Tuesday, November 22, 2016

សាច់ញាតិ​នៅ​តែ​ចង់​ឲ្យ​អាជ្ញាធរ​ស្វែងរក​មូលហេតុ​ពិត​ជុំវិញ​ការ​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ

សាច់ញាតិ​នៅ​តែ​ចង់​ឲ្យ​អាជ្ញាធរ​ស្វែងរក​មូលហេតុ​ពិត​ជុំវិញ​ការ​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ

សាច់​ញាតិ​ជនរងគ្រោះ​ចូលរួម​ក្នុង​ពិធី​រំលឹក​ខួប​៦​ឆ្នាំ នៃ​ការ​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ ក្បែរ​កោះពេជ្រ នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA


សាច់ញាតិ​ជន​រងគ្រោះ​មួយ​ចំនួន នៅ​តែ​ចង់​ឲ្យ​អាជ្ញាធរ​ភ្នំពេញ បើក​ការ​ស៊ើប​អង្កេត​ដោយ​យក​ចិត្ត​ទុក​ដាក់ ជុំវិញ​ករណី​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ​កាល​ពី ៦​ឆ្នាំ​មុន ព្រោះ​ពួក​គេ​យល់​ថា ការ​ស្លាប់​នោះ​មិន​អាច​ជា​ឧបទ្ទវហេតុ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ការ​ស្លាប់​លើ​ស្ពាន​នោះ គឺ​ជា​រឿង​ឧបទ្ទវហេតុ​ដដែល។

រយៈពេល ៦​ឆ្នាំ​ហើយ​ដែល​គេ​នៅ​ចាំ​មិន​ភ្លេច​អំពី​ព្រឹត្តិការណ៍​ដ៏​រន្ធត់​មិន​ធ្លាប់​មាន នៃ​ការ​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ។ មក​ទល់​ពេល​នេះ សាច់ញាតិ​ជន​រងគ្រោះ​ខ្លះ​ហាក់​មិន​ទាន់​សះស្បើយ​ក្នុង​ចិត្ត ក្នុង​ការ​បំភ្លេច​ព្រឹត្តិការណ៍​ដ៏​សែន​សង្វេគ​នេះ​បាន​នៅ​ឡើយ​ទេ ហើយ​មាន​សាច់ញាតិ​ជន​រងគ្រោះ​ខ្លះ​ទៀត​អះអាង​ថា រដ្ឋាភិបាល​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​អាច​មិន​មែន​ជា​ឧបទ្ទវហេតុ​ដូច​អាជ្ញាធរ​លើក​ឡើង​ឡើយ។

នៅ​កម្មវិធី​បុណ្យ​រាប់បាត្រ​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ជូន​ចំពោះ​អ្នក​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ​គម្រប់​ខួប ៦​ឆ្នាំ ដែល​រៀបចំ​ឡើង​ដោយ​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា ម្ដាយ​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​សាច់ញាតិ​ជន​រងគ្រោះ​ដទៃ​ទៀត លោកស្រី ម៉េត សុគុណ រស់នៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា កូន​លោកស្រី​មាន​អាយុ ១២​ឆ្នាំ គឺ​បាន​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ ហើយ​នៅ​ពេល​ដែល​លោកស្រី​ធ្វើ​ដំណើរ​មក​ស្ពាន​នេះ​ម្ដងៗ អារម្មណ៍​នៅ​តែ​នឹក​ស្រមៃ​ជានិច្ច អំពី​ព្រឹត្តិការណ៍​នឹក​ស្មាន​មិន​ដល់​ថា​កូន​ប្រុស​តែ​មួយ ត្រូវ​ស្លាប់​ក្នុង​មួយ​ពព្រិច​ភ្នែក៖ «ហាក់​បី​ដូចជា​មនុស្ស​ឆ្កួត​អ៊ីចឹង! ខ្ញុំ​គិត​អី​ក៏​អត់​ចេញ និយាយ​រួម​ទៅ​ខ្ញុំ​បាន​តែ​យំ​ម៉ា​មុខ។ មាន​អារម្មណ៍​ថា​ឈឺ​ចាប់​សោកស្ដាយ មិន​គួរ​ណា​រឿង​ហ្នឹង​កើត​ឡើង​សម្រាប់​គ្រួសារ​ខ្ញុំ​អ៊ីចឹង»។
លោកស្រី​បន្ត​ថា បើ​សិន​ជា​ចង់​ឲ្យ​លោកស្រី​ឈប់​មាន​មន្ទិល​សង្ស័យ និង​ស្ងប់​ចិត្ត ឈប់​គិត​ស្រណោះ​កូន​ប្រុស សាលា​រាជធានី​ភ្នំពេញ​គួរ​តែ​ស្វែងរក​ពី​មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ៖ «និយាយ​រួម​ទៅ ស្លាប់​នោះ (កូន​ប្រុស​ស្លាប់) គឺ​គេ (អាជ្ញាធរ​ភ្នំពេញ) គិត​ថា​ជា​ឧបទ្ទវហេតុ អត់​មាន​អ្នក​ណា​បកស្រាយ​ឲ្យ​យើង​អស់​ចិត្ត អស់​មន្ទិល​សង្ស័យ»។

