Tuesday, November 22, 2016

សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​ប្ដឹង​មន្ត្រី​ស្រុក​អូររាំង​ចោទ​ឈូស​ឆាយ​ដី​តំបន់​សក្ការៈ

សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​ប្ដឹង​មន្ត្រី​ស្រុក​អូររាំង​ចោទ​ឈូស​ឆាយ​ដី​តំបន់​សក្ការៈ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូត្រែង ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បង្ហាញ​ទីតាំង​ខ្ទម​អ្នកតា​ដែល​មន្ត្រី​សាលា​ស្រុក​ឈូស​ឆាយ​យក​ដី​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ratha Visal


ជនជាតិ​ដើម​ភាគតិច​ព្នង ៧៥​គ្រួសារ​នៅ​ភូមិ​ពូត្រែង ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដាក់​ពាក្យ​ប្ដឹង​ទៅ​ការិយាល័យ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) សុំ​ជួយ​អន្តរាគមន៍​ករណី​មន្ត្រី​សាលា​ស្រុក​អូររាំង មួយ​រូប បាន​ឈូស​ឆាយ​ដី​ប៉ះពាល់​តំបន់​ខ្ទម​អ្នកតា​ដែល​សហគមន៍​គោរព​បូជា​ជាច្រើន​ឆ្នាំ​មក​ហើយ ធ្វើ​ឲ្យ​ប៉ះពាល់​ជំនឿ​ប្រពៃណី​អ្នក​ភូមិ។

ជនជាតិ​ដើម​ភាគតិច​ព្នង ប្រមាណ ៤០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា បាន​នាំ​គ្នា​បង្ហាញ​ទីតាំង​ខ្ទម​អ្នកតា​ជា​ទី​សក្ការៈ​របស់​អ្នក​ភូមិ បន្ទាប់​ពី​ទីតាំង​នោះ​ត្រូវ​មន្ត្រី​សាលា​ស្រុក​អូររាំង គឺ​លោក ខៀវ ព្រិល ជួល​គ្រឿងចក្រ​ឈូស​ឆាយ​បំណង​យក​ដី​តំបន់​នោះ​លក់។

ការ​បង្ហាញ​ទីតាំង​ឈូស​ឆាយ​ដី​នេះ ធ្វើ​ឡើង​ខណៈ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ចុះ​អង្កេត​ទីតាំង​នោះ​ផ្ទាល់​តាម​រយៈ​ពាក្យ​ប្ដឹង​របស់​សហគមន៍ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ដែល​មាន​ស្នាម​មេដៃ​អ្នក​ភូមិ ៧៥​គ្រួសារ សុំ​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរាគមន៍​ពាក្យ​ប្ដឹង​របស់​អ្នក​ភូមិ​ទៅ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ។

ចាស់​ទុំ​ដែល​នាំ​គ្នា​ចង្អុល​បង្ហាញ​ពី​ការ​រំលោភ​ដី លោកស្រី ព្លើយ អើម បញ្ជាក់​ថា ការ​ឈូស​ឆាយ​បំពាន​ទៅ​លើ​ដី​ខ្ទម​អ្នកតា​របស់​សហគមន៍ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ជំនឿ​ប្រពៃណី​វប្បធម៌​សហគមន៍ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។


លោកស្រី​កត់​សម្គាល់​ថា តំបន់​ខ្ទម​អ្នកតា​នេះ គឺ​ជា​កន្លែង​គោរព​បូជា​របស់​សហគមន៍ និង​ជា​កន្លែង​ដែល​សហគមន៍​តែង​នាំ​គ្នា​យក​ដង្វាយ​មាន​ជ្រូក មាន់ ស្រា សែនព្រេន​សុំ​សេចក្តី​សុខ​សប្បាយ និង​ការពារ​ឧបទ្រព​ចង្រៃ​ផ្សេងៗ​មាន​ជំងឺ​រាតត្បាត និង​ឧបទ្ទវហេតុ​ចៃដន្យ​ណា​មួយ​ដែល​អ្នក​ភូមិ​ជឿ​ថា បារមី​អ្នកតា​អាច​ជួយ​រំដោះ​គ្រោះ​ភ័យ​ទាំងនោះ​បាន៖ «តាំង​ពី​រំដោះ​រហូត​ឆ្នាំ​១៩៨១ ប្រជាពលរដ្ឋ​មក​រស់នៅ​ភូមិ​ហ្នឹង​សែន​រាល់​ឆ្នាំ កាប់​ជ្រូក​មួយ​សែន ស្រា ២០​ពាង​ទុក​ឲ្យ​កូន​ចៅ​យើង​រក​ស៊ី​មាន​បាន កុំ​ឲ្យ​មាន​បញ្ហា​រន្ទះបាញ់​គោ​ក្របី​ជ្រូក​មនុស្ស បាន​សែន​អ្នកតា​ហ្នឹង»។

នៅ​លើ​ទី​ទួល​នៃ​តំបន់​ភ្នំ​ឋិត​នៅ​ចម្ងាយ​ជាង ១​គីឡូម៉ែត្រ​ពី​ភូមិ​ពូត្រែង គឺ​ជា​កន្លែង​ដែល​គ្រឿងចក្រ​ចាប់​ឈូស​ឆាយ​ដី​កាល​ពី​សប្ដាហ៍​ទី​ពីរ​ក្នុង​ខែ​វិច្ឆិកា នេះ។ នៅ​ទី​ទួល​នោះ មាន​ខ្ទម​អ្នកតា​ទំហំ​មួយ​ម៉ែត្រ​បួន​ជ្រុង ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី សង់​ខ្ពស់​ពី​ដី គឺ​ជា​កន្លែង​សក្ការៈ​របស់​អ្នក​ភូមិ​នៅ​ក្នុង​ភូមិ​នេះ។

នៅ​ចម្ងាយ​ប្រមាណ ២០ ទៅ ៣០​ម៉ែត្រ​ពី​ខ្ទម​អ្នកតា ស្នាម​ឈូស​ឆាយ​ដី និង​ព្រៃ​មាន​សភាព​ថ្មីៗ​នៅ​ឡើយ ខណៈ​គ្រឿងចក្រ​បាន​ឈូស​ឆាយ​ព្រៃ​របោះ​នៅ​តំបន់​នោះ​ដើម្បី​យក​ដី។

ប្រធាន​សហគមន៍​ភូមិ​ពូត្រែង លោក ព្យាន ច្រេន អះអាង​ថា គ្រឿងចក្រ​របស់​មន្ត្រី​សាលា​ស្រុក គឺ​លោក ខៀវ ព្រិល បាន​ឈូស​ឆាយ​ប៉ះពាល់​ដី​មួយ​ផ្នែក​នៃ​តំបន់​សក្ការៈ ដោយ​សំអាង​ថា​ដី​នោះ​ត្រូវ​មន្ត្រី​នោះ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ។ ក្រៅ​ពី​នោះ ដី​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​នៅ​ជិត​តំបន់​ខ្ទម​អ្នកតា ក៏​ត្រូវ​គ្រឿងចក្រ​ឈូស​ឆាយ​យក​ដោយ​មិន​មាន​ការ​លក់​ដូរ ឬ​យល់ព្រម​ពី​ម្ចាស់​ដី៖ «មេ​ភូមិ​ជូន​លេខ​គាត់ ខ្ញុំ​ទូរស័ព្ទ​ទៅ​គាត់ បើ​បង​ឯង​អត់​មាន​ដោះស្រាយ​ទេ ពួក​ខ្ញុំ​ប្ដឹង​បាតុកម្ម​បង​ឯង។ ប្រហែល ១៥​នាទី ប្រពន្ធ​គាត់​មក​និយាយ​អត់​ស្តាប់​គ្នា ជជែក​ក្នុង​ដី​ហ្នឹង ពួក​ខ្ញុំ​អត់​លក់​ទេ។ ហេតុ​អ្វី​មក​ឈូស​កន្លែង​ហ្នឹង។ គាត់​ថា​ចង់​បាន​ព្រំ​ដី​ត្រង់​កន្លែង​ហ្នឹង»។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា អ្នក​ភូមិ​ប្រមាណ ៥០​នាក់ បាន​នាំ​គ្នា​រារាំង​គ្រឿងចក្រ​ដែល​កំពុង​ឈូស​ឆាយ​ដី​នៅ​តំបន់​ក្បែរ​ខ្ទម​អ្នកតា និង​សុំ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ភូមិ ជួយ​ដោះស្រាយ​ការ​ឈូស​ឆាយ​ចូល​តំបន់​ខ្ទម​អ្នកតា​ប្រជាពលរដ្ឋ។

ទាក់ទិន​ការ​ប្ដឹង​តវ៉ា​របស់​ប្រជាពលរដ្ឋ​ភូមិ​ពូត្រែង មន្ត្រី​សាលា​ស្រុក​អូររាំង លោក ខៀវ ព្រិល ទទួល​ស្គាល់​ថា ជា​កំហុស​អចេតនា​ដែល​អ្នក​បើក​គ្រឿងចក្រ​បាន​ឈូស​ឆាយ​ចូល​ដី​តំបន់​ខ្ទម​អ្នកតា​ប្រមាណ ៤ ទៅ ៥​ម៉ែត្រ។ លោក​ថា ដី​នៅ​តំបន់​នោះ លោក​បាន​ទិញ​មាន​ឯកសារ​ទិញ​លក់​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដី រីឯ​ការ​ឈូស​ឆាយ​ប៉ះពាល់​ដី​ខ្ទម​អ្នកតា លោក​មាន​គម្រោង​សម្របសម្រួល​ជាមួយ​សហគមន៍ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​សែនព្រេន​តាម​ជំនឿ​ប្រពៃណី​អ្នក​ភូមិ៖ «ជាក់ស្តែង គឺ​អត់​មាន​ប៉ះពាល់ គ្រាន់​តែ​ចូល​ព្រំ​ដី​បន្តិច​ទេ។ ចង់​ឲ្យ​មាន​ដំណោះស្រាយ​នៅ​ដី​ថា សហគមន៍​ណា​ធំ​ជាង​គេ ឲ្យ​ចង្អុល​ព្រំ​មើល ខ្ញុំ​នៅ​កន្លែង​ហ្នឹង​យូរ​ធ្លាប់​ទៅ​សែន​កន្លែង​ហ្នឹង​ដែរ»។

របាយការណ៍​របស់​សហគមន៍​ភូមិ​ពូត្រែង ដី​តំបន់​ខ្ទម​អ្នកតា​សហគមន៍​មាន​ទំហំ​ជាង​កន្លះ​ហិកតារ។ បច្ចុប្បន្ន អ្នក​ទិញ​ដី​បាន​ឈូស​ឆាយ​តំបន់​នោះ​អស់​ពាក់​កណ្ដាល ទើប​អ្នក​ភូមិ​ប្ដឹង​តវ៉ា។

ប្រធាន​ភូមិ​ពូត្រែង លោក ប្លង់ សេង ទទួល​ស្គាល់​ថា អ្នក​ភូមិ​បាន​ផ្តល់​ព័ត៌មាន និង​សុំ​ឲ្យ​អាជ្ញាធរ​ភូមិ​ជួយ​ដោះស្រាយ​បញ្ហា​នេះ ក៏ប៉ុន្តែ​ដោយសារ​លោក​ជាប់​រវល់ ទើប​អូស​បន្លាយ​ពេល​ដល់​ថ្ងៃ​នេះ។ លោក​អះអាង​ថា នឹង​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​សម្របសម្រួល​នៅ​សប្ដាហ៍​នេះ ដើម្បី​រក​វិធី​បញ្ចប់​ជម្លោះ​នេះ៖ «តាម​ជាក់ស្តែង​វាស់វែង​ទាំងអស់​គ្នា​ទៅ អាង​តែ​ដី​ទូលាយ​ហ្នឹង​ពី​មុន​ចេះ​តែ​ចោល បាន​មាន​បញ្ហា។ ម្ចាស់​ភូមិ​គេ​លក់​ខាង​ក្រោមៗ​ដែរ​ហ្នឹង នៅ​សល់​តែ ៥០​ម៉ែត្រ​បួន​ជ្រុង​ទេ»។

នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ការិយាល័យ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​មណ្ឌលគិរី បាន​ធ្វើ​លិខិត​អន្តរាគមន៍​ជូន​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ទាក់ទិន​ពាក្យ​ប្ដឹង​របស់​សហគមន៍​ដែល​បាន​ប្ដឹង​លោក ខៀវ ព្រិល ឲ្យ​សង​សំណង​ខូចខាត​ជា​ប្រាក់ ២​ពាន់​ដុល្លារ ដើម្បី​សែនព្រេន​អ្នកតា និង​ទាមទារ​ឲ្យ​ប្រគល់​ដី​ខ្ទម​អ្នកតា​មក​អ្នក​ភូមិ​គ្រប់គ្រង​វិញ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា ដី​តំបន់​ជនជាតិ​ដើម​ភាគតិច​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ហេតុ​នេះ​អាជ្ញាធរ​ត្រូវ​មាន​វិធានការ​បន្ទាន់​ចំពោះ​ជន​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ឬ​ខូចខាត ជាពិសេស​ដី​តំបន់​សក្ការៈ​របស់​ជនជាតិ​ដើម​ភាគតិច។ លោក​ថា សហគមន៍​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ភូមិ ប៉ុន្តែ​មិន​បាន​លទ្ធផល ទើប​ប្ដឹង​មក​ការិយាល័យ​សិទ្ធិ​មនុស្ស​ជួយ​រក​យុត្តិធម៌៖ «យើង​ចុះ​មក​ពិត​ជា​មាន​ការ​ឈូស​ឆាយ​ប្រាកដ​មែន។ យើង​នឹង​ផ្ដិត​រូបភាព​នេះ​ភ្ជាប់​ជាមួយ​លិខិត​អន្តរាគមន៍ ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ»។

ជំនឿ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូត្រែង រៀង​រាល់​ឆ្នាំ ពួក​គេ​តែងតែ​រួម​គ្នា​រៀបចំ​កាប់​ជ្រូក​មួយ​ក្បាល និង​ស្ងោរ​មាន់ និង​ស្រា​ពាង​តាម​ក្រុម​គ្រួសារ​នីមួយៗ យក​មក​សែន​ខ្ទម​អ្នកតា​ដែល​មាន​ឈ្មោះ​ថា "អ្នកតា​ឡាវ​អន់​យើ ឬ​អ្នកតា​ត្រពាំង​តា​យើ" ដែល​អ្នក​ភូមិ​ជឿ​ថា​បារមី​អ្នកតា​នេះ​ជួយ​ឲ្យ​អ្នក​ភូមិ​ទទួល​បាន​ភោគផល​កសិកម្ម​ល្អ ចៀសវាង​ជួប​ប្រទះ​បាតុភូត​រន្ទះបាញ់ ងាប់​គោ​ក្របី និង​ស្លាប់​អ្នក​ភូមិ ឬ​ការពារ​មិន​ឲ្យ​កើត​មាន​ជំងឺ​រាតត្បាត​ក្នុង​ភូមិ និង​ពិសេស​ការពារ​សត្វ​ឃ្មុំ និង​គ្រោះថ្នាក់​ខណៈ​អ្នក​ភូមិ​ស្វែងរក​ឃ្មុំ​ក្នុង​ព្រៃ​ជា​មុខ​របរ៕

No comments:

Post a Comment