សង្គមស៊ីវិលថាក្រុមហ៊ុនមួយចំនួននៅខេត្តកោះកុងមិនទាន់ផ្អាកសកម្មភាពបូមខ្សាច់
អ្នកឃ្លាំមើលការងារអភិវឌ្ឍន៍សង្គម បានចោទថា សកម្មភាពរបស់ក្រុមហ៊ុនបូមខ្សាច់សមុទ្រនៅខេត្តកោះកុង បានបន្តធ្វើសកម្មភាពបូមខ្សាច់ និងនាំចេញទៅកាន់ក្រៅប្រទេសមិនទាន់ផ្អាកសកម្មភាពទេ ទោះបីថ្មីៗនេះ មន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល បានប្រកាសផ្អាកមិនឲ្យធ្វើអាជីវកម្មជាបណ្ដោះអាសន្នបែបណាក្តី។
អង្គការសង្គមស៊ីវិល និងសកម្មជនការពារធនធានធម្មជាតិមួយចំនួនប្រចាំខេត្តកោះកុង បានអះអាងថា អាជីវកម្មបូមខ្សាច់ និងនាំខ្សាច់ចេញទៅក្រៅប្រទេសរបស់ក្រុមហ៊ុនមួយចំនួន នៅតែបន្តកើតមានរាល់ថ្ងៃនេះ។ ពួកគេស្នើដល់លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិសេសប្រមុខដឹកនាំរាជរដ្ឋាភិបាល ឲ្យពិចារណាឡើងវិញទៅលើការផ្តល់អាជ្ញាប័ណ្ណជូនដល់ក្រុមហ៊ុនបូមខ្សាច់សមុទ្រ ដែលកំពុងធ្វើសកម្មភាពនៅខេត្តកោះកុង ឬឈានដល់លុបចោលអាជ្ញាប័ណ្ណ ឬច្បាប់អនុញ្ញាតពីក្រុមហ៊ុនបូមខ្សាច់ទាំងនោះ ហើយងាកមកអភិរក្សធនធានធម្មជាតិ មានខ្សាច់សមុទ្រ ព្រៃកោងកាង និងត្រីសមុទ្រឲ្យសម្បូរបែបដូចដើមវិញនាថ្ងៃអនាគត។
អ្នកសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តកោះកុង លោក អ៊ិន គង់ជិត ផ្តល់សម្ភាសឲ្យអាស៊ីសេរី នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ថា រាល់ថ្ងៃនេះសកម្មភាពក្រុមហ៊ុនបូមខ្សាច់នៅតាមតំបន់ ឬស្រុកមួយចំនួននាមូលដ្ឋាននេះ បានបន្តធ្វើអាជីវកម្ម និងនាំចេញទៅក្រៅប្រទេសមិនទាន់ផ្អាកសកម្មភាពទេ។ អ្នកឃ្លាំមើលសង្គមរូបនេះបានអះអាងថា សព្វថ្ងៃនេះ យ៉ាងហោចណាស់មានក្រុមហ៊ុនបូមខ្សាច់ចំនួន ៣ក្រុមហ៊ុន បានបន្តធ្វើសកម្មភាពបូមខ្សាច់ មិនញញើត ឬមិនខ្វល់ទៅលើចំណាត់ការផ្សេងៗរបស់ក្រសួងរ៉ែ និងថាមពល ឬមន្ត្រីជំនាញ បានដាក់ឲ្យអនុវត្តនោះទេ។
លោក អ៊ិន គង់ជិត កត់សម្គាល់ថា រាល់ថ្ងៃនេះ គេឃើញមានសកម្មភាពរបស់សាឡង់បូមខ្សាច់ក្រុមហ៊ុនមួយចំនួន បានបន្តធ្វើអាជីវកម្មជាធម្មតា ហើយសកម្មភាពដឹកខ្សាច់ចេញពីទីតាំងមួយទៅកាន់ទីតាំងផ្សេង ឬចេញទៅក្រៅប្រទេស ក៏នៅតែបន្តកើតមានដែរ៖ «កន្លងមកសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនដែលមិនមានលទ្ធផលនៃការវាយតម្លៃពីផលប៉ះពាល់បរិស្ថាននៅខេត្តកោះកុង នេះ គឺបានបំផ្លាញដល់ព្រៃកោងកាង ប៉ះពាល់ដល់ការរកធ្វើរបរនេសាទរបស់ប្រជាសហគមន៍នេសាទនៅតាមតំបន់នានា ដែលមានសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនមួយចំនួន ហើយនាំឲ្យពលរដ្ឋនៅតាមសហគមន៍ទាំងនោះបាត់ចំណូលចិញ្ចឹមជីវិតពីការធ្វើរបរនេសាទសមុទ្រ»។
