ពលរដ្ឋស្រុកតំបែរប្រកាន់ជំហរបន្តដាំដំណាំលើដីមានទំនាស់រហូតមានដំណោះស្រាយ
ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លើកឡើងថា ពួកគាត់នឹងនាំគ្នាបង្កបង្កើនផលនៅលើដីទំនាស់បន្តទៀត។ បន្ថែមពីនេះ អ្នកភូមិនឹងបន្តដាំដំណាំផ្សេងៗរហូតដល់អាជ្ញាធរសម្រេចដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនចិន ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investments) ចប់ជាស្ថាពរ។ ការលើកឡើងនេះ ក្រោយពេលអាជ្ញាធរស្រុកបានប្រាប់អ្នកភូមិទាំងនោះកាលពីថ្ងៃទី១៩ វិច្ឆិកា ឲ្យបញ្ឈប់សកម្មភាពចូលទៅបង្កបង្កើនផលនៅលើដីទំនាស់បន្តទៀត ដោយរង់ចាំការដោះស្រាយជាមុន។
ប្រជាពលរដ្ឋនៅឃុំត្រពាំងព្រីង អះអាងថា ការហាមឃាត់អ្នកភូមិមិនឲ្យចូលបង្កបង្កើនផលនៅលើដីទំនាស់ គឺជារឿងមិនត្រឹមត្រូវឡើយ ពីព្រោះអាជ្ញាធរចេះតែពន្យារពេលក្នុងការដោះស្រាយរហូត ដែលជាហេតុធ្វើឲ្យពួកគេមិនមានដីសម្រាប់បង្កបង្កើនផល។
ជាងនេះទៀត អាជ្ញាធរតែងតែហាមឃាត់ភាគីពលរដ្ឋ ប៉ុន្តែភាគីក្រុមហ៊ុនចិន នៅតែអាចចូលធ្វើសកម្មភាពផ្សេងៗនៅលើដីទំនាស់បាន។
តំណាងពលរដ្ឋនៅភូមិបុស្នោរ ឃុំត្រពាំងព្រីង លោក ចាន់ សុផល មានប្រសាសន៍ថា អាជ្ញាធរចេះតែសន្យាថានឹងដោះស្រាយវិវាទដីធ្លីរវាងពលរដ្ឋជាច្រើនសហគមន៍ជាមួយក្រុមហ៊ុនចិន ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investments) ប៉ុន្តែមិនមានលទ្ធផលល្អឡើយ។ យ៉ាងនេះក្តី លោកថាប្រជាសហគមន៍នឹងបង្កបង្កើនផលលើដីទំនាស់ជាង ២០០ហិកតារបន្តទៀត ពីព្រោះអ្នកភូមិត្រូវការដាំដំណាំផ្សេងៗដើម្បីដោះស្រាយជីវភាពរស់នៅ និងបានប្រាក់ខ្លះគ្រាន់សងបំណុលគេជាដើម៖ «ហាមឃាត់ៗប្រជាពលរដ្ឋមិនឲ្យដាំដុះលើដីហ្នឹងដោយថារង់ចាំការដោះស្រាយ ហើយប្រជាពលរដ្ឋរង់ចាំគ្នាចេះតែរង់ចាំ។ បើមិនឲ្យគ្នាដាំដុះគ្រាន់ដោះស្រាយជីវភាពហ្នឹង តើគ្នាសង្ឃឹមលើអី»។
ដីមានជម្លោះជាមួយក្រុមហ៊ុនចិន នៅភូមិបុស្នោរ មានទំហំជាង ២០០ហិកតារ។ ទំនាស់នេះកើតឡើងកាលពីឆ្នាំ២០១១ បន្ទាប់ពីក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើរប្រមូលទិញដីពីប្រជាពលរដ្ឋ ដោយគ្រាន់តែផ្ដិតមេដៃប្រគល់ប្រាក់ ស្របពេលដីនោះជាប្រភេទដីព្រៃលិចទឹករបស់ប្រជាសហគមន៍ ហើយកាលណោះ ពលរដ្ឋយល់ព្រមលក់ដីចំនួន ១៧៥ហិកតារក្នុងចំណោមដីសរុបជាង ៤០០ហិកតារ (៤៤៥ហិកតារ)។
ទាក់ទងបញ្ហានេះ អភិបាលស្រុកតំបែរ លោក នាថ រ៉ាវុធ មានប្រសាសន៍ដោយខ្លីថា អាជ្ញាធរខេត្តជាអ្នកបញ្ជាឲ្យអាជ្ញាធរស្រុក ប្រាប់ទៅប្រជាពលរដ្ឋកុំឲ្យចូលទៅបង្កបង្កើនផលនៅលើដីទំនាស់។ លោកបញ្ជាក់ថា អាជ្ញាធរ គឺហាមឃាត់ភាគីទាំងពីរ ទាំងភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋ មិនឲ្យទៅកាន់ដីទំនាស់ឡើយ ដោយរង់ចាំការដោះស្រាយជាមុន។
ទោះបីជាយ៉ាងនេះក្តី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា តាមច្បាប់ គឺប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រង និងបង្កបង្កើនផលលើដីនោះ។ លោកថា ចំណាត់ការរបស់អាជ្ញាធរកន្លងទៅ គឺមិនបានឈរនៅលើគោលការណ៍ច្បាប់នោះទេ ប៉ុន្តែពួកគេហាក់លម្អៀងទៅរកភាគីក្រុមហ៊ុនច្រើនជាងពលរដ្ឋ៖ «អាជ្ញាធរដែលជាអ្នកអនុវត្តច្បាប់ គាត់ធ្វើតាមច្បាប់ណាគាត់ គឺគាត់កំពុងបំពានច្បាប់។ ចំណែកពលរដ្ឋដែលគាត់ធ្វើតំបន់នោះ ទីមួយគឺគាត់ជាអ្នកថែរក្សានៅតំបន់នោះ»។
កន្លងទៅ វិវាទដីធ្លីទាំងនេះ ប្រជាសហគមន៍បានដាក់ពាក្យប្ដឹងទៅតុលាការចំពោះសកម្មភាពបំផ្លិចបំផ្លាញព្រៃសហគមន៍ និងព្រៃលិចទឹករបស់ពួកគាត់អស់រាប់ពាន់ហិកតារ ប៉ុន្តែនៅមិនទាន់មានវិធានការឡើយ។
បញ្ហានេះ លោក នាង សុវ៉ាត បញ្ជាក់ថា តុលាការត្រូវចាត់វិធានការចំពោះជនល្មើស និងស្វែងរកអ្នកទទួលខុសត្រូវយកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីជាគំរូល្អក្នុងការអនុវត្តច្បាប់ និងជៀសវាងបង្កើតឲ្យមានវប្បធម៌និទ្ទណ្ឌភាពនៅក្នុងសង្គម៕
No comments:
Post a Comment