Sunday, November 27, 2016

ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ចោទ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ថា​មិន​បង្ក្រាប​បទល្មើស​នេសាទ

ពលរដ្ឋ​រស់នៅ​ភូមិ​ស្នោឈើទាល ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង លោក សេង បឿន ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Chin Chetha


ពលរដ្ឋ​រស់នៅ​ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង រិះគន់​មន្ត្រី​រដ្ឋបាល​ជំនាញ​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន ថា​មិន​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដែល​នាំ​ឲ្យ​ហិនហោច​ធនធាន​មច្ឆជាតិ និង​រំខាន​ដល់​ការ​បង្កបង្កើនផល​កសិកម្ម​តាម​មាត់​ទន្លេ។ អាជ្ញាធរ​ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​ពិត​ជា​កើត​មាន​ច្រើន​នៅ​ឃុំ​ផ្លូវទូក ហើយ​ទប់ស្កាត់​ពុំ​មាន​ប្រសិទ្ធភាព។

របាំង​ដាក់​លប​ចំនួន ៦​ខ្សែ​ដែល​មាន​ប្រវែង​មិន​តិច​ជាង ២​គីឡូម៉ែត្រ​ចាប់​ពី​ចំណុច​ក្បាល​កោះ​ស្វាយ​កាប ដល់​ចំណុច​ចុង​កន្ទ្រ នៃ​ឃុំ​ផ្លូវទូក មិន​ត្រូវ​បាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​ឡើយ។ ពលរដ្ឋ​ថា របាំង​ទាំងនេះ​បាន​ដាក់​ស្ទះ​ផ្លូវ​ទឹក​បង្ក​ឲ្យ​ពើក ឬ​មមោក​ដែល​ដុះ​ក្រាស់​លើ​ផ្ទៃ​ទឹក មិន​អាច​ហូរ​តាម​ទឹក​ចេញ​ពី​ចម្ការ​របស់​ពលរដ្ឋ​នៅ​រដូវ​ទឹក​ស្រក​វិញ ហើយ​កសិករ​នឹង​លំបាក​ភ្ជួរ​ដី​ព្រោះ​ល្ង និង​ដាំ​ល្ពៅ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ស្នោឈើទាល ឃុំ​ផ្លូវទូក លោក សេង បឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ថា ម្ចាស់​របាំង​ដាក់​លប​ឡុក​ទាំង​៦ ដែល​បាន​ដាក់​តាំង​ពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៦ មិន​ព្រម​រុះរើ​របាំង​របស់​ខ្លួន​ចេញ​ពី​ក្បែរ​ចម្ការ​លោក​ឡើយ ដោយ​អះអាង​ថា​បាន​បង់​ប្រាក់​ឲ្យ​មន្ត្រី​ជំនាញ​ជលផល​ហើយ។ បញ្ហា​នេះ លោក​បាន​ទៅ​ប្ដឹង​អាជ្ញាធរ​ភូមិ និង​ឃុំ​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​គេ​មិន​អើពើ៖ «ភូមិ-ឃុំ​ថា​គេ​អត់​មាន​លទ្ធភាព​ធ្វើ​ការ​ទេ ព្រោះ​អា​ហ្នឹង​ខាង​ជលផល។ ចុះ​បើ​ខាង​ជលផល​ទៅ​រាល់​ដង ធ្មេច​តែ​ភ្នែក​សោះ របាំង​រាប់​គីឡូ​ដី សូម្បី​តែ​មើល​ទៅ​តាម​ព្រែក​ក៏​ឃើញ​ច្រូងច្រាង​ដែរ។ ប៉ះពាល់​ធ្វើ​ចម្ការ​អត់​កើត ព្រោះ​មាន​ពើក មួយ​របាំងៗ​រាប់​គីឡូ​ដី​ចុះ​ទៅ​ខាង​កើត​ក្នុង​ព្រៃ​ស្រោង ហើយ​ព្រៃ​ហ្នឹង​ព្រៃ​អភិរក្ស​ទៀត (ព្រៃ​លិច​ទឹក)»។

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក សោម ភិរុណ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។ ចំណែក​មេ​ឃុំ​ផ្លូវទូក លោក ចេង ភាគ ថ្លែង​ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​ក្នុង​ឃុំ​លោក​ពិត​ជា​កើត​មាន​ច្រើន ប៉ុន្តែ​លោក​ពុំ​មាន​សមត្ថកិច្ច​ទៅ​បង្ក្រាប ឬ​កាង​បទល្មើស​នោះ​ទេ ដោយ​គ្រាន់​តែ​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​បញ្ឈប់ តែ​ពួក​គេ​ភាគច្រើន​មិន​ស្ដាប់៖ «ប្រជាពលរដ្ឋ​ខ្ញុំ​ដែល​រក​ហ្នឹង​វា​ប្រាកដ​ហើយ វា​ខុស​ច្បាប់​នោះ អា​ហ្នឹង​សម្រេច​លើ​សមត្ថកិច្ច​ទេ ព្រោះ​មាន​សមត្ថកិច្ច​ជា​អ្នក​តម្រឹម និង​កាប់​រុះរើ​អី​ហ្នឹង​មាន។ ហើយ​ទោះ​បី​ជា​យើង​ដាក់​បម្រាម​ដល់​គាត់​អី គាត់​បាន​ត្រឹម​តែ​ស្ដាប់​ទេ​ប្អូន! មាន​មិន​ថា​អត់​ទេ រហូត​ដល់​ចំណុច​វាល​ភក់​ណោះ»។

មន្ត្រី​សម្របសម្រួល​សហគមន៍​របស់​អង្គការ​ហ្វេកខ៍ (Fact) ខេត្ត​កំពង់ឆ្នាំង លោក អ៊ុក សុផាត ថ្លែង​ថា បទល្មើស​នេសាទ​ដែល​កើត​មាន​នៅ​ឃុំ​ផ្លូវទូក បង្ក្រាប​មិន​ចេះ​អស់ ប៉ុន្តែ​កន្លង​ទៅ​ខាង​លោក និង​មន្ត្រី​ជលផល ក៏​ធ្លាប់​រួម​គ្នា​ដោះស្រាយ​ដែរ។ លោក​នឹង​រាយការណ៍​រឿង​នេះ​ទៅ​ជំនាញ​ជលផល និង​អាជ្ញាធរ​ដើម្បី​ដោះស្រាយ តែ​លោក​យល់​ថា​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​បទល្មើស​ភាគច្រើន​កើត​ឡើង​ជា​ប្រព័ន្ធ៖ «ខ្ញុំ​ធ្លាប់​ទទួល​បាន​ដំណឹង​នេះ​ដែរ គឺ​ថា​បទល្មើស​នៅ​ផ្លូវ​ទូក​ហ្នឹង​ឯង វា​ទៅ​ជា​ប្រព័ន្ធ ដូច​ថា​បទល្មើស​មាន​ច្រើន​អ៊ីចឹង អា​បញ្ហា​ហ្នឹង​ដោះស្រាយ​អត់​ចប់ ដោះស្រាយ​ហើយ​កើត​វិញ»។

ច្បាប់​ស្ដីពី​ជលផល​មាត្រា​៤១ ត្រង់​ចំណុច​ទី​៣ បាន​ហាមឃាត់​ការ​ធ្វើ​នេសាទ​ក្នុង​កន្លែង​បម្រុង​ដោយ​ប្រើ​ឧបករណ៍​គ្រប់​ប្រភេទ រួម​ផ្សំ​ដោយ​របាំង​ព្រួល​ដែល​មាន​បណ្ដោយ​លើស​ពី ៥០​ម៉ែត្រ ឬ​លាត​សន្ធឹង​លើស​ពី​ពីរ​ភាគ​បី​នៃ​ទទឹង​មុខ​ទឹក ឬ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ជលយាន​គ្រប់​ប្រភេទ។ ជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នេះ ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ពី​រដ្ឋបាល​ជលផល​ជា​ប្រាក់​ពី ៥​លាន ដល់ ១០​លាន​រៀល៕

No comments:

Post a Comment