អ្នកនយោបាយនិងពលរដ្ឋខ្មែរចាប់អារម្មណ៍ពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក
មន្ត្រីគណបក្សប្រឆាំង គាំទ្រលទ្ធផលការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ដោយយល់ឃើញថា ការបោះឆ្នោតនៃប្រទេសនេះមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលជាលទ្ធផលមួយឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋអាមេរិកាំង។ គណបក្សនេះនឹងអបអរសាទរ ហើយត្រៀមខ្លួនធ្វើការទំនាក់ទំនងល្អជាមួយប្រធានាធិបតីថ្មីនេះ។ ការថ្លែងរបស់មន្ត្រីគណបក្សប្រឆាំង បានធ្វើឡើងភ្លាមៗបន្ទាប់ពីលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់អាមេរិក នៅថ្ងៃទី៩ វិច្ឆិកា ដែលមានបេក្ខភាពលោក ដូណាល់ ត្រាំ (Donald Trump) មកពីគណបក្សសាធារណរដ្ឋ ឈ្នះ អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) មកពីគណបក្សប្រជាធិបតេយ្យ។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិក ត្រូវបានអ្នកនយោបាយ អ្នកវិភាគ និងប្រជាពលរដ្ឋខ្មែរមានការចាប់អារម្មណ៍ និងតាមដានយ៉ាងយកចិត្តទុកដាក់។
ប្រធានក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា លោកចង់ឃើញកម្ពុជា មានការផ្ដល់ឱកាសឲ្យគណបក្សប្រកួតប្រជែងមានលទ្ធភាពធ្វើការងារឃោសនា ដើម្បីទាក់ទាញការគាំទ្រ ហើយគួរឲ្យមានការជជែកតទល់ផ្ទាល់ពីបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក្នុងកម្មវិធីផ្សព្វផ្សាយទូលំទូលាយមួយ ដែលគ្រប់គ្នាបានដឹងបានឃើញនៅសហរដ្ឋអាមេរិក ហើយយកមកអនុវត្តប្រហាក់ប្រហែលគ្នាក្នុងប្រទេសកម្ពុជា៖ «ឃើញថាការបោះឆ្នោតនៃសហរដ្ឋអាមេរិក គេធ្វើដោយភាពសេរី និងយុត្តិធម៌។ អ្វីដែលជាលទ្ធផល គឺឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋអាមេរិកាំង។ លោក ត្រាំ ឈ្នះនេះមានការគាំទ្រពីពលរដ្ឋអាមេរិកាំង គណបក្សសង្គ្រោះជាតិ នឹងចូលរួមអបអរសាទរ»។
ភ្លាមៗបន្ទាប់ពីចេញលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី៩ វិច្ឆិកា ដែលមានបេក្ខភាពលោក ដូណាល់ ត្រាំ (Donald Trump) មកពីគណបក្សសាធារណរដ្ឋ ឈ្នះ អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) មកពីគណបក្សប្រជាធិបតេយ្យ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារនៅលើហ្វេសប៊ុករបស់លោក ដោយគាំទ្របេក្ខភាពប្រធានាធិបតីលោក ត្រាំ ដែរ។ ក្រៅពីសម្ដែងការសាទរលោក ដូណាល់ ត្រាំ ដែលជាប់ឆ្នោត លោក ហ៊ុន សែន បានសរសេរហាក់ចំអកថា ប៉ុន្មានថ្ងៃមុននៅពេលដែលលោកបង្ហាញការគាំទ្រលោក ដូណាល់ ត្រាំ មានមនុស្សមួយចំនួនបានចេញមកវាយប្រហារលោក រហូតចោទលោក ត្រាំ ថាជាមនុស្សផ្ដាច់ការ ទើបមានមនុស្សដូចជាលោកទៅគាំទ្រ។ លោកនាយករដ្ឋមន្ត្រីសរសេរបន្តថា ពេលនេះអ្វីៗច្បាស់ហើយ គឺប្រជាជនអាមេរិក ត្រូវការលោក ត្រាំ ដឹកនាំ ហើយការគាំទ្ររបស់លោកក៏មិនខុសដែរ។
ថ្វីបើអ្នកនយោបាយយកចិត្តទុកដាក់ចំពោះការបោះឆ្នោតនៅសហរដ្ឋអាមេរិក ចំណែកពលរដ្ឋខ្មែរមួយចំនួនក៏ចាប់អារម្មណ៍ខ្លាំងណាស់ដែរ។
នៅថ្ងៃទី៩ វិច្ឆិកា ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានរៀបចំកម្មវិធីមួយឈ្មោះថា អេឡិចសិន វ៉ច ផាតធី (Election watch party) ដែលកម្មវិធីនេះជាការជួបជុំមើលលទ្ធផលបោះឆ្នោតផ្សាយផ្ទាល់ពីសហរដ្ឋអាមេរិក និងផ្ដល់ឲ្យអ្នកចូលរួមមានការបោះឆ្នោតសាកល្បង។
«សំឡេងអ៊ូអរក្នុងស្ថានទូត»
អតីតនិស្សិតនៃកម្មវិធីគំនិតផ្ដួចផ្ដើមអ្នកដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍ អ្នកនាង ហេង សុខហ្គិច ដែលបានចូលរួមទស្សនាលទ្ធផលបោះឆ្នោតនៅស្ថានទូតអាមេរិក ថ្លែងថា ការបោះឆ្នោតរបស់សហរដ្ឋអាមេរិក មានតម្លាភាព ធ្វើឲ្យនាងមានទំនុកចិត្តចំពោះលទ្ធផល ហើយភាគរយនៃការបន្លំសន្លឹកឆ្នោតវិញ គឺស្ទើរតែគ្មាន បើប្រៀបនឹងការបោះឆ្នោតនៅកម្ពុជា នាងហ៊ាននិយាយថាពុំមានតម្លាភាពនោះទេ៖ «ខ្ញុំអត់មានជំនឿទាក់ទងនឹងតម្លាភាពនៃការបោះឆ្នោតទេ។ ទាក់ទងការបន្លំសន្លឹកឆ្នោត ទាក់ទងអីអ៊ីចឹង ខ្ញុំជឿថាវានៅមានភាគរយច្រើនទាំងប្រព័ន្ធ និងគណៈកម្មការបោះឆ្នោត។ សម្រាប់ខ្ញុំផ្ទាល់ ខ្លួនខ្ញុំអត់មានជំនឿទៅលើគណៈកម្មការនេះទេ។ ជាទូទៅនៅស្រុកខ្មែរ យើងនៅកន្លែងណាក៏មានឥទ្ធិពលអ្នកនយោបាយដែរ។ យើងអត់អាចចែកគ្នាដាច់រវាងបក្សនយោបាយ ការងារសង្គម និងការងារជាតិទេ»។
ចំណែកយុវជនមួយរូបទៀត គឺយុវជន កេត មុន្នីវឌ្ឍនា វ័យ ២៤ឆ្នាំ ជាប្រធានក្រុមប្រឹក្សាយុវជនអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បង្ហាញការយល់ឃើញជុំវិញការបោះឆ្នោតនៃសហរដ្ឋអាមេរិក ថា ការបោះឆ្នោតរបស់សហរដ្ឋអាមេរិក គឺជាការបោះឆ្នោតដែលមានភាពភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ខ្លាំងស្ទើរពាសពេញពិភពលោក។ ពិតណាស់ថាការផ្លាស់ប្ដូរបេក្ខភាពមកពីគណបក្សនីមួយៗ មានឥទ្ធិពលទៅដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការបរទេសជាមួយនឹងប្រទេសជុំវិញពិភពលោក។ យុវជនដដែលបន្តថា គាត់ចង់ឃើញកម្ពុជា នៅក្នុងការបោះឆ្នោតជាតិជិតមកដល់ មានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការខកខានក្នុងការបោះឆ្នោត៖ «គេបោះឆ្នោតនៅអាមេរិក បេក្ខភាពនៅអាមេរិក យើងជនជាតិខ្មែរ ប៉ុន្តែមានអារម្មណ៍ថាយើងម្នាក់ៗស្គាល់ ដូណាល់ ត្រាំ ស្គាល់ ហ៊ីលឡារី គ្លីនតុន ច្រើន»។
ជុំវិញលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិកនេះ ប្រធានអង្គការវេទិកាអនាគត និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ លោក អ៊ូ វីរៈ មានទស្សនៈថា ទោះបីជាបេក្ខភាពមកពីគណបក្សណាមួយជាប់ឆ្នោតក៏ដោយចុះ គឺមិនបានធ្វើឲ្យប៉ះពាល់ ឬបំពានស្ថាប័ន និងប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់សហរដ្ឋអាមេរិក បាននោះទេ។ ដូច្នេះ ទោះបីជាបេក្ខភាពណាមួយជាប់ឆ្នោត គឺនៅតែមានការធានានូវស្ថិរភាពប្រជាធិបតេយ្យ៖ «»។
ថ្លែងនៅក្នុងពិធីជួបជុំមើលលទ្ធផលបោះឆ្នោតផ្សាយផ្ទាល់ពីសហរដ្ឋអាមេរិក អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក ជេ រ៉ាម៉េន (Jay Raman) ថ្លែងទៅកាន់អ្នកសារព័ត៌មានថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅតែរឹងមាំ មិនថាអ្នកណាឡើងធ្វើជាប្រធានាធិបតីនោះទេ។ ការយកចិត្តទុកដាក់របស់លោកពេលនេះ គឺធ្វើកិច្ចការឲ្យល្អតាមដែលអាចធ្វើបាន រហូតដល់ចប់អាណត្តិប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ហើយ បន្ទាប់ពីនោះ ប្រធានាធិបតីថ្មីនឹងចូលកាន់តំណែង និងកំណត់ពីទិសដៅនៃទំនាក់ទំនងរបស់អាមេរិកជាមួយកម្ពុជា។ លោកថា នៅពេលគិតទៅដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅពេលគិតដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រវាងប្រពៃណីនៃប្រទេសទាំងពីរ លោកអាចរំពឹងថា ទំនាក់ទំនងនេះនឹងនៅតែបន្តមិនថាអ្នកណាឈ្នះឆ្នោតនោះទេ។
អ្នកនាំពាក្យរូបនេះ បង្ហាញមោទនភាពចំពោះប្រពៃណី និងប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល ២៤០ឆ្នាំ ដែលមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាង ៥០លើក ព្រមទាំងមានការផ្ទេរអំណាចដោយសន្តិវិធីក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក៕
No comments:
Post a Comment