លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត
ខណៈការចុះឈ្មោះបោះឆ្នោតនៅសល់រយៈពេល ១សប្ដាហ៍ទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោត។ លោកដាស់តឿនថា ការខកខានមិនបានទៅចុះឈ្មោះ ស្មើនឹងការបោះបង់ចោលសិទ្ធិបោះឆ្នោត។
ថ្លែងពីស្រុកលំផាត់ ខេត្តរតនគិរី លោក ហ៊ុន សែន នៅថ្ងៃទី២១ វិច្ឆិកា ទទូចឲ្យពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឆ្លៀតពេលទៅចុះឈ្មោះបោះឆ្នោត ដើម្បីធានាសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០១៨៖ «នេះជាការអំពាវនាវរបស់ខ្ញុំ ព្រះករុណាខ្ញុំ យ៉ាងទទូចឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងអំពាវនាវចំពោះមន្ត្រីធ្វើការចុះឈ្មោះបោះឆ្នោតដោយញាប់ដៃញាប់ជើង ចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋរបស់យើង»។
ដំណើរការចុះឈ្មោះបោះឆ្នោត ចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
តួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ វិច្ឆិកា មានប្រជាពលរដ្ឋចំនួន ៧លាន ៤សែននាក់ (៧.៣៨១.៣១៥នាក់) ឬ ៧៦% (៧៦,៣៨%)។ ពលរដ្ឋអាយុ ១៨ឆ្នាំឡើងអាចមានសិទ្ធិបោះឆ្នោតមានចំនួន ៩លាន ៧សែននាក់ (៩.៦៦៤.២១៦នាក់)។
អង្គការខុមហ្វ្រែល (COMFREL) ដាក់ពង្រាយអ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតចំនួន ១ពាន់នាក់ទូទាំងប្រទេស។ មន្ត្រីជាន់ខ្ពស់នៃកម្មវិធីអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស បង្ហាញថា ឧបសគ្គចម្បងៗដែលមានប្រជាពលរដ្ឋ ១ភាគ៤ មិនទាន់បានចុះឈ្មោះបោះឆ្នោតដោយបញ្ហាជនចំណាកស្រុកមិនបានត្រឡប់មកចុះឈ្មោះ និងបញ្ហាខ្វះការអប់រំផ្សព្វផ្សាយអំពីសារសំខាន់នៃការចុះឈ្មោះ។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងថា មានជនគ្រប់អាយុដែលចំណាកស្រុកទៅក្រៅប្រទេសជាង ១លាននាក់។
ជនចំណាកស្រុកទាំងនោះ ត្រូវត្រឡប់មកប្រទេសកម្ពុជា វិញ ប្រសិនបើគេចង់ចុះឈ្មោះបោះឆ្នោត។ បើតាមក្រុមអង្កេតរបស់អង្គការខុមហ្វ្រែល ប្រជាពលរដ្ឋចំណាកស្រុកក្រៅប្រទេសត្រឡប់មកចុះឈ្មោះបោះឆ្នោត មានចំនួនតិចតួច។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់ថា ចំនួនអ្នកដែលបានចុះឈ្មោះបោះឆ្នោត ជាតួលេខល្អដែលអាចទទួលយកបាន៖ «យើងរំពឹងថានឹងមានប្រជាពលរដ្ឋចូលរួមចុះឈ្មោះទៀត ហើយនឹងបន្ថែមការអប់រំផ្សព្វផ្សាយទៀត»។
ទោះបីចំនួនអ្នកមិនទាន់ចុះឈ្មោះមានចំនួនច្រើនក៏ដោយ ការពន្យារពេលចុះឈ្មោះមិនទាន់ប្រាកដថានឹងកើតឡើងនោះទេ។ លោក ហង្ស ពុទ្ធា ពន្យល់ថា ការពន្យារពេលនេះ អាចដឹងថាកើតមាន ឬអត់ លុះត្រាតែចប់ការចុះឈ្មោះបោះឆ្នោតហើយ តែប្រជាពលរដ្ឋផ្តុំគ្នាមានចំនួនច្រើន មិនទាន់បានចុះឈ្មោះ ហើយមានឆន្ទៈទៅចុះឈ្មោះ៕
No comments:
Post a Comment