ឆ្លើយតប​នឹង​រឿង​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ត្រឹម​អះអាង​ចំពោះ​មុខ​ក្រុម​សាច់ញាតិ​ជន​រងគ្រោះ​ថា វា​គឺ​ជា​ឧបទ្ទវហេតុ ហើយ​ឧបទ្ទវហេតុ​ជាន់​គ្នា​ស្លាប់​បែប​នេះ នៅ​ប្រទេស​ផ្សេង​ក៏​មាន​ដែរ វា​អត់​មាន​អ្វី​ចម្លែក​ឡើយ៖ «លោក​អ៊ំ​បង​ប្អូន​ទាំងអស់ ក៏​បាន​ឃើញ​ហើយ​ថា ឧបទ្ទវហេតុ​បែប​នេះ (ជាន់​គ្នា​ស្លាប់) សម្រាប់​នៅ​ស្រុក​គេ គេ​អត់​មាន​អី​ជា​ចម្លែក​ទេ»។

ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ គឺ​ជា​ខួប​គម្រប់ ៦​ឆ្នាំ​ហើយ​នៃ​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ៣៥៣​នាក់​ស្លាប់ និង ៣៩៣​នាក់​រង​របួស ចំ​ថ្ងៃ​ទី​បី​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក។ ក្រោយ​ពី​មាន​ករណី​ស្លាប់​ដ៏​ច្រើន​មិន​ធ្លាប់​មាន​នេះ សាលា​រាជធានី​ភ្នំពេញ បាន​សាងសង់​ស្តូប​មួយ​នៅ​កន្លែង​កើត​ហេតុ ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ។ ក្រៅ​ពី​នោះ សាលា​រាជធានី​ក៏​តែងតែ​រៀបចំ​ពិធី​រាប់បាត្រ​ព្រះសង្ឃ​ជា​រៀង​រាល់​ឆ្នាំ​ដែរ។

មក​ទល់​ពេល​នេះ គ្មាន​អាជ្ញាធរ​ណា​ម្នាក់​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​នេះ​ទេ ក្រៅ​ពី​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ជន​រងគ្រោះ​នោះ។

សាច់ញាតិ​ជន​រងគ្រោះ​ម្នាក់​ទៀត​ដែល​មាន​កូន ៣​នាក់ និង​ប្រពន្ធ​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ លោក យស ចាន់សេរី មក​ពី​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​លើក​ឡើង​លាយឡំ​តំណក់​ទឹក​ភ្នែក​ថា ដើមទ្រូង​នៅ​តែ​ចុក​ពើតផ្សារ ភ័យ​រន្ធត់ និង​អាល័យ​ដល់​កូន និង​ប្រពន្ធ​ជានិច្ច ហើយ​ជួនកាល​ដោយសារ​តែ​នឹក​ពេក លោក​មិន​អាច​ចងចាំ និង​ស្ទើរ​តែ​ភ្លេច​អ្វី​ទាំងអស់​នៅ​ជុំវិញ​ខ្លួន។

