Tuesday, November 8, 2016

ទិដ្ឋភាពនៃរូបភាព



មើលទៅឃើញត្រដែតត្រដឹមឡូយថូយ ខ្លះៗអ៊ីចឹងដែរតើ សំណង់អាគារឬខ្លោងទ្វារនៅស្រុកខ្មែរ។ ប៉ុន្តែទោះជាឡូយយ៉ាងណា
ក៏វានៅមានលក្ខណៈអន់ មិនស្អាតបាតពេញលេញទាល់តែសោះ, ដូចយ៉ាងទិដ្ឋភាពនៃរូបខាងលើនេះ, ព្រោះថាវានៅមានស្មៅ
ព្រៃដុះស្អេកស្កះ គគ្រិចហើយក្រខ្វក់ នៅតាមជើងសំណង់ ថ្នល់និងទីធ្លា ដែលមើលទៅគួរឱ្យទាស់ភ្នែក។ មកពីហេតុផលអ្វីដែរ?

គឺមកពី(ភ្នែកខ្មែរ), ត្រូវហើយ(ភ្នែកខ្មែរ), អ្នកមុខអ្នកការ ក្នុងរដ្ឋកម្ពុជាទាំងមូល វាស៊ាំនឹងទិដ្ឋភាពទាំងនេះ ដែលក្លាយជាទិដ្ឋភាព
(ធម្មតា)ជាច្រើនសតវត្សរ៍មកហើយ។  ជាខ្សែភ្នែកគ្មានចក្ខុវិស័យ ស្រមើស្រមៃថានឹងកែឆ្នៃយ៉ាងម៉ិច ឱ្យទិដ្ឋភាពជាទូទៅ នៅក្នុង
ស្រុកទេសរបស់ខ្លួន មានរូបសម្ផស្សស្រស់បំព្រងឡើង។ ត្រង់ចំណុចហ្នឹងមួយដែរ ដែលខ្មែរអន់គំនិត មិនយល់ពីផលវិជ្ជមានធំ
ដែលនឹងជួយបង្កើន មោទនភាពក្នុងដួងចិត្តខ្មែររាល់គ្នា កាលបើពួកគេរស់ក្នុងទីលំនៅស្រុកទេសដែលស្អាត គួរជាទីមនោរម្យ។

សូមឱ្យយល់ថា កាលណាយើងមានមោទនភាពក្នុងចិត្ត  ដោយសារភាពថ្កុំថ្កើងក្នុងជីវិត មោទនភាពនោះនឹងជួយឱ្យសតិបញ្ញា
ប្រជាជនជាទូទៅ មានទឹកដម ដុះលូតលាស់បានល្អឡើង ដែលជាយថាហេតុ វាបង្កើតបានផលវិជ្ជមានធំ សម្រាប់ការអភិវឌ្ឍន៍
សង្គម ហើយផលវិជ្ជមាននេះនឹងបែកមែកបែកធាងសាខា ក្នុងវិស្ស័យដទៃជាច្រើនម៉ឺនសែនជំពូកជាបន្តបន្ទាប់មិនចេះចប់។ ក៏
នឹងមានលទ្ធផលល្អម្យ៉ាងទៀត ដែលនឹងជួយឱ្យរាស្ត្រខ្មែរ ចេះសំអិតសំអាងកាយ ដើរចូលក្នុងទីកន្លែងស្អាតៗអ៊ីចឹងផងដែរ។
ទោះយ៉ាងណា ក្នុងករណីនេះ វាគឺជាកំហុសសម្តេចតេជោហ៊ុនសែន១០០ភាគរយ។ ព្រោះថាដូចជាគ្មានខ្មែរណាម្នាក់សោះ ក្នុង
ជំនុំចំណោមមនុស្សដែលទទួលខុសត្រូវ ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសទាំងនោះ មានចិត្តស្ទុះស្ទារ ជួយឱ្យយោបល់ទៅថ្នាក់លើ
ថាតើគេត្រូវធ្វើអ្វីខ្លះទៀត ដើម្បីកែឆ្នៃសោភ័ណភាពស្រុកទេស ឱ្យបានស្រល់ល្អល្អះផូរផង់ឡើង។ នេះគឺដោយសារសម្តេចហ៊ុន
សែន នាយករដ្ឋមន្ត្រីខ្មែរហ្នឹង ក៏អត់មានចក្ខុវិស័យអ្វីក្នុងការរចនាប្រទេសជាតិ ក្រៅតែពីការខិតខំបង្ក្រាបគូបដិបក្ខនយោបាយ
ដើម្បីខ្លួនបាននៅកាន់កាប់អំណាចក្នុងប្រទេសគគ្រិចក្រខ្វក់នេះ ជាបន្តទៅទៀតតែប៉ុណ្ណោះ។ លោកខុស១០០ភាគរយហើយ។ 

