ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង កំពុងក្លាយជាការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្លាំងចំពោះអ្នកធ្វើការខាងសុខភាព និងសង្គម។ ប៉ះពាល់ទាំងនេះ ក៏ទាញការចាប់អារម្មណ៍ដល់ស្ត្រីឲ្យចាប់ផ្ដើមគិតគូររកដំណោះស្រាយ។
តំណាងស្ថាប័នរដ្ឋាភិបាល ព្រឹទ្ធសភា និងអង្គការមិនមែនរដ្ឋាភិបាលជិត ១០០នាក់ ដែលធ្វើការពាក់ព័ន្ធនឹងស្ត្រី សុខភាព នយោបាយ និងសង្គម ជួបពិគ្រោះយោបល់គ្នាក្នុងសិក្ខាសាលាមួយនៅថ្ងៃទី២៤ វិច្ឆិកា ស្ដីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង ដើម្បីរកវិធីកាត់បន្ថយការប្រើប្រាស់។
ក្នុងសិក្ខាសាលានេះ អ្នកជំនាញមកពីស្ថាប័នផ្សេងៗគ្នាបង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹងបានបង្កឲ្យមានផលវិបាកជាច្រើនដល់សុខភាព និងសង្គម ហើយក៏ផ្ដល់ផលអវិជ្ជមានចំពោះស្ត្រី និងកុមារី។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អ្នកស្រី ម៉ែន សំអន ថ្លែងថា ក្នុងសង្គមកម្ពុជា បច្ចុប្បន្ននេះ កំពុងជួបប្រទះនឹងការប្រើប្រាស់គ្រឿងស្រវឹងដូចជាការសេពសុរា និងស្រាបៀរ ដែលបង្កឲ្យមានវិបត្តិ និងផលអវិជ្ជមានជាច្រើន។ ស្ត្រី និងកុមារីជាច្រើន ត្រូវទទួលរងអំពើហិង្សាពាក់ព័ន្ធការប្រើប្រាស់គ្រឿងស្រវឹងនេះ។
អ្នកស្រី ម៉ែន សំអន៖ «គ្រឿងស្រវឹងពិតជានាំមកនូវផលវិបាកជាអវិជ្ជមានច្រើនណាស់ដល់ផលប្រយោជន៍បុគ្គល ផលប្រយោជន៍សាធារណៈ និងសង្គមជាតិ។ ជាក់ស្ដែង គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យមានការបាត់បង់ជីវិត រងរបួស និងបំផ្លាញទ្រព្យសម្បត្តិបុគ្គល និងសាធារណៈ ភាគច្រើនលើសលុបបណ្ដាលមកពីការបើកបរក្នុងស្ថានភាពស្រវឹង។ ចំណែកឯអំពើហិង្សានានា ជាពិសេសអំពើហិង្សាលើស្ត្រីភាគច្រើន ក៏បណ្ដាលមកពីគ្រឿងស្រវឹងដែរ»។
អ្នកជំនាញដែលចូលរួមការពិគ្រោះយោបល់នេះ ការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជា គឺដោយសារតែបច្ចុប្បន្ននេះ មិនទាន់មានយន្តការច្បាប់សម្រាប់គ្រប់គ្រងគ្រឿងស្រវឹងនៅឡើយ។ កត្តានេះហើយដែលធ្វើឲ្យក្រុមហ៊ុនឧស្សាហកម្មផ្សព្វផ្សាយគ្រឿងស្រវឹងទូលំទូលាយ ហើយទាក់ទាញអ្នកប្រើប្រាស់ច្រើន។
នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា វេជ្ជបណ្ឌិត មុំ គង់ បង្ហាញតួលេខថា ការប្រើប្រាស់គ្រឿងស្រវឹងជាកត្តាប្រឈមបញ្ហាសុខភាពចម្បងមួយក្នុងចំណោមកត្តាហានិភ័យចម្បងបួន ដែលគ្រឿងស្រវឹង ថ្នាំជក់ កង្វះការហាត់ប្រាណ និងរបបអាហារដែលកត្តាទាំងនេះ បណ្ដាលឲ្យអ្នកប្រើប្រាស់ទាំងនោះកើតជំងឺមិនឆ្លងប្រមាណជាង ២០០ប្រភេទ មានជាអាទិ៍ ជំងឺមហារីក ទឹកនោមផ្អែម លើសសម្ពាធឈាម ដាច់សរសៃខួរក្បាល។ ជំងឺមិនឆ្លងទាំងនេះ បណ្ដាលឲ្យមនុស្សស្លាប់នៅលើពិភពលោកប្រមាណ ៣៦លាននាក់រៀងរាល់ឆ្នាំ៖ «គ្រឿងស្រវឹង ថ្នាំជក់ គឺទាក់ទងនឹងការប្រើប្រាស់។ របបអាហារ គឺសំដៅរបបអាហារសម្បូរណ៍ជាតិខ្លាញ់ ជាប្រេង ឬប្រៃខ្លាំង ឬផ្អែមខ្លាំង។ ខ្វះកាយវប្បកម្មសំដៅលើការខ្វះការចលនារាងកាយ ពីព្រោះយើងនៅរាជធានីភ្នំពេញ ជាពិសេសអ្នកធ្វើការនៅការិយាល័យភាគច្រើន ធ្វើការច្រើនម៉ោងនៅការិយាល័យ ក៏ជាកត្តាមួយបណ្ដាលឲ្យមានជំងឺមិនឆ្លងដែរ។ ការស្រាវជ្រាវនេះ គឺធ្វើឡើងដោយសកលវិទ្យាល័យភ្នំពេញ ហើយអ្នកចូលរួមរបស់យើងហ្នឹង ៥៤% គាត់បានឆ្លើយថា គាត់បានទទួលទានគ្រឿងស្រវឹងយ៉ាងតិចម្ដង ក្នុងរយៈពេល ១២ខែចុងក្រោយនេះ ហើយក្នុងចំណោម ៥៤% ហ្នឹង មានប្រុស ៧៣% ហើយមានស្រី ២៣%។ អ៊ីចឹងការប្រើប្រាស់គ្រឿងស្រវឹងក្នុងស្ត្រី ក៏កំពុងបញ្ជាក់ថាