Sunday, November 27, 2016
ពលរដ្ឋ១៣៧គ្រួសារនៅស្រុកត្រាំកក់បារម្ភខ្លាចតុលាការដកហូតដីលំនៅឋាននិងដីដំណាំ
ប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមពលរដ្ឋ ១៣៧គ្រួសារ បានជួបជុំគ្នានៅចំណុចដីទំនាស់ សម្ដែងក្ដីព្រួយបារម្ភចំពោះតុលាការខេត្តតាកែវ ដែលថាគ្រោងនឹងប្រកាសដីការក្សាការពារនៅថ្ងៃទី១ ខែធ្នូ ខាងមុខ ឲ្យទុកដីលំនៅឋាន និងដីដំណាំរបស់ពួកគាត់តាមសំណើក្រុមហ៊ុន។ ការព្រួយបារម្ភនេះ គឺស្របពេលដែលពលរដ្ឋកំពុងមានក្ដីក្ដាំជាមួយក្រុមហ៊ុន និងបុគ្គលមានលុយកាក់មួយចំនួនទៀត។
មេភូមិ អនុភូមិ គ្រូបង្រៀន និងប្រជាពលរដ្ឋសរុបចំនួន ១២នាក់ កំពុងជាប់បណ្ដឹងនៅតុលាការ ហើយព្រួយបារម្ភថា តុលាការនឹងដកហូតដីធ្លីរបស់ពួកគាត់រក្សាទុកនៅថ្ងៃទី១ ធ្នូ។
ប្រធានភូមិស្រែជើងរាស្ត្រ ឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់ ខេត្តតាកែវ លោក ឈុន សុំ ដែលជាប់បណ្ដឹងនៅតុលាការ ថ្លែងនៅថ្ងៃទី២៦ វិច្ឆិកា ថា កាលពីឆ្នាំ១៩៩៣ គណៈកម្មការឃុំបានវាស់វែងចែកឲ្យពលរដ្ឋចំនួន ១៣៧គ្រួសារ ជាអតីតគ្រួសារទាហាន ជនពិការ ពលរដ្ឋក្រីក្រ ដែលពេលនោះគាត់មិនទាន់ក្លាយជាមេភូមិនៅឡើយ ហើយកាលនោះដីនេះស្ថិតនៅភូមិស្រែជើងរាស្ត្រ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងមួយគ្រួសារ ៤០ម៉ែត្រគុណនឹង ៣៥៣ម៉ែត្រ រួចកាប់ឆ្ការព្រៃដោយខ្លួនឯង។ ប៉ុន្តែរឿងប្ដឹងផ្ដល់ពលរដ្ឋចាប់កើតមានឡើងនៅគ្រាដែលព្រះរាជក្រឹត្យចេញនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ កាត់តំបន់ពួកគាត់ចូលទៅក្នុងទឹកដីខេត្តតាកែវ។
លោកថា មានដើមបណ្ដឹងចំនួន ៣នាក់ដែលប្ដឹងពលរដ្ឋ ១២នាក់ទៅតុលាការ គឺប្រធានក្រុមហ៊ុន ស៊ុន ហួរ គឺលោក ស៊ុន ហួរ លោក ហ៊ុន ចាន់ថុល ដែលអះអាងថាជាក្មួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបុគ្គលផ្សេងទៀត ដោយចោទពលរដ្ឋថាកាន់កាប់ដីរបស់ពួកគេសរុបចំនួន ១.០០០ហិកតារ៖ «វាដាច់ខាតហើយ ព្រោះតែមកនៅនេះដំណាំហូបលែងអស់ទៅហើយ ខ្នុរ ស្វាយ ផ្លែគ្រប់អស់ហើយ គេមកថាដីគេដាច់ខាតមិនឲ្យទេ ពឹងផ្អែកលើអាជ្ញាធរ និងច្បាប់ហើយ»។
