែលនឹងបញ្ជូនបុគ្គលិកចុះស្រាវជ្រាវបញ្ហានេះក្នុងពេលឆាប់ៗ៖ «គ្រាន់តែខុសទីតាំងដោយសារបែងចែកឃុំ បែងចែកភូមិ វាមិនមែនជារឿងដែលខ្វះឯកសារទេ គឺអាជ្ញាធរអាចធ្វើលិខិតបញ្ជាក់ទីលំនៅជូនគេបាន។ ឃុំអត់អាចបដិសេធមិនធ្វើឲ្យប្រជាពលរដ្ឋបានទេ ហើយបើសិនករណីនេះជាចេតនាមែនទែន ឃុំនោះគឺត្រូវមានទោសធ្ងន់ធ្ងរហើយ»។
នៅខេត្តជាប់ព្រំដែនប្រទេសថៃ មួយនេះមានចំនួន ៨ឃុំ-សង្កាត់ និងមានប្រជាពលរដ្ឋដែលមកចុះឈ្មោះបោះឆ្នោតរួច គិតត្រឹមថ្ងៃទី២៥ វិច្ឆិកា សរុបជាង ៣ម៉ឺន ៥ពាន់នាក់ (៣៥.២៤៣នាក់) ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតជាង ៤ម៉ឺន ២ពាន់នាក់ (៤២.០២៤នាក់)៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment