Sunday, November 20, 2016

ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជួយ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ

ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជួយ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ

ប៉ូលិស​ស្រុក​អូរយ៉ាដាវ ចុះ​រឹប​អូស​ឈើ​ដែល​កាប់​ពី​ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ratha Visal


សហគមន៍​ជនជាតិ​ដើម​ភាគតិច​គ្រឹង ភូមិ​តឺន ឃុំ​តឺន ស្រុក​កូនមុំ ខេត្ត​រតនគិរី អះអាង​ថា ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍ និង​តំបន់​គម្រប​ព្រៃ​ឈើ​អភិរក្ស​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជនជាតិ​ចាម កាប់​រាន​យក​ដី និង​កាប់​យក​ឈើ​មាន​តម្លៃ​លក់​ទៅ​ទីផ្សារ។

តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ឃុំ​តឺន អំពាវនាវ​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា សុំ​ឲ្យ​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រញាប់​ចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ដែល​កំពុង​កើត​មាន​កាន់​តែ​ច្រើន​នៅ​ក្នុង​ព្រៃ​អភិរក្ស។

សេចក្តី​រាយការណ៍​របស់​សហគមន៍​ភូមិ​តឺន ចាប់​ពី​ដើម​ឆ្នាំ​២០១៦ រហូត​មក ជនជាតិ​ចាម ដែល​ចូល​មក​រស់នៅ​ក្នុង​ភូមិ គឺ​ជា​អ្នក​ចូល​ព្រៃ​កាប់​រាន​ព្រៃ​ធ្វើ​ចម្ការ និង​កាប់​ឈើ​មាន​តម្លៃ​បែប​អនាធិបតេយ្យ។

ប្រធាន​សហគមន៍​ភូមិ​តឺន លោក ប៊ុន ស្រួច បញ្ជាក់​ថា ព្រៃ​សហគមន៍ និង​គម្រប​ព្រៃ​ស្រោង​នៅ​ចំណុច​ភ្នំ​កាចាង ត្រូវ​ជនជាតិ​ចាម ចូល​កាប់​រាន​ជា​ថ្មី មិន​ថា​ពេល​យប់ ឬ​ថ្ងៃ​នោះ​ទេ។ លោក​ថា ជនជាតិ​ចាម​ខ្លះ​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​ចម្ការ ខ្លះ​ទៀត​កាប់​យក​ឈើ​ប្រណិត និង​ឈើ​ប្រភេទ​លេខ​១ ដឹក​ជញ្ជូន​ដោយ​ម៉ូតូ​ច្រើន​ជើង​ក្នុង​មួយ​ថ្ងៃៗ នាំ​ចេញ​ទៅ​លក់​ឲ្យ​ឈ្មួញ​ក្នុង​ក្រុង​បានលុង។ លោក​ថា ជនជាតិ​ចាម ទាំងនោះ មិន​បាន​គោរព​តាម​បទបញ្ជា និង​លក្ខន្តិកៈ​សហគមន៍​ដែល​អភិរក្ស​ព្រៃ​ឈើ​នោះ​ទេ៖ «ជួយ​ចុះ​ផ្ទាល់​មើល​ស្រាវជ្រាវ​ជាក់ស្តែង​មើល បើ​យើង​ថា​រៀប​រាប់​មិន​អស់​ទេ​រាល់​យប់​រាល់​ថ្ងៃ ឈើ​ខ្ទេចខ្ទី​អស់​ហើយ កាប់​ក្នុង​ព្រៃ»។