ពលរដ្ឋម្នាក់ទៀត គឺលោក ស៊ិន សុផន ដែលអះអាងថាកំពុងកាន់កាប់ដីរបស់ឪពុកមាជាអតីតទាហានចំនួន ៥ហិកតារ ថ្លែងថា នៅថ្ងៃទី១ ធ្នូ ខាងមុខ ប្រធានតុលាការខេត្តតាកែវ គឺអ្នកស្រី អ៊ិន មានិត នឹងចុះទៅប្រកាសដីការក្សាការពារឲ្យពលរដ្ឋបញ្ឈប់មិនឲ្យរុះរើរបង និងរុះរើរបងចេញពីដីដែលមាននៅចំណុចដីទំនាស់ផ្អាកជាបណ្ដោះអាសន្ន រង់ចាំដីកាសម្រេចសាជាថ្មីរបស់តុលាការ។ លោកស្នើឲ្យតុលាការ ពិចារណារឿងនេះឲ្យបានល្អិតល្អន់ មុននឹងឈានទៅអនុវត្តតាមសំណើរបស់ភាគីដើមបណ្ដឹង៖ «សុំឲ្យតុលាការគាត់មើលផង កុំឲ្យតែគេខាងនោះគេមានលុយ គេមានអំណាចជឿតាមតែគេ ហើយមកធ្វើបាបប្រជាជនដែលគ្នាអត់ក្រីក្រនៅនេះ»។
អាស៊ីសេរី មិនអាចទាក់ទងចៅក្រមសាលាដំបូងខេត្តតាកែវ អ្នកស្រី អ៊ិន មានិត ដើម្បីបំភ្លឺបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៦ វិច្ឆិកា។
មន្ត្រីសមាគមអាដហុក (ADHOC) ប្រចាំខេត្តតាកែវ អ្នកស្រី នុត ចំរើន ដែលពលរដ្ឋពឹងពាក់ផ្នែកច្បាប់ថ្លែងថា ផ្អែកលើទិដ្ឋភាពច្បាប់ ប្រជាពលរដ្ឋរស់នៅកាន់កាប់លើដីនេះដោយស្របច្បាប់។ អាជ្ញាធរបានចែកដីឲ្យកាប់ឆ្ការព្រៃរស់នៅតាំងពីគ្មានវត្តមានរបស់ក្រុមហ៊ុន និងដើមបណ្ដឹងមួយចំនួនទៀត។ ក្រៅពីនេះ បុគ្គលមួយចំនួន និងក្រុមហ៊ុន ថែមទាំងបានទៅឈូសឆាយបំផ្លាញដំណាំរបស់ពលរដ្ឋទៀតផង៖ «អ្នកមានអំណាចកំពុងតែរំលោភលើប្រជាពលរដ្ឋដែលគាត់កំពុងតែកាន់កាប់ដីដែលស្របច្បាប់ ដែលមានរដ្ឋបានប្រគល់ឲ្យគាត់»។
ប្រជាពលរដ្ឋអះអាងថា កាលពីឆ្នាំ២០១៥ ពលរដ្ឋបានតវ៉ានឹងក្រុមហ៊ុន ស៊ុន ហួរ ដែលបានធ្វើផ្លូវលើផ្លូវចាស់ដែលមានស្រាប់ម្ដងរួចមកហើយ ប៉ុន្តែអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានសម្របសម្រួលជាមួយពលរដ្ឋ ប៉ុន្តែផ្លូវនេះបានត្រឹមតែកាយព្រំមិនបានធ្វើនោះទេ។ ជុំវិញការប្ដឹងផ្ដល់វិញ កាលពីខែតុលា ប្រជាពលរដ្ឋ ៣០គ្រួសារបាននាំគ្នាទៅតុលាការគាំទ្រអ្នកភូមិពីរនាក់ គឺលោក ហង្ស ឌឿន និងលោក សៅ សាវ៉ន ដែលតុលាការហៅសាកសួរក្នុងចំណោម ១២នាក់ ពីបទប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុស្របច្បាប់ គឺពេលដែលភាគីទំនាស់ឃាត់មិនឲ្យពលរដ្ឋភ្ជួរស្រែ។
កាលពីសប្ដាហ៍មុន ក្រសួងដែនដី ក៏បានចេញលិខិតមួយឲ្យសាលាខេត្តតាកែវ ដោះស្រាយបញ្ហាជូនពលរដ្ឋ បន្ទាប់ពីក្រសួងបានទទួលញត្តិពីពលរដ្ឋសុំអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លី និងទាមទារឲ្យផ្ដន្ទាទោសដល់ក្រុមហ៊ុន ប៉ុន្តែពុំទាន់មានដំណោះស្រាយនៅឡើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment