Sunday, November 6, 2016

ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ស្នើ​សមត្ថកិច្ច​ជួយ​រក​ជន​ល្មើស​ដែល​បំផ្លាញ​ស្វាយចន្ទី​របស់​ពួក​គាត់


ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ចំនួន​ពីរ​គ្រួសារ ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត ជួយ​ស្វែងរក​ក្រុម​ជន​ល្មើស​ដែល​បំផ្លាញ​ផល​ដំណាំ​ស្វាយចន្ទី​របស់​ពួក​គាត់ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ការ​ស្នើសុំ​នេះ ក្រោយ​ពេល​ដំណាំ​ស្វាយចន្ទី​របស់​ពួក​គាត់​ប្រមាណ ៦០០​ដើម​លើ​ទំហំ​ដី ៦​ហិកតារ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ដក​ចោល​កាល​ពី​ពេល​ថ្មីៗ​នេះ។

ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង មួយ​រូប គឺ​លោក យាង វណ្ណថា។ លោក​មាន​ប្រសាសន៍​ថា ស្វាយចន្ទី​ដែល​លោក​ម៉ៅ​ដាំ​ឲ្យ​គេ​ជាង ៥០០​ដើម​លើ​ទំហំ​ដី ៥​ហិកតារ​កន្លះ និង​​ដើម​ស្វាយចន្ទី​កន្លះ​ហិកតារ​របស់​ពលរដ្ឋ​​មួយ​គ្រួសារ​ទៀត ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បំផ្លាញ​ចោល។ លោក​ថា ការ​បំផ្លាញ​ដំណាំ​ស្វាយចន្ទី​របស់​ពួក​គាត់ អាច​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា ព្រោះ​លោក​ទើប​តែ​ដឹង​អំពី​ការ​បំផ្លាញ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ព្រោះ​កាល​ពី​ថ្ងៃ​ទី​២៧ តុលា លោក​បាន​ទៅ​មើល​ដំណាំ​ទាំងនោះ គឺ​មិន​មាន​បញ្ហា​កើត​ឡើង​ឡើយ។

លោក​បញ្ជាក់​ថា កាល​ពី​ខែ​មិថុនា មនុស្ស​មួយ​ក្រុម​បាន​ទៅ​ដក​ដំឡូងមី​របស់​ពួក​គាត់​អស់​ចំនួន ៨​ហិកតារ ហើយ​ពេល​នោះ ប្រជាពលរដ្ឋ​សង្ស័យ​ថា​ជា​ស្នាដៃ​របស់​អធិការ​រង​ស្រុក​តំបែរ គឺ​លោក ប៉េង ផេងគី ព្រោះ​អធិការ​រង​រូប​នេះ​ធ្លាប់​គំរាម​បំផ្លាញ​ដំណាំ​របស់​ពួក​គាត់។ ចំណែក​ការ​បំផ្លាញ​ដំណាំ​ស្វាយចន្ទី​ម្តង​នេះ លោក​សង្ស័យ​ថា​គ្មាន​ក្រុម​ណា​ផ្សេង​ទៀត​ទេ ពីព្រោះ​ដី​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល គឺ​មាន​ជម្លោះ​ជាមួយ​លោក ប៉េង ផេងគី មិន​ទាន់​ដោះស្រាយ​ឡើយ៖ «ខ្ញុំ​ប្ដឹង​ទៅ​ដល់​ក្រសួង​កសិកម្ម ទៅ​ដល់​ឯកឧត្តម វេង សាខុន ប៉ុន្តែ​រយៈពេល​មក​ហ្នឹង​ប៉ុន្មាន​ខែ​ហើយ អត់​មាន​ដំណោះស្រាយ​អី​ផង។ ហើយ​ឥឡូវ​ហ្នឹង​ដល់​ដក​ស្វាយចន្ទី​ហ្នឹង​ទៀត​ហើយ»។

ប្រភព​ដដែល​អះអាង​ថា លោក​បាន​ចំណាយ​ថវិកា​អស់​ជាង ៣​លាន​រៀល​ក្នុង​ការ​ដាំ​ស្វាយចន្ទី​កាល​ពី​ខែ​កក្កដា។ បញ្ហា​នេះ ពលរដ្ឋ​បាន​ជម្រាប​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ហើយ​គ្រោង​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ច័ន្ទ ទី​៧ វិច្ឆិកា ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ស្វែងរក​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់៕

No comments:

Post a Comment