រូបភាពខាងលើនេះ បើគេគ្រាន់តែបន្ថែមភាពម៉ត់ចត់ (តែបន្តិច) ទៅក្នុងចក្ខុវិស័យរបស់គេ ដោយការថែទាំកុំឱ្យមានសម្រាមជ្រុះ
រាយប៉ាយនៅតាមថ្នល់ ទីធ្លាឬជើងកំផែងសាលា ចាក់ស៊ីម៉ង់ ឬកៅស៊ូខ្មៅឱ្យបានស្មើទូលំទូលាយសព្វទីកន្លែង ដកជម្រះស្មៅព្រៃ
ដែលដុះខុសកន្លែងចោលចេញទៅ  ហើយដាំស្មៅខ្ចីសុទ្ធឱ្យបានល្អស្អាត មានដើមឈើផ្កាឬផ្កាភ្ញីខ្លះៗអ៊ីចឹងទៅ នោះវានឹងលើក
តម្កើងសម្រស់ទីកន្លែងនោះ  ដែលនឹងបង្កើនមោទនភាពដល់ចិត្តមនុស្សរាល់គ្នា ទាំងខ្មែរទាំងបរទេស។

ហើយបន្ទាប់មកម៉េចទៀត? គឺការយកតម្រាប់តាមទង្វើល្អជាបន្តបន្ទាប់ ក៏ក្លាយជាសម្រស់នៃប្រទេសជាតិទាំងមូលផងដែរ។ ក៏
ប៉ុន្តែខ្មែរគឺនៅតែខ្មែរ មិនប្តូរមិនកែប្រែ ឱ្យជីវិតខ្លួនបានដុះដាលឡូយថូយនឹងគេសោះ។ ព្រោះមេដឹកនាំទាំងទាបទាំងខ្ពស់ គ្មាន
សោះសតិបញ្ញា ក្នុងការកែឆ្នៃសម្រស់នៃប្រទេសរបស់ខ្លួនដោយខ្លួនឯង។ រស់យ៉ាងម៉ិចគឺនៅតែអ៊ីចឹង រាប់រយឆ្នាំមិនកែប្រែ។ អា
ត្រង់ចំណុចហ្នឹងមួយដែរ ដែលមិនជួយឱ្យសតិបញ្ញាកូនខ្មែរ បានទទួលទឹកដមនៃមោទនភាព សម្រាប់ការដុះលូតលាស់ល្អ។
ដល់អ៊ីចឹងទៅ ជីវិតតូចទាបហ្នឹង វានៅតែក្រិនមិនដុះដាលខ្ពង់ខ្ពស់ អង្គុយប៉ប៉ុកនឹងដី ដៃប្រណំសុំទានគេគួរឱ្យអៀនខ្មាស់ ដល់
អត្តសញ្ញាណជាតិ។ ប៉ុន្តែសម្តេចនិងក្រុមគ្រួសារគណបក្សប្រជាជន ហាក់ដូចជាអត់អៀនប្រៀនសោះ ត្រង់ចំណុចហ្នឹង។

ជីវិតក្រខ្សត់តូចទាបគ្រប់ជំពូករបស់ខ្មែរ មិនត្រឹមតែជាមហាអាម៉ាស់ដល់អត្តសញ្ញាណជាតិប៉ុណ្ណោះទេ តែវានឹងនាំមកនូវគ្រោះ
កាចដល់ខ្សែជីវិតខ្លួន បៀតបៀនដោយធម្មជាតិបោកបក់និងមនុស្សអាក្រក់ ដែលនៅជុំវិញខ្លួន។ កំហុសគឺអ្នកដឹកនាំសង្គមនៃ
ប្រទេសទាំងជាន់ខ្ពស់ រហូតដល់ជាន់ទាប ដែលគ្មានសមត្ថភាពនឹងកសាងប្រទេសឱ្យបានរឹងមាំល្អ ព្រោះសតិបញ្ញាខ្លួននៅមាន
កម្រិតស្ទើរគ្រប់វិស័យ នៃការអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចហ៊ុនសែន គួរមានចិត្តក្លាហានទទួលស្គាល់កំហុសរបស់លោក។

