គម្រោងសាងសង់អគារប៊ូឌីងកម្ពស់២១ជាន់នឹងត្រូវចំណាយប្រាក់ប្រមាណ៨០លានដុល្លារ
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បង្ហាញជំហរអភិវឌ្ឍអគារប៊ូឌីងនៅនឹងកន្លែង ដោយសហការជាមួយក្រុមហ៊ុនរបស់ជប៉ុន សាងសង់អគារកម្ពស់ ២១ជាន់។ ចំណែកក្រុមពលរដ្ឋខ្លះគាំទ្រ និងខ្លះទៀតនៅស្ទាក់ស្ទើរ ថាតើសម្រេចចិត្តប្រគល់ឲ្យរដ្ឋាភិបាលអភិវឌ្ឍនៅនឹងកន្លែង ឬយកសំណង ហើយដើរចេញពីអគារប៊ូឌីង។
ការអភិវឌ្ឍអគារប៊ូឌីង ត្រូវបានក្រុមហ៊ុនបង្ហាញទឹកប្រាក់គម្រោងវិនិយោគប្រមាណ ៨០លានដុល្លារសហរដ្ឋអាមេរិក ដែលត្រូវការរយៈពេលសាងសង់ជាង ៣ឆ្នាំ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ហាមមិនឲ្យពលរដ្ឋលក់បន្ទប់ដែលកំពុងរស់នៅ និងហាមមិនឲ្យអាជ្ញាធរមូលដ្ឋានស៊ីញេផ្លាស់ប្ដូរកម្មសិទ្ធិ។
ថ្លែងក្នុងពេលជួបជជែកស្ដីពីការអភិវឌ្ឍអគារប៊ូឌីង ឬហៅថាអគារស ដែលមានក្រុមពលរដ្ឋតំបន់នេះប្រមាណ ៥០០នាក់ចូលរួម នាទីស្ដីការក្រសួង ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ប្រាប់ថា ការសាងសង់អគារថ្មីលើដីអគារប៊ូឌីងដដែល នឹងចាប់ផ្ដើមនៅដើមឆ្នាំ២០១៧ ប្រសិនបើគ្មានការប្រែប្រួល។ លោកថា នៅពេលសាងសង់នោះ ក្រុមដែលទទួលបន្ទុកសាងសង់ នឹងសាងសង់កន្លែងផ្សេងទៀតសម្រាប់ឲ្យពលរដ្ឋស្នាក់នៅបណ្ដោះអាសន្នស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ក្រុងភ្នំពេញ ល្មមដល់សាងសង់អគារប៊ូឌីងថ្មីរួចរាល់៖ «អគារហ្នឹង ៨ជាន់ចុះមកក្រោមសម្រាប់បងប្អូនរស់នៅសព្វថ្ងៃរស់នៅ ៤ជាន់ ប៉ុន្តែខាងក្រោមមានកន្លែងលក់ដូរ។ យើងក៏សឺកួរទុក ៣ជាន់សម្រាប់រថយន្តចត ចាប់ពីជាន់ទី៩ ឡើងលើដល់ ២១ ទុកឲ្យក្រុមហ៊ុនគេទូទាត់សម្រាប់ថ្លៃសាងសង់»។
បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ក្រុមពលរដ្ឋអាចជ្រើសរើសទឹកប្រាក់ដែលក្នុងមួយគ្រួសារអាចទទួលបានប្រមាណ ៦ម៉ឺនដុល្លារភ្លាមៗតែម្តង ចំពោះអ្នកមិនយល់ស្របនឹងគម្រោងវិនិយោគនេះ។ ប៉ុន្តែលោកបង្ហាញជំហរចង់ឲ្យក្រុមពលរដ្ឋរង់ចាំការសាងសង់អគារថ្មី ដើម្បីទទួលបានកន្លែងរស់នៅសមរម្យដែលជាការអភិវឌ្ឍនៅនឹងកន្លែងជារឿងល្អជាង៖ «អ៊ីចឹងនៅក្នុងគោលការណ៍នេះ គឺចង់ធ្វើការអភិវឌ្ឍនៅនឹងកន្លែង។ បើនិយាយទៅនឹងគោលការណ៍អភិវឌ្ឍន៍នៅនឹងកន្លែង គឺស្របនឹងគោលការណ៍របស់រដ្ឋាភិបាល ម្យ៉ាងទៀតយើងក្លាយទៅជាម្ចាស់ទុន ក្លាយជាភាគហ៊ុននៃការអភិវឌ្ឍដូចពាក្យខ្ញុំនិយាយកាលពី ១៦ឆ្នាំមុនថា ខ្ញុំនឹងធ្វើឲ្យអ្នកប៊ូឌីងក្លាយជាអ្នកមាន»។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមពលរដ្ឋដែលរស់នៅអគារប៊ូឌីងមាន ៥៥៤គ្រួសារ ដែលពួកគេភាគច្រើនជាគ្រូបង្រៀន និងជាអ្នកសិល្បៈ។
ក្រុមហ៊ុន អារ៉ាកាវ៉ា (Arakawa) របស់ជប៉ុន ចាប់ដៃគូជាមួយក្រសួងដើម្បីសាងសង់អគារថ្មី។ ប្រធានក្រុមហ៊ុននេះ លោក អាឡិច យ៉ាស៊ូម៉ូតុ (Alex Yasumoto) អះអាងថា លោកមានទុនគ្រប់គ្រាន់ដើម្បីអភិវឌ្ឍតំបន់នេះ។
ពលរដ្ឋម្នាក់រស់នៅអគារប៊ូឌីងដែលចូលរួមក្នុងការជជែកគ្នានោះដែរ លោកស្រី មុំ ផល្លី បង្ហាញការគាំទ្រចង់បានការអភិវឌ្ឍនៅនឹងកន្លែង ប៉ុន្តែលោកស្រីស្នើឲ្យក្រសួង ឬក្រុមហ៊ុន ផ្តល់ថវិកាខ្លះក្នុងពេលសាងសង់ ដើម្បីអាចឲ្យលោកស្រីជួលផ្ទះនៅតំបន់នេះរស់នៅ ល្មមដល់អគារថ្មីសាងសង់រួចរាល់ ព្រោះថា កូនៗរបស់លោកស្រីកំពុងរៀននៅតំបន់នេះ៖ «ចង់បានថវិកាហ្នឹងដើម្បីយកមក ដូចខ្ញុំចឹងទៅ ថាក្នុងមួយគ្រួសារចំណាយប៉ុន្មានយកមកជួលផ្ទះជិតសាលាកូនរៀន»។
ការជួបគ្នានៅពេលនេះរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមពលរដ្ឋ និងប្រធានក្រុមហ៊ុន មិនទាន់បញ្ចប់នៅឡើយ ដោយក្រុមពលរដ្ឋស្នើឲ្យមានការស្រង់មតិជាមុនសិន។ ចំណែករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា និយាយថា បើក្នុងករណីស្រង់មតិពលរដ្ឋឯកភាព ៩០% ក្រសួងនឹងធ្វើការអភិវឌ្ឍនៅនឹងកន្លែង។ លោកសន្យាជួបជជែកជាមួយពលរដ្ឋម្តងទៀតក្រោយពិធីបុណ្យអុំទូកខាងមុខ៕
No comments:
Post a Comment