ផ្ដើមពីបញ្ហានេះ លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការលីកាដូ ខេត្តកោះកុង បានទទូចដល់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយពិចារណាឈានដល់លុបចោលអាជ្ញាប័ណ្ណដែលក្រសួងរ៉ែ បានផ្តល់ជូនក្រុមហ៊ុនកន្លងមក ហើយងាកមកគ្រប់គ្រងចំណូលដែលទទួលបានពីខ្សាច់សមុទ្រ និងថែរក្សាអភិរក្សខ្សាច់សមុទ្រឲ្យបានត្រឹមត្រូវឡើងវិញ។
ស្រដៀងគ្នាដែរ អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តកោះកុង លោក ញៀប សំអឿន ក៏បានកត់សម្គាល់ថា សកម្មភាពរបស់សាឡង់បូមខ្សាច់មួយចំនួន ពិតជាបន្តធ្វើអាជីវកម្មរាល់ថ្ងៃពិតមែន។ លោកអះអាងថា យ៉ាងហោចណាស់មានក្រុមហ៊ុនបូមខ្សាច់ចំនួន ៣ក្រុមហ៊ុន បានបន្តបូមខ្សាច់ចេញពីតាមដៃសមុទ្រមួយចំនួននាខេត្តកោះកុង មាននៅស្រុកស្រែអំបិល ស្រុកបុទុមសាគរ និងស្រុកកោះកុង ជាដើម។
លោក ញៀប សំអឿន រិះគន់ថា បទបញ្ជា ឬលិខិតអន្តរាគមន៍នានារបស់មន្ត្រីក្រសួងរ៉ែ និងថាមពល ដែលតម្រូវឲ្យក្រុមហ៊ុនបូមខ្សាច់មួយចំនួន ត្រូវធ្វើអាជីវកម្មឲ្យមានបច្ចេកទេស ដោយសិក្សាពីផលប៉ះពាល់អំពីបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍នីមួយៗជាដើម នាពេលកន្លងមក មិនត្រូវបានក្រុមហ៊ុនអនុវត្តតាមនោះទេ ហើយក្រសួងរ៉ែ ក៏គ្មានចំណាត់ការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុនល្មើសទាំងនោះដែរ។
ជាងនេះទៀត លោក ញៀប សំអឿន ក៏បានចោទលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថាគ្មានលទ្ធភាព ឬអសមត្ថភាពក្នុងការចុះអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវទៅលើម្ចាស់ក្រុមហ៊ុនបូមខ្សាច់ទាំងឡាយណា ដែលមិនព្រមអនុវត្តបច្ចេកទេសបូមខ្សាច់ឲ្យស្របតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ បានដាក់ចេញនោះទេ។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមរូបនេះ ក៏ស្នើឲ្យប្រមុខដឹកនាំ ពិចារណាទៅលើការចេញអាជ្ញាប័ណ្ណរបស់ក្រសួងរ៉ែ និងថាមពល ឬឈានដល់លុបចោលច្បាប់អនុញ្ញាតពីក្រុមហ៊ុនបូមខ្សាច់ដែលបានធ្វើសកម្មភាពបំផ្លាញដល់បរិស្ថាន និងធនធានធម្មជាតិ ព្រៃកោងកាង ខ្សាច់សមុទ្រ និងត្រីសមុទ្រគ្រប់ប្រភេទជាថ្មីឡើងវិញ៖ «យើងឃើញក្រសួងរ៉ែ និងថាមពល បានចេញលិខិតអន្តរាគមន៍ទៅក្រុមហ៊ុនបូមខ្សាច់ ឲ្យផ្អាកសកម្មភាពបូមជាបណ្ដោះអាសន្នរួចហើយ ប៉ុន្តែយើងឃើញក្រុមហ៊ុនបូមខ្សាច់ទាំងនោះ នៅតែបន្តធ្វើអាជីវកម្មដដែល ដោយមិនស្តាប់តាមការណែនាំរបស់ក្រសួងរ៉ែ នោះទេ។ យើងជាសង្គមស៊ីវិល នៅតែមានចម្ងល់ទៅលើចំណាត់ការរបស់ក្រសួងរ៉ែ ដែលបង្ហាញពីភាពកំសាកក្នុងការទប់ស្កាត់សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនបូមខ្សាច់នានា ដែលបន្តធ្វើសកម្មភាព នាំឲ្យប៉ះពាល់ដល់បរិស្ថាន ខ្សាច់សមុទ្រ និងពូជត្រីគ្រប់ប្រភេទនៅតាមតំបន់នានាក្នុងខេត្តកោះកុង»។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តកោះកុង លោក ញៀប សំអឿន បានរិះគន់ថា កន្លងមកចំណាត់ការ ឬសេចក្តីសម្រេចផ្សេងៗរបស់ក្រសួងរ៉ែ និងថាមពល ទាក់ទងនឹងក្រុមហ៊ុនបូមខ្សាច់ ឬការនាំចេញខ្សាច់សមុទ្រទៅក្រៅប្រទេស នៅតែមិនទាន់មានការបំភ្លឺជាលាយលក្ខណ៍អក្សរ ឬចេញមុខបំភ្លឺជាសាធារណៈឲ្យមានតម្លាភាពនៅឡើយទេ។
ទន្ទឹមគ្នានេះ ទាំងក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនការពារធនធានធម្មជាតិមួយចំនួន បានស្នើឲ្យក្រសួងរ៉ែ និងថាមពល ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពិចារណាផ្អាកធ្វើអាជីវកម្មនាំចេញខ្សាច់សមុទ្រទៅក្រៅប្រទេស ដើម្បីឈានទៅរកការគ្រប់គ្រងធនធានខ្សាច់ឲ្យមាននិរន្តរភាព ពិសេសការគ្រប់គ្រងប្រាក់ចំណូលពីអាជីវកម្មនេះឲ្យមានតម្លាភាពត្រឹមត្រូវ។
ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានទាមទារឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឲ្យពិចារណាផ្អាកការធ្វើអាជីវកម្មនាំចេញខ្សាច់សមុទ្រទៅក្រៅប្រទេសជាបណ្ដោះអាសន្ន។ ក្នុងនោះក៏ទាមទារឲ្យមន្ត្រីជំនាញស្ថាប័ននេះ ស្រាយបំភ្លឺចំពោះចម្ងល់ទាំងឡាយរបស់សង្គមស៊ីវិល ជុំវិញភាពមិនប្រក្រតីនៃការផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុននានា ឲ្យធ្វើអាជីវកម្មនាំខ្សាច់ចេញទៅក្រៅប្រទេស និងការគ្រប់គ្រងប្រាក់ចំណូល។
សំណើរបស់ក្រុមសង្គមស៊ីវិលដែលស្នើឲ្យថ្នាក់ដឹកនាំក្រសួងរ៉ែ បំភ្លឺទៅលើការនាំខ្សាច់ចេញទៅក្រៅប្រទេស ធ្វើឡើងនៅអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល នៅក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងការនាំចេញខ្សាច់ទៅបរទេសកាលពីថ្ងៃទី១១ ខែវិច្ឆិកា។
កិច្ចប្រជុំបិទទ្វាររវាងមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល និងសង្គមស៊ីវិលកាលណោះ បានចំណាយពេលជាង ៤ម៉ោង ដោយមិនអនុញ្ញាតឲ្យក្រុមអ្នកកាសែតចូលរួមស្តាប់ ឬយកព័ត៌មាននោះទេ។
ក្រោយកិច្ចប្រជុំ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានផ្តល់សម្ភាសឲ្យអ្នកកាសែតថា មន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល មិនទាន់បកស្រាយឲ្យចំបញ្ហាដែលសង្គមស៊ីវិលទាមទារឲ្យបំភ្លឺទៅលើមន្ទិលសង្ស័យ ករណីប្រទេសកម្ពុជា បាត់លុយជាង ៧៥០លានដុល្លារសហរដ្ឋអាមេរិកពីការនាំចេញខ្សាច់ទៅលក់នៅប្រទេសសិង្ហបុរី នោះទេ។
យ៉ាងនេះក្តី ក្រុមសង្គមស៊ីវិលជាង ១០ស្ថាប័ន ដែលចូលរួមកិច្ចប្រជុំនោះ បានជំរុញឲ្យក្រសួងរ៉ែ និងថាមពល ឲ្យផ្អាកសកម្មភាពរបស់ក្រុមហ៊ុនបូមខ្សាច់នាំចេញខ្សាច់ទៅក្រៅប្រទេសជាបណ្ដោះអាសន្ន ដើម្បីទុកពេលឲ្យក្រសួងបំភ្លឺទៅលើភាពមិនប្រក្រតីនៃការនាំចេញខ្សាច់ចេញទៅក្រៅប្រទេស ជូនសាធារណជនឲ្យបានត្រឹមត្រូវជាមុនសិន។
បញ្ហានេះ អាស៊ីសេរី មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា ដើម្បីស្នើការបំភ្លឺទៅលើសកម្មភាពរបស់ក្រុមហ៊ុនបូមខ្សាច់ ដែលសង្គមស៊ីវិលខេត្តកោះកុង អះអាងថាបានបន្តធ្វើអាជីវកម្មរាល់ថ្ងៃបានទេតាមទូរស័ព្ទ នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា។
យ៉ាងនេះក្តី សមាជិកអង្គការមាតាធម្មជាតិ លោក សាន់ ម៉ាឡា បានអះអាងប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា គេសង្កេតឃើញក្រុមហ៊ុនសាឡង់បូមខ្សាច់ខ្លះដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល បានផ្អាកសកម្មភាពបូមខ្សាច់ជាបណ្ដោះអាសន្ននៅពេលថ្ងៃ ប៉ុន្តែក្រុមហ៊ុនមួយចំនួនបានធ្វើអាជីវកម្មបូមខ្សាច់នៅពេលយប់ជ្រៅជំនួសវិញ។
សកម្មជនការពារធនធានធម្មជាតិរូបនេះ នៅតែព្រួយបារម្ភអំពីការបាត់បង់ធនធានខ្សាច់សមុទ្រ ព្រៃកោងកាង និងពូជត្រីសមុទ្រគ្រប់ប្រភេទដែលរងផលប៉ះពាល់ពីការផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនបូមខ្សាច់របស់ក្រសួងរ៉ែ និងថាមពល ហើយដែលក្រុមហ៊ុនទាំងនោះមិនបានសិក្សាពីផលប៉ះពាល់បរិស្ថានឲ្យមានបច្ចេកទេសត្រឹមត្រូវជាមុន