មន្ត្រីរដ្ឋបាលព្រៃឈើចាប់ខ្លួនទាហាន៣នាក់និងពលរដ្ឋ២នាក់ពាក់ព័ន្ធនឹងដឹកឈើគ្រញូង
មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានចាប់ខ្លួនមនុស្ស ៥នាក់ជាបន្តបន្ទាប់តាំងតែពីយប់ថ្ងៃទី១៩ រហូតដល់ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើគ្រញូងយកទៅជួញដូរខុសច្បាប់។
ការចាប់ខ្លួន បានធ្វើឡើងក្រោយពីកម្លាំងចម្រុះ មានមេព្រៃ កងរាជអាវុធហត្ថ និងទាហាន បានស្ទាក់ចាប់បានរថយន្តធំ ១គ្រឿងកម្ពស់ជាង ២ម៉ែត្រ និងបណ្ដោយប្រមាណ ៥ម៉ែត្រ បានបន្លំធ្វើជាដឹកហ្គាស៍ ប៉ុន្តែលួចដាក់ឈើគ្រញូងខាងក្នុងពេញ ហើយដឹកចេញពីព្រំដែនថៃ តាមផ្លូវហៃវេយ៍ (Highway) លេខ៦៧ ឆ្លងកាត់តាមខេត្តសៀមរាប។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប គឺលោក ទា គឹមសុទ្ធ។ លោកមានប្រសាសន៍នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ថា ឈើគ្រញូងទាំងនោះត្រូវពួកឈ្មួញប្រមូលមកពីតំបន់ជាប់ព្រំដែនថៃ ហើយដឹកទៅជួញដូរនៅប្រទេសវៀតណាម។ លោក ទា គឹមសុទ្ធ បញ្ជាក់ថា តាមការសាកសួរ ឈើគ្រញូងនោះមានចំនួនប្រហែលជាង ៩តោន ហើយម្ចាស់របស់វាអាចជាជនជាតិវៀតណាម៖ «សមាសភាពរកស៊ីចេញមកពីប្រភពចម្ការស្វាយ ជើងភ្នំអន្លង់វែង។ ម្ចាស់ឈ្មោះ អាញ់ ហា ហ្នឹងគឺគេស្គាល់ថាបងហា ជាជនជាតិវៀតណាម»។
កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា សមត្ថកិច្ចបានចាប់ខ្លួនបុរស ២នាក់ដែលជាអ្នកបើកឡានធំដឹកឈើគ្រញូងនោះ ហើយនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ក៏មានបុរស ៣នាក់ផ្សេងទៀតបានចេញមុខរត់ការឲ្យដោះលែង ដោយហ៊ានឲ្យលុយទៅសមត្ថកិច្ចចំនួន ១០ម៉ឺនដុល្លារអាមេរិក។ ដោយសារមានអ្នករត់ការដោះលែងនេះ មន្ត្រីរដ្ឋបាលព្រៃឈើបានល្បួងចាប់ខ្លួនអ្នកទាំង ៣នាក់ទៀត។ ជនទាំងបីដែលសមត្ថកិច្ចចាប់ខ្លួនចុងក្រោយ ពាក់ព័ន្ធនឹងការជួញដូរឈើគ្រញូងនោះ គឺជាមន្ត្រីយោធានៃកងពលតូចអន្តរាគមន៍លេខ៤ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២៕
No comments:
Post a Comment