លោក​បញ្ជាក់​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ លោក​ដឹង​ត្រឹម​តែ​ប្រពន្ធ និង​កូន​បាន​ស្លាប់​នៅ​ស្ពាន​កោះ​ពេជ្រ​ប៉ុណ្ណោះ ហើយ​លោក​មិន​ចងចាំ​ថា​ជាន់​គ្នា​ស្លាប់​នោះ​ដែរ៖ «ដឹង​ដែរ ដឹង​ថា​ស្លាប់​នៅ​ស្ពាន​ពេជ្រ»។

ចំណែក​សាច់ញាតិ​ម្នាក់​ទៀត​ដែល​មាន​ប្អូន​ស្រី​ស្លាប់ និង​ជា​អ្នក​ស្ថិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​លើ​ស្ពាន​កោះ​ពេជ្រ​ផ្ទាល់ លោក លឹម ប៉ូលី មក​ពី​អរិយក្សត្រ​ខេត្ត​កណ្ដាល បាន​បញ្ជាក់​ថា មុន​ពេល​មនុស្ស​ចាប់​ផ្ដើម​ជាន់​គ្នា ហើយ​រើ​បម្រះ​ខ្លួន​មិន​ចេញ រហូត​ដល់​អ្នក​ខ្លះ​ស្លាប់ គឺ​មុន​ដំបូង​មាន​មនុស្ស​ស្រែក​ថា​ឆក់​ខ្សែ​ភ្លើង​ជាដើម ប៉ុន្តែ​លោក​អះអាង​ថា នៅ​មុន​កើត​ហេតុ​បន្តិច ពពក​ឡើង​ពណ៌​ខ្មៅ និង​ចង់​រក​ភ្លៀង៖ «ខ្ញុំ​ជាប់​នៅ​ទីនោះ​ដែរ អ្នក​ខ្លះ​ផ្អើល​ថា​ឆក់។ ពេល​ដែល​ជាប់​នោះ មនុស្ស​ដូចជា​ជ្រួលច្របល់ ប៉ុន្តែ​មុន​នឹង​កើត​ហេតុ មេឃ​ឡើង​ខ្មៅ មេឃ​រក​ភ្លៀង និង​ខ្យល់​មក មនុស្ស​លើ​ស្ពាន​ថា​ត្រជាក់​ស្រួល​ណាស់ ស្រាប់​ផុត​ពី​ហ្នឹង​ទៅ មនុស្ស​ចេះ​តែ​ណែន​ទៅៗ​រហូត​ដល់​មាន​រឿង​ស្លាប់​អ៊ីចឹង​ទៅ»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ជន​រងគ្រោះ​ផ្ទាល់ និង​សាក្សី​រូប​នេះ មិន​ហ៊ាន​បញ្ជាក់​បាន​ទេ​ថា តើ​មូលហេតុ​អ្វី​ពិត​ប្រាកដ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ​ច្រើន​បែប​នេះ។

ពិធី​រាប់បាត្រ​ព្រះសង្ឃ​ជាង ៦០​អង្គ ដើម្បី​រំឭក​ការ​ចងចាំ​ទៅ​ដល់​អ្នក​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ គឺ​មាន​មនុស្ស​ចូលរួម​ជាច្រើន​រយ​នាក់ រាប់​ទាំង​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សាច់ញាតិ​ជន​រងគ្រោះ​ចំនួន ៩៨​គ្រួសារ។ ថ្វីត្បិតតែ​យ៉ាង​ណា​ក៏ដោយ សាច់ញាតិ​ជន​រងគ្រោះ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ធ្វើ​យ៉ាង​ណា​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​ក្រោយៗ​ទៀត មិន​ត្រូវ​បណ្ដោយ​ឲ្យ​មាន​អ្នក​ស្លាប់​ដូច​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ក្នុង​ឆ្នាំ​២០១០ ឡើយ៕

No comments:

Post a Comment