Sunday, November 27, 2016

កម្ពុជាចង់បានការ(មិន)ជ្រៀតជ្រែកពីអ.ស.ប. ក្នុងបញ្ហាផ្ទៃក្នុងរបស់ខ្លួន

Source:  wikimedia


ខ្ញុំយល់ជាបឋមថា ប្រសិនបើអង្គការសហប្រជាជាតិទទួលយកការព្រមព្រៀងគ្នា ជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន
ថានឹង(មិន)ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃនយោបាយកម្ពុជា ដោយលេសនៃពាក្យអធិបតេយ្យភាពរបស់រដ្ឋ នោះគឺវា
នឹងមានន័យភ្លាមៗថា អង្គការធំនៃពិភពលោកនេះ នឹងបាត់បង់ទាំងស្រុងនូវអត្ថន័យនៃកំណើតរបស់ខ្លួន នឹងគោល
បំណងនៃចក្ខុវិស័យដែលផ្តួចផ្តើមឱ្យមានកំណើតអង្គការនេះឡើង។ ដូច្នេះកាតព្វកិច្ចរបស់ស្ថាប័នខ្លួន ដែលការពារ
សិទ្ធិមនុស្សនៅទូទាំងពិភពលោកក៏នឹងសាបសូន្យទៅផងដែរ។ អ៊ីចឹង ការទទួលតាមសំណូមពររដ្ឋាភិបាលភ្នំពេញ
ដែលចង់ឱ្យខ្លួនកុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ គឺទៅមិនរួចទេព្រោះវាខុសគោលដៅនៃកំណើតខ្លួន។

ឃ្លានៃ(កិច្ចការផ្ទៃក្នុង)គឺវាមានន័យទូលំទូលាយ ដែលរដ្ឋាភិបាលនៃប្រទេសមួយ អាចប្រព្រឹត្តិអំពើអាក្រក់គ្រប់បែប
យ៉ាងបានតាមទំនើងចិត្ត ហើយវានឹង(មិន)កម្រឹតត្រឹមតែរឿងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែឧក្រឹដ្ឋកម្មផ្សេងៗកើតក្នុង
ប្រទេសនោះ ដែលនឹងប្រព្រឹត្តិដោយរដ្ឋាភិបាល ក៏សុទ្ធសឹងជាកិច្ចការផ្ទៃក្នុងទាំងអស់ បូករួមទាំងការចាប់ផ្ទន្ទាទោស
យ៉ាងឆៅៗចំពោះអស់ទាំងអ្នកនយោបាយ ឬរាស្ត្រសាមញ្ញណាដែលហ៊ានប្រឆាំងចំពោះទំនើងចិត្តរបស់ពួកគេ។

នៅកម្ពុជាកំពុងកើតមានបទឧក្រឹដ្ឋយ៉ាងអយុត្តិធម៌ទាំងនេះ ដែលគេរាល់គ្នាទូទាំងពិភពលោកបានដឹង ហើយដែល
រដ្ឋាភិបាលហ៊ុនសែន មិនព្រមទទួលស្គាល់ជាដាច់ខាត នូវកំហុសតូចធំរបស់ខ្លួន ដែលគេចង្អុលប្រាប់។ រដ្ឋាភិបាល
ទាល់ច្រក រកលេសដោះស្រាយវិបត្តិសង្គមដោយគតិយុត្តិធម៌មិនបាន ក៏តាំងប្រើពាក្យអធិបតេយ្យនៃប្រទេសខ្លួន។
ពេលនេះខ្លួនទទូចសុំកែប្រែជាថ្មី នូវអត្ថន័យត្រង់ចំណុច(អធិបតេយ្យ)ហ្នឹង ហើយសុំឱ្យស្ថាប័នអ.ស.ប.នៅកម្ពុជាទទួលស្គាល់ ហើយឈប់ជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់រដ្ឋ។ បើមិនធ្វើតាម គេនឹងគម្រាមបិទការិយាល័យមួយនេះ។ 

ដល់អ៊ីចឹងទៅ វាបង្កើតជាន័យច្បាស់លាស់ថា អំពើព្រៃផ្សៃទាំងឡាយដែលរដ្ឋាភិបាលនឹងធ្វើចំពោះជនជាតិរបស់ខ្លួន
ទោះជារំលងឬរំលោភយ៉ាងធ្ងន់ធ្ងរ លើរដ្ឋធម្មនុញ្ញនៃប្រទេសរបស់ខ្លួនក្តី គឺលែងមានអ្វីជាឧបស័គ្គរារាំងអំពើនៃទំនើង
ចិត្តរបស់ខ្លួនទៀតហើយ។ ជាទិដ្ឋភាពដែលគេអាចមើលឃើញច្បាស់ចែស(ជាមុន)ថា ក្នុងប្រទេសនោះនឹងមានពោរ
ពេញទៅដោយបទឧក្រឹដ្ឋនយោបាយធំតូចជាហូរហែក្នុងប្រទេស បង្កើតដោយរដ្ឋាភិបាលដែលមានកាតព្វកិច្ច មើល
ការខុសត្រូវ និងសេចក្តីសុខសាន្តក្នុងសង្គមជាតិខ្លួន តែខ្លួនបែរជាប្រភពនៃមហាទុក្ខភ័យដល់អ្នកនយោបាយបក្សដទៃ
និងប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ទៅវិញ ដែលហ៊ានតវ៉ាចុះឡើងប្រឆាំងនឹងផលប្រយោជន៍គណបក្សខ្លួនឬក្រុមខ្លួន។

នេះជាទិដ្ឋភាពដ៏មហាអាក្រក់ដែលគេអាចមើលឃើញ ហើយរំពឹងទុកជាមុន ប្រសិនបើអង្គការសហប្រជាជាតិ ព្រម
ព្រៀងនឹងឈប់អើពើចំពោះករណីរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសណាមួយ។ វានឹងក្លាយជាកំហុសអង្គការមួយ
នេះទៀតផង ដែលការព្រមព្រៀងរបស់ខ្លួន ឈប់រវីរវល់ក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសណាមួយ ដែលមានន័យស្មើនឹង
ការឱ្យភ្លើងខៀវដល់ឧក្រឹដ្ឋជន ឬការឱ្យដៃដល់ពួកមនុស្សអាក្រក់មានសេរីភាពធ្វើបាបកម្មតាមទំនើងចិត្ត។ ដូច្នេះវា
នឹងក្លាយជាស្ថាប័នតូចទាប គ្មានលទ្ធភាពនឹងសម្រេចកិច្ចការធំតូច តាមកាតព្វកិច្ចនៃកំណើតរបស់ខ្លួន បណ្តោយឱ្យ
មនុស្សអាក្រក់ញាក់ចិញ្ចើមដើរជាន់លើវត្តមានរបស់ខ្លួនបានដោយមិនពិបាក។

ហើយបើអង្គការសហប្រជាជាតិបន្ទន់ឥរិយាបថនៃការមិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ប្រទេសមួយ គឺត្រូវធ្វើដូចគ្នា
ជាទូទៅចំពោះប្រទេសទាំងអស់នៅលើលោកទាំងមូល។ ជារឿងដែលមិនអាចទៅរួច។ បើមិនអ៊ីចឹងទេគឺថាវត្តមានឬ
តួអង្គទាំងមូលនៃអង្គការសហប្រជាជាតិ គឺគ្រាន់តែជារោងកុនរោងល្ខោនគ្មានលទ្ធភាពផ្តល់ក្តីសង្ឃឹមកក់ក្តៅចំពោះ
ជនរងគ្រោះដែលគ្មានលទ្ធភាពនឹងជួយខ្លួនឯងបាន ក្រោមការជិះជាន់តាមទំនើងចិត្តនៃអ្នកនយោបាយចិត្តពាល។

ការដែលស្ថាប័នជាតិនៃរដ្ឋាភិបាលកម្ពុជា កំពុងស្នើអង្គការសហប្រជាជាតិឱ្យគោរពអធិបតេយ្យភាពនៃប្រទេសរបស់
ខ្លួន កុំឱ្យលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ខ្ញុំមិនយល់ថាមកពីរដ្ឋាភិបាលនេះ មានចិត្តស្នេហាពេញបន្ទុក
ចំពោះកិត្តិយសជាតិសាសន៍ខ្លួននោះទេ។ តែជាចក្ខុវិស័យអាត្មានិយមសុទ្ធសាធ ចំពោះផលប្រយោជន៍សមាជិកគណ
បក្សនយោបាយរបស់ខ្លួន ច្រើនដងជាងផលប្រយោជន៍និងក្តីសុខក្សេមក្សាន្តចំពោះជនជាតិខ្លួនទាំងផ្ទៃនគរ។

វាខុសគ្នាឆ្ងាយពីចក្ខុវិស័យសហគមន៍អន្តរជាតិ ដែលជួយឈឺឆ្អាលរឿងខ្មែរ ដែល(មិនមែន)ជាទុក្ខវេទនារបស់ផង់គេ
សោះនោះ តែដោយសារគេមានគតិសច្ចៈយុត្តិធម៌ និងដោយសារគេយល់កាតព្វកិច្ចនៃស្ថាប័នរបស់គេ ព្រមទាំងបាន
មើលឃើញច្បាស់នូវសភាវៈដ៏អាក្រក់ នៃការអនុវត្តន៍ច្បាប់អយុត្តិធម៌របស់រដ្ឋាភិបាលហ៊ុនសែនសព្វថ្ងៃ ដែលស្រដៀង
គ្នានឹងរបៀបរបបរស់នៅក្នុងសម័យខ្មែរក្រហមប៉ុលពត ទើបគេមានប្រតិកម្មទាំងនេះឡើងដែលបណ្តាលឱ្យគណបក្ស
កាន់អំណាច មានចិត្តស្អុះស្អាប់ខ្លាំង ពិបាកនឹងធ្វើអ្វីៗតាមទំនើងចិត្តខ្លួន។ បាទទាន! រឿងហ្នឹងវាអ៊ីចឹងទេ។ 

អំពើខុសឆ្គងទាំងហ្នឹង ដែលបាននិងកំពុងអនុវត្តដោយរដ្ឋាភិបាលហ៊ុនសែន វាទើសទាស់ខ្លាំងចំពោះសតិសម្បជញ្ញៈ
របស់គេជាមនុស្សអ្នកសិក្សារៀនសូត្រជ្រៅជ្រះ ទើបបណ្តាលឱ្យគេនៅឈរឱបដៃស្ងៀមឈឹងមិនកើត គេក៏ស្ទុះស្ទារ
ជួយរាស្ត្រខ្មែរ។ អំពើល្អគួរគោរពនេះ ដូចគ្នាបេះបិទនឹងគ្រាដែលសហគមន៍អន្តរជាតិ បានមើលឃើញ(មរណភាព)នៃ
ជនជាតិកម្ពុជា ក្នុងសម័យកាលដែលទាហានយួនទាំងម៉ឺនកំពុងគម្រាមកំហែងអត្តសញ្ញាណខ្មែរ ហើយដែលគេស្រុះ
គ្នាស្ទុះមកជួយខ្មែរ។ ពេលនោះ(អត់មាន)ខ្មែរណាស្រែកជំទាស់សោះថាហេ៎! នែវើយ រឿងខ្មែរទុកឱ្យខ្មែរដោះស្រាយ។

ពេលនេះគណបក្សប្រជាជនហាក់ដូចជា បែរខ្នងដាក់គុណបំណាច់ដ៏ធំនៃថ្ងៃប្រជុំសន្តិភាពក្រុងប៉ារិស ហើយបែរទៅ
លើកតម្កើងថ្ងៃ៧មករា ថាជាថ្ងៃជោគជ័យបំភ្លេចមិនបានរបស់ខ្លួនទៅវិញ។ ត្រង់ចំណុចហ្នឹងមួយ ដែលឆ្លុះបញ្ចាំងពី
ចិត្តគំនិតអាត្មានិយមនៃគណបក្សប្រជាជនហ៊ុនសែន ព្រោះជាថ្ងៃដែលខ្លួនបានគ្រងរាជ្យក្នុងរដ្ឋកម្ពុជារហូតសព្វថ្ងៃ។

