![នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង តាន់យុង (Nguyen Tan Dung) [ឆ្វេង] និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន សម្ពោធបង្គោលព្រំដែនលេខ៣០ និងកំណត់ផ្លូវជាតិ ក្បែរច្រកទ្វារព្រំដែនក្នុងខេត្តរតនគិរី និងខេត្តយ៉ាឡាយ ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥។ RFA/Ratha Visal](https://3.bp.blogspot.com/-Hi_XowIKkXE/WDmGccZrHWI/AAAAAAAATWk/bGQk4biPPwIC8BhYbB6AlXd7X_a9OWMPwCLcB/s640/hunsen-vn620.jpg)
ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការកែប្រែខ្នាតផែនទីបោន (Bonne) ១/១០០.០០០ (មួយលើមួយរយពាន់) មកជាខ្នាតផែនទី យូ.ធី.អឹម (UTM) ១/៥០.០០០ (មួយលើហាសិបពាន់) វិញ គឺដើម្បីងាយស្រួលក្នុងការកំណត់ទីតាំងបោះបង្គោលព្រំដែន។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសួរតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ឈ្មោះ Seangmeng Chhe លោក ហ៊ុន សែន ឲ្យដឹងនៅថ្ងៃទី២៦ ខែវិច្ឆិកា ថា មូលហេតុដែលរដ្ឋាភិបាលត្រូវការបម្លែងខ្នាតផែនទីឲ្យបានកាន់តែធំនេះ គឺដើម្បីកុំឲ្យពិបាកក្នុងការកំណត់បោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម។
លោកនាយករដ្ឋមន្ត្រីបង្ហោះនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមរបស់លោកថា ខ្នាតផែនទី ១លើ ១០០ពាន់ គឺលំបាករកចំណុចដើម្បីបោះបង្គោលព្រំដែន ព្រោះវាតូចពេក។ ដូចនេះត្រូវផ្ទេរមកផែនទី យូ.ធី.អឹម ខ្នាត ១លើ ៥០ពាន់វិញ ទើបងាយស្រួលវាស់វែង និងរកចំណុចដើម្បីបោះបង្គោលព្រំដែន។ លោកបញ្ជាក់ថា ដើម្បីធានាភាពត្រឹមត្រូវទើបភាគីកម្ពុជា និងវៀតណាម ឯកភាពសរសេរលិខិតរួមគ្នាសុំជំនាញការរបស់បារាំង មកជួយផ្ទេរខ្នាតផែនទីនេះ។
ប្រធានគណបក្សប្រជាជនកម្ពុជា រូបនេះបញ្ជាក់ថា រដ្ឋាភិបាលបារាំង បានយល់ព្រមតាមសំណើសុំរបស់លោកហើយ ប៉ុន្តែត្រូវរង់ចាំការឆ្លើយតបជាផ្លូវការប៉ុណ្ណោះ។ លើសពីនេះទៀត លោក ហ៊ុន សែន បានពន្យល់យ៉ាងពិស្ដារនៅលើហ្វេសប៊ុករបស់លោកពីរបៀបនៃការបង្រួញខ្នាតផែនទីដែលគេអាចផ្ទេរខ្នាតផែនទីនេះ រហូតដល់ ១ លើ ១០ពាន់ក៏មានដែរ។ ការពង្រីកផែនទីឲ្យកាន់តែធំនេះ គឺដើម្បីងាយស្រួលក្នុងការកំណត់ទីតាំងបោះបង្គោលព្រំដែន។
ទាក់ទងនឹងរឿងនេះដែរ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានថ្លែងគាំទ្រគំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចង់ផ្លាស់ប្ដូរខ្នាតផែនទីនេះ។ លោកថា អ្វីដែលលោក ហ៊ុន សែន លើកឡើង គឺជាបំណងប្រាថ្នាដែលលោកតែងតែគិតចង់បានដែរ៕
No comments:
Post a Comment