វាដូចជាមិនពិបាកសោះទេ បើគេតាំងចិត្តផ្ចង់គំនិត គិតគូររឿងកែឆ្នៃសោភ័ណភាពប្រទេសជាតិ ឱ្យបានស្រស់ល្អឡើង។ ប៉ុន្តែ
ខ្មែរ, អ្នកដែលទទួលខុសត្រូវ, មិនសូវបញ្ញា អត់យោបល់ តែសម្បូរចរិតមារយាទអែបឡបហៃអើៗ។ ម្នាក់ៗតោងកន្ទុយគ្នា បត់
បែនតាមមនុស្សដែលអត់បញ្ញា ដើរនាំផ្លូវខាងមុខ។ គេបត់ឆ្វេង ឆ្វេងនឹងគេទៅ ដូចកូនក្មេងឬដូចមនុស្សខ្វាក់ងងឹតឈឹង។ ឬក៏
គេបានឃើញបានដឹងដែរ តែមិនដឹងបញ្ចេញយោបល់ដាក់ត្រចៀកអ្នកណា ដើម្បីឱ្យយោបល់ខ្លួនបានក្លាយជាផលប្រយោជន៍
តិចឬច្រើនដល់សង្គម។ ត្រង់ហ្នឹងហើយជាកំហុស១០០ភាគរយ របស់សម្តេចតេជោហ៊ុនសែន។ ព្រោះលោកក៏អត់យល់ដឹង។

សូមឱ្យជឿជាក់ក្នុងចិត្តថា យោបល់តូចៗដែលគេមិនសូវចាប់ភ្លឹក អាចមានតម្លៃខ្ពស់ បង្ហោះសង្គមមួយឱ្យកប់ពពកបានបើសិន
ជាគេចេះកែឆ្នៃយោបល់តូចៗតិចតួចទាំងនោះ ឱ្យក្លាយជាការពិត ដាក់វាចូលក្នុងការអនុវត្តន៍ជាក់ស្តែង។ ជីវិតល្ងើល្ងង់ គឺក្រីក្រ
វេទនាម៉ាចប់ ហើយគិតតែរំពៃភ្នែក ដើរទៅគ្រប់កន្លែង ស្នើរកគេរកឯង ឱ្យជួយធ្វើនេះធ្វើនោះ គ្មានសោះខ្លួនទីពឹងខ្លួន។ អាត្រង់
ចំណុចហ្នឹងគួរមេដឹកនាំខ្មែរ ទាំងទាបទាំងខ្ពស់, ផ្កាយតូចផ្កាយធំ, គួរមានចិត្តខ្មាស់អៀនខ្លាំងចំពោះសតិបញ្ញាខ្លួន។

ដំណើរការអភិវឌ្ឍន៍សង្គម ដើម្បីមោទនាភាពខ្មែរនេះ គេអាចចាប់ផ្តើមពីការខ្នះខ្នែង របស់ចៅហ្វាយខេត្តនៅគ្រប់ខេត្ត ក្នុងរដ្ឋ
កម្ពុជា។ នាយករដ្ឋមន្ត្រី គួរសាកល្បងហៅចៅហ្វាយខេត្ត, ម្នាក់ម្តងៗ, មកពីគ្រប់ខេត្តឱ្យសម្លឹងមើលទិដ្ឋភាពនៃរូបភាពខាងលើ
ហើយសួរយោបល់ថា លោកសម្លឹងឃើញអ្វីខ្លះក្នុងរូបនេះ? បន្ទាប់មក តើលោកមានយោបល់យ៉ាងណា? មនុស្សដែលអត់បញ្ញា
មិនគួរសោះឡើយ នឹងនៅធ្វើការក្នុងនាទីសំខាន់ណាមួយ ដែលខ្លួន(គ្មានសោះ)សមត្ថភាពសម្រាប់កិច្ចការជាតិ។ លើកលែង
តែមេដឹកនាំខ្មែរ សុទ្ធតែជាមនុស្សឆិនឆៃ គ្មានយោបល់អ្វី ហើយនៅតែកាន់អំណាចហ្នឹង ដោយគ្មានការផ្លាស់ប្តូរចម្រុងចម្រើន
ក៏នៅជាអ៊ីចឹងជារៀងរហូតទៅ រាប់ឆ្នាំរាប់ទសវត្សរ៍តទៅមុខទៀត ដោយមិនខ្វល់ឬមិនយល់ពីយថាហេតុនៃសតិល្ងង់ខ្លៅ៕៚

ខ្ញុំ, ជូលាងហាក់, ពីសហរដ្ឋអាមេរិក សូមជូនពរដល់ខ្មែររាល់គ្នា សូមបានសុខសាន្តត្រាណជានិច្ចតរៀងទៅ។ អាម៉ែន។    

No comments:

Post a Comment