នេះ(មិនមែន)ជាចរិតនៃមេដឹកនាំប្រទេសមួយ ប្រកបដោយស្មារតីមានភក្តីភាពចំពោះជនជាតិខ្លួនទាំងនគរនោះទេ។
តែជាចរិតខែងរ៉ែង ហ៊ានទាំងសំឡុតស្ថាប័នអន្តរជាតិមួយនេះ, អ.ស.ប., ឱ្យដកថយចេញពីមុខពីមាត់ខ្លួន ដើម្បីខ្លួន
បានបន្តការធ្វើការសម្រេចបញ្ហាអ្វីៗទាំងឡាយ, ដែលខ្លួនហៅថាជាកិច្ចការផ្ទៃក្នុងប្រទេសរបស់ខ្លួន, តាមតែទំនើង
ចិត្តខ្លួន ចំពោះជនណាដែលតែងតែកោសរូសប្រឆាំងនឹងការដឹកនាំដោយអយុត្តិធម៌របស់ខ្លួន។ មានដូចជាដំណឹង
មួយនេះដែលគេសរសេថា សម្តេចហ៊ុនសែនបានអះអាងជាថ្មី ថានឹងចាប់ដាក់គុកអ្នកណាដែលនិយាយថារដ្ឋាភិបាល
របស់លោក ប្រើផែនទីមិនត្រឹមត្រូវក្នុងការកំណត់ខ្សែផែនទីព្រំប្រទល់ដែនខ្មែរ-យួន។

សុំសួរថា មានប្រទេសប៉ុន្មាននៅលើផែនដីនេះ ដែលមានមេដឹកនាំដូចសម្តេចហ៊ុនសែន ដែលគម្រាមពលរដ្ឋណា
ម្នាក់ដែលនិយាយជ្រៀតជ្រែក ការពារបូរភាពទឹកដីរបស់ខ្លួន? តើនេះមិនមែនជារោគវិកលចរិតទេឬយ៉ាងម៉េចហ៎្ន?

បើគ្រាន់តែមានគេស្រែកថា ផែនទីហ្នុងវាខុសទេ យើងសួរយោបល់គេទៅ ថាខុសយ៉ាងម៉េច? បើគេឆ្លើយរតិបរតុប
មិនច្បាស់លាស់ គ្រាន់តែប្រាប់ថា បានហើយ... អរគុណហើយ... ឈប់មាត់ទៀតទៅ... តែប៉ណ្ណឹងវាចប់រឿង។ តែនេះ
សម្តេចលោកសំឡុតគម្រាមគេ គ្រាន់តែរឿងបញ្ចេញយោបល់ប៉ុណ្ណឹង ចង់ចាប់គេដាក់គុក។ ច្បាប់ចេញពីណាមក
ដែលអនុញ្ញាតិឱ្យរដ្ឋាភិបាលមួយ មានសិទ្ធិនឹងអនុវត្តវិកលចរិតកម្មនេះ? នេះហើយដែលជាអំពើនៃទំនើងចិត្ត ហើយ
ដែលវត្តមានស្ថាប័នអង្គការសហប្រជាជាតិ បាននិងកំពុងក្លាយជាវិបត្តិឬជាឧបស័គ្គធំចំពោះគណបក្សប្រជាជន។

ទោសទណ្ឌដែលលោកហុងសុខហួរ និងលោកអ៊ុំសំអានបាននិងកំពុងទទួល ជាកសិណសាក្សីនៃអំពើកម្រោលតាម
ទំនើងចិត្តជនពាល តែមិនមែនជារឿងស្របច្បាប់ឯណានោះទេ។ បើមានច្បាប់អ៊ីចឹងគេសរសេរក្នុងសៀវភៅមែននោះ
មនុស្សដែលសរសេរច្បាប់ហ្នឹង សុទ្ធតែជាមនុស្សអាក្រក់សរសេរតាមទំនើងចិត្តខ្លួន ឱ្យត្រូវតាមចិត្តប្រាថ្នារបស់ខ្លួន។
ខ្ញុំមានសង្ឃឹមតែម្យ៉ាងគត់ ចំពោះរឿងខ្មែរ។ ជាក្តីសង្ឃឹមមួយរយភាគរយលើយុត្តិធម៌ចេញពីព្រះអាទិទេព។ គូសថ្ម
ចំណាំទុកចុះ ថ្ងៃនៃសេចក្តីល្អ នឹងមកដល់ចំពោះមនុស្សល្អដែលកំពុងវេទនា ហើយរង់ចាំព្រះ។ អាម៉ែន៕៚  

No comments:

Post a Comment