Wednesday, November 9, 2016

ព្រះសង្ឃ ប៊ុត ប៊ុនតិញ លាលែង​ពី​តំណែង​ប្រធានបណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ

 ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ពេល​ព្រះអង្គ​ដឹក​នាំ​ព្រះសង្ឃ និង​សហគមន៍​ចុះ​ល្បាត​ព្រៃ​ព្រះរកា ស្ថិត​ក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth


ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បាន​លា​ឈប់​ពី​តំណែង​ជា​ប្រធាន​ហើយ កាល​ពី​ថ្ងៃ​អង្គារ ទី​៨ ខែ​វិច្ឆិកា។

ព្រះអង្គ​មាន​ថេរដីកា​បន្ត​ថា មូលហេតុ​ដែល​លា​ឈប់​នោះ គឺ​ព្រះអង្គ​ចង់​បន្ត​ការ​សិក្សា​យក​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​នៅ​ក្រៅ​ប្រទេស៖ «ចង់​ធ្វើ​ជា​បណ្ឌិត​សេដ្ឋកិច្ច និង​នយោបាយ ឬ​នយោបាយ​សាធារណៈ។ ពេញ​ចិត្ត​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក និង​អាល្លឺម៉ង់ ប៉ុន្តែ​មិន​ទាន់​ត្រៀម​ខ្លួន​ទេ អ៊ីចឹង​ហើយ​បាន​ជា​អាត្មា​ត្រូវ​រង់ចាំ​ដល់​ពាក់​កណ្ដាល​ឆ្នាំ​២០១៧ ទើប​អាត្មា​អាច​រក​អាហារូបករណ៍​បាន ពីព្រោះ​មិន​រំពឹង​រក​ប្រាក់​ទៅ​បង់​សាលា​ទេ រំពឹង​លើ​បទពិសោធន៍​ការងារ។ អាត្មា​សង្ឃឹម​ថា បទពិសោធន៍​ទាំង​នោះ​អាច​ទទួល​បាន​អាហារូបករណ៍។ ប្រសិន​បើ​អត់​បាន​អាមេរិក និង​អាល្លឺម៉ង់​ទេ ជម្រើស​ទី​៣ គឺ​ប្រទេស​អូស្ត្រាលី»។

ក្រៅ​ពី​ចង់​បន្ត​ការ​សិក្សា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ចង់​ធ្វើ​ជា​គំរូ​ដល់​អ្នកដឹកនាំ​នានា ឲ្យ​ហ៊ាន​លះបង់​នៅ​ពេល​មាន​ឈ្មោះ​ល្បីល្បាញ៖ «ចង់​បង្ហាញ​គំរូ​ថា អ្នកដឹកនាំ​នៅ​ស្ថាប័ន​ណា​មួយ​គួរ​តែ​ហ៊ាន​លាលែង អ៊ីចឹង​ហើយ​លាលែង​ទាន់​ខ្លួន​កំពុង​ល្បី​និង​គេ​គោរព កុំ​ចាំ​អស់​អំណាច​គេ​ដេញ​ចេញ ហើយ​អាត្មា​លាលែង​នៅ​ពេល​វេលា​សមរម្យ។ ទី​១ ចង់​ឃើញ​អ្នក​ដឹក​នាំ​ថ្មី ទី​២ ផ្ដល់​ឱកាស និង​ទី​៣ ចង់​បន្ត​ការ​សិក្សា​ដល់​ថ្នាក់​បណ្ឌិត ដូច​លោក​បណ្ឌិត កែម ឡី ដែល​ធ្វើ​ការ​បាន​ល្អ...»។
ទោះបីជា​ព្រះអង្គ​លា​ឈប់​ពី​តំណែង​ក៏​ពិត​មែន តែ​ព្រះអង្គ​នៅ​តែ​បន្ត​គាំទ្រ និង​ជួយ​ផ្ដល់​ដំបូន្មាន​ដដែល​ដល់​ប្រធាន​ថ្មី គឺ​ព្រះតេជព្រះគុណ ថង ណារិទ្ធ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បាន​បញ្ចប់​បរិញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​សង្គមវិទ្យា​នៅ​សកលវិទ្យាល័យ​ម៉ុមបៃយ៍ (University of Mumbai) ប្រទេស​ឥណ្ឌា (India) កាល​ពី​ខែ​មេសា ឆ្នាំ​២០១១។ បន្ទាប់​មក​ព្រះអង្គ​បាន​ធ្វើ​ការ​ជា​អ្នក​គ្រប់គ្រង​នៅ​សកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា រយៈពេល ២​ឆ្នាំ។ កាល​ពី​ឆ្នាំ​២០១៣ ព្រះអង្គ​ក៏​បាន​លា​ឈប់​នៅ​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា ហើយ​បាន​បង្កើត​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម៕

No comments:

Post a Comment