ដូចបានធ្វើសកម្មភាពបូមខ្សាច់អនាធិបតេយ្យរាល់ថ្ងៃនេះ៖ «ថ្មីៗនេះដូចយើងបានដឹងហើយថា វាមានភាពមិនប្រក្រតីច្រើនទាក់ទងនឹងអាជីវកម្មបូមខ្សាច់នៅកម្ពុជា និងការនាំចេញខ្សាច់ទៅកាន់ក្រៅប្រទេស។ ហើយបញ្ហានេះ ខាងក្រសួងរ៉ែ ក៏ចង់មានពេលធ្វើការសិក្សាស្វែងយល់ និងស្រាវជ្រាវបន្ថែមទាក់ទងនឹងការធ្វើអាជីវកម្មខ្សាច់នៅកម្ពុជា ហើយក៏បានតម្រូវឲ្យក្រុមហ៊ុនបូមខ្សាច់ទាំងអស់ផ្អាកសកម្មភាពបូមខ្សាច់ជាបណ្ដោះអាសន្ន ដើម្បីទុកពេលឲ្យមន្ត្រីជំនាញក្រសួងមានពេលស្រាវជ្រាវទៅលើព័ត៌មានពីភាពមិនប្រក្រតីនៃការបាត់ចំណូលពីការនាំខ្សាច់ចេញទៅក្រៅប្រទេស មុននឹងផ្តល់អាជ្ញាប័ណ្ណឲ្យបូមខ្សាច់ និងការនាំខ្សាច់ចេញទៅក្រៅប្រទេសជាបន្តទៀតនាថ្ងៃខាងមុខ»។
ទោះជាបែបណាក្តី អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បានឲ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១១ ខែវិច្ឆិកា ថា ក្រសួងនឹងសិក្សាស្រាវជ្រាវបន្ថែមជុំវិញអាជីវកម្មនាំចេញខ្សាច់ទៅក្រៅប្រទេសឲ្យបានស៊ីជម្រៅ។ ជាងនេះទៀត ក្រសួងក៏បានស្នើសុំកិច្ចសហការពីក្រុមអង្គការសង្គមស៊ីវិល ឲ្យជួយផ្ដល់ទិន្នន័យ និងព័ត៌មានពីភាពមិនប្រក្រតីរបស់ក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់នីមួយៗនៅតាមតំបន់ ដែលក្រសួងបានផ្តល់អាជ្ញាប័ណ្ណកន្លងមក។
ទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ បង្ហាញថា រយៈពេល ៨ឆ្នាំ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ ប្រទេសកម្ពុជា បាននាំចេញខ្សាច់ទៅប្រទេសសិង្ហបុរី ជិត ៣លានតោន (២.៧៧៤.៦១៣តោន) គិតជាទឹកប្រាក់ជាង ៥លានដុល្លារសហរដ្ឋអាមេរិក (៥.៥៥៧.៣៦៩ដុល្លារ) ប៉ុន្តែបើពិនិត្យមើលទិន្នន័យដែលប្រទេសសិង្ហបុរី នាំចូលខ្សាច់ពីកម្ពុជា វិញ មានរហូតទៅជាង ៧៣លានតោន ដែលគិតជាទឹកប្រាក់ប្រមាណ ៧៥០លានដុល្លារអាមេរិក (៧៥២.៧៦១.៩៧៨ដុល្លារ) ឯណោះ។
ផ្ដើមពីភាពមិនប្រក្រតីនេះ ក្រុមសង្គមស៊ីវិលដែលបានចូលរួមកិច្ចប្រជុំជាមួយមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល កាលពីសប្ដាហ៍មុន នៅតែទទូចស្នើឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បកស្រាយឲ្យច្បាស់ពាក់ព័ន្ធភាពខុសគ្នានៃទិន្នន័យដ៏ចម្រូងចម្រាសពីការនាំចេញខ្សាច់ទៅក្រៅប្រទេសឲ្យបានច្បាស់លាស់៕
No comments:
Post a Comment