ព្រៃ​សហគមន៍​ឃុំ​តឺន មាន​ទំហំ​ជាង ៤​ពាន់​ហិកតារ មាន​ទីតាំង​នៅ​ជាប់​នឹង​គម្រប​ព្រៃ​ស្រោង​គ្រប់គ្រង​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ។ កាល​ពី​ឆ្នាំ​២០១២ សហគមន៍​បាន​រក​ឃើញ​ជនជាតិ​ចាម ដូច​គ្នា​ជួល​កម្មករ​កាប់​ឆ្ការ​ព្រៃ និង​កាប់​យក​ឈើ​មាន​តម្លៃ​ពី​ក្នុង​ព្រៃ ទើប​សហគមន៍​សុំ​កម្លាំង​រដ្ឋបាល​ព្រៃ​ឈើ​បង្ក្រាប​បាន​ស្ងប់ស្ងាត់​មួយ​រយៈ។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី បញ្ជាក់​ថា សហគមន៍​បាន​ផ្តល់​ព័ត៌មាន និង​សុំ​ឲ្យ​សមាគម​ជួយ​អន្តរាគមន៍​ទៅ​មន្ត្រី​ជំនាញ ជួយ​បង្ក្រាប​ករណី​នេះ។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ចុះ​ពិនិត្យ​សេចក្តី​រាយការណ៍​របស់​សហគមន៍ ដើម្បី​ចាត់​វិធានការ​បង្ក្រាប ប្រសិន​បើ​មាន​បទល្មើស​ព្រៃ​ឈើ​នោះ​មែន៖ «គាត់​ពុំ​មាន​លទ្ធភាព​ទប់ស្កាត់​ទេ ដោយសារ​មាន​កម្លាំង​ពី​ខាង​ក្រៅ មាន​ឈ្មួញ​ជា​បង្អែក​ក្រោយ​ខ្នង ហើយ​សមត្ថកិច្ច​នៅ​ទីនោះ​មិន​បាន​ទប់ស្កាត់​បាន​ល្អ ហើយ​សហគមន៍​គាត់​អស់​សង្ឃឹម»។

ឆ្លើយតប​សេចក្តី​រាយការណ៍​នេះ មេ​ឃុំ​តឺន លោក តឺន ឡាំឃុន បដិសេធ​ថា​មិន​មាន​បទល្មើស​ព្រៃ​ឈើ​ថ្មី​កើត​មាន​ដូច​សេចក្តី​រាយការណ៍​នោះ​ទេ។ លោក​ទទួល​ស្គាល់​ថា ជនជាតិ​ចាម មួយ​ចំនួន​តូច​បាន​ចូល​ព្រៃ​ប្រមូល​ឈើ​ចាស់ៗ​បន្សល់​ចោល​ក្នុង​ព្រៃ​ធ្វើ​ជា​របរ​ចិញ្ចឹម​ជីវិត៖ «ម្នាក់​ពីរ​នាក់​ខ្ញុំ​ឃើញ​មែន។ យើង​មិន​អាច​ថា​គាត់​កាប់​ឈើ​ថ្មី​ក្នុង​ព្រៃ គេ​ដើរ​រើស​អ៊ីចឹង។ ធ្វើ​ម៉េច​ខ្ញុំ​ឃាត់​ដែរ គេ​នៅ​តែ​ចចេស»។

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី សុំ​បញ្ជាក់​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា។

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា បញ្ជាក់​ដែរ​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ៖ «សួរ​ឲ្យ​ច្បាស់​មើល! យ៉ាង​ម៉េច​យើង​ត្រូវ​តែ​ទប់ស្កាត់​ដែរ ឲ្យ​តែ​មាន​រឿង​កាប់»។

ចាប់​ពី​ដើម​ឆ្នាំ​២០១៦ រហូត​មក បទល្មើស​ព្រៃ​ឈើ​ដែល​ធ្លាប់​មាន​តាម​បណ្ដា​ក្រុមហ៊ុន​សម្បទាន​នៅ​ខេត្ត​រតនគិរី បាន​ស្ងប់ស្ងាត់ ក៏ប៉ុន្តែ​សហគមន៍​អភិរក្ស​ព្រៃ​ឈើ​មួយ​ចំនួន បាន​រក​ឃើញ​បទល្មើស​ព្រៃ​ឈើ​ថ្មី​កើន​ឡើង​ក្នុង​ព្រៃ​សហគមន៍​ការពារ។ ជន​ប្រព្រឹត្តិ​ល្មើស​មួយ​ចំនួន​ជា​សមាជិក​ក្នុង​សហគមន៍ និង​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍ បាន​លួច​កាប់​ឈើ​លក់​ទៅ​ឲ្យ​ឈ្មួញ​នាំ​ចេញ​ទៅ​ទីផ្សារ៕

No comments:

Post a Comment