យុវជនជាង២០នាក់ស្វែងយល់ពីរបៀបសរសេរព័ត៌មានខ្លីដែលកើតក្នុងតំបន់ពួកគាត់រស់នៅ
ក្រុមយុវជនលើកឡើងថា ប្រជាពលរដ្ឋមានតួនាទីសំខាន់នៅពេលពួកគាត់ដើរតួនាទីជាអ្នកសារព័ត៌មាន ដូចជាការផ្តល់ និងសរសេរព័ត៌មានខ្លីៗនូវរឿងរ៉ាវដែលកើតឡើងនៅក្នុងតំបន់ដែលពួកគាត់រស់នៅ។ ការលើកឡើងនេះ ក្រោយពេលមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា ស៊ី.ស៊ី.អាយ.អិម (CCIM) បើកវគ្គបណ្តុះបណ្តាលស្ដីពីភាពជាប្រជាពលរដ្ឋអ្នកសារព័ត៌មានដល់ក្រុមយុវជនជាង ២០នាក់ចូលរួម។
ក្រុមយុវជនយល់ឃើញថា ការសរសេរព័ត៌មានខ្លីៗដែលជាព័ត៌មានមានប្រយោជន៍ គឺចាំបាច់សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសយុវជនត្រូវយល់ដឹងអំពីតួនាទីជាអ្នកសារព័ត៌មាន។ បន្ថែមពីនេះ ការរាយការណ៍ព័ត៌មាន ឬការផ្តល់ជូនព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ គឺរឹតតែចាំបាច់ក្នុងការកែប្រែសង្គម ឲ្យឈានទៅរកភាពវិជ្ជមានថែមទៀតផង។
យុវជនដែលបានបញ្ចប់ការសិក្សាផ្នែកច្បាប់មកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លោក ម៉ៅ វាសនា ឲ្យដឹងថា វគ្គបណ្តុះបណ្តាលភាពជាពលរដ្ឋអ្នកសារព័ត៌មាន គឺពិតជាមានសារសំខាន់ដល់ប្រជាជនគ្រប់រូប ពិសេសក្រុមយុវជនដែលជាក្រុមមនុស្សប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមច្រើនជាងគេ។ លោកបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺកាន់តែធ្វើឲ្យលោកយល់ដឹងពីរបៀបសរសេរព័ត៌មានខ្លីៗ បើទោះបីជាមិនដូចក្រុមអ្នកសារព័ត៌មានអាជីពក៏ដោយ ប៉ុន្តែធ្វើឲ្យមហាជនបានដឹងអំពីហេតុការណ៍ ឬរឿងរ៉ាវដែលកើតមានតាមមូលដ្ឋានរបស់ពួកគេ៖ «ព័ត៌មានហ្នឹងធ្វើឲ្យមានការផ្លាស់ប្ដូរសង្គមមួយ។ នៅពេលកន្លែងណាដែលព័ត៌មានចូលទៅដល់កន្លែងណា មនុស្សនៅទីនោះគេនឹងចាប់បានថាមានអ្វីកើតឡើង»។
យុវជនដដែលអះអាងថា ចំណេះដឹងដែលខ្លួនទទួលបានពីវគ្គបណ្តុះបណ្តាលនេះ រូបគេនឹងខិតខំពង្រឹងសមត្ថភាព ហើយយកទៅប្រើប្រាស់នៅក្នុងសង្គមឲ្យមានប្រយោជន៍សម្រាប់ពលរដ្ឋផ្សេងទៀត ព្រមទាំងយកចំណេះដឹងទាំងនោះធ្វើជារបៀបតស៊ូមតិ ជាដើម។
វគ្គបណ្តុះបណ្តាលភាពជាពលរដ្ឋអ្នកសារព័ត៌មាន គឺធ្វើឡើងចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ វិច្ឆិកា ដែលមានយុវជនចូលរួមជាង ២០នាក់មកពីតាមបណ្ដាសាកលវិទ្យាល័យផ្សេងៗនៅរាជធានីភ្នំពេញ។
និស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យខេមរៈ កញ្ញា រឹម ផាត បុប្ផាភួង យល់ថា វគ្គបណ្តុះបណ្តាលនេះ គឺសំខាន់សម្រាប់យុវជនក្នុងការផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានរបស់ពួកគេ។ ជាងនេះទៀត កាន់តែធ្វើឲ្យកញ្ញាអាចចែករំលែក ឬផ្សព្វផ្សាយព័ត៌មានកាន់តែល្អ និងមានប្រយោជន៍បន្ថែមទៀតដល់មហាជននៅក្នុងសង្គម៖ «យើងធ្វើការប្រៀបធៀបមុនការចូលរួម និងក្រោយការចូលរួមឃើញថា សមត្ថភាពនៃការសរសេររបស់យើងនឹងអាចខុសប្លែកពីមុន»។
ដោយសារវគ្គបណ្តុះបណ្តាលពេលនេះមានតែយុវជនចូលរួម ទើបកញ្ញា បុប្ផាភួង ចង់ឲ្យមានវគ្គបណ្តុះបណ្តាលរបៀបនេះបន្ថែមទៀត ប៉ុន្តែសុំឲ្យអ្នករៀបចំកម្មវិធីត្រូវអញ្ជើញក្រុមពលរដ្ឋតាមមូលដ្ឋាន ប្រជាសហគមន៍ដែលមានបញ្ហាប្រឈម ដូចជាបញ្ហាបរិស្ថាន ឬបញ្ហាដីធ្លី ព្រមទាំងពលរដ្ឋនៅតាមតំបន់ដាច់ស្រយាលមកចូលរួមដែរ។
នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងជាគ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលនេះ លោក ណុប វី មានប្រសាសន៍ថា គោលបំណងសំខាន់ គឺដើម្បីផ្តល់ជំនាញជាមូលដ្ឋានមួយចំនួនដល់អ្នកចូលរួម ដូចជាជំនាញថតរូប ឬថតវីដេអូ។ លើសពីនេះ បង្រៀនពីរបៀបប្រើប្រាស់បច្ចេកវិទ្យា ដូចជាទូរស័ព្ទដៃក្នុងការថតសំឡេង ឬចែករំលែកព័ត៌មាន និងរបៀបសរសេរព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ក្នុងកម្រិតមួយដែលពួកគេអាចទទួលយកបាន៖ «អ្នកសារព័ត៌មានយើងហ្នឹង គឺមានចំនួនតិច ហើយភាគច្រើនធ្វើការនៅតែទីក្រុងភ្នំពេញទេ។ ដូច្នេះប្រសិនបើមិនមានពលរដ្ឋអ្នកសារព័ត៌មានទេ នៅពេលមានព័ត៌មាន ឬនៅពេលមានបញ្ហាកើតឡើងនៅមូលដ្ឋាន គឺអ្នកសារព័ត៌មាននៅភ្នំពេញ គាត់អត់បានដឹងទេ»។
លោកមើលឃើញថា វគ្គបណ្ដុះបណ្ដាលនេះនឹងជួយឲ្យអ្នកចូលរួមទាំងអស់កាន់តែសកម្មក្នុងការចែករំលែកដំណឹង ឬព័ត៌មានដែលផ្តល់ប្រយោជន៍ដល់សង្គម ជាជាងការផ្សព្វផ្សាយរូបភាព ឬបញ្ចេញមតិអ្វីមួយដែលមិនមានប្រយោជន៍។
កន្លងទៅ មជ្ឈមណ្ឌល ស៊ី.ស៊ី.អាយ.អិម បានបើកវគ្គបណ្តុះបណ្តាលរបៀបនេះដល់ប្រជាពលរដ្ឋ និងយុវជនជិត ១០០នាក់មកហើយ។
លោក ណុប វី បញ្ជាក់ថា ខាងលោកនឹងខិតខំបង្កើតវគ្គបណ្តុះបណ្តាលបែបនេះកាន់តែច្រើនដល់ប្រជាសហគមន៍ និងយុវជនបន្ថែមទៀត ដើម្បីឲ្យពួកគាត់ក្លាយជាពលរដ្ឋអ្នកសារព័ត៌មាន និងកាន់តែសកម្មក្នុងការចូលរួមរាយការណ៍ព័ត៌មានដែលកើតឡើងក្នុងសហគមន៍របស់ពួកគាត់៕
No comments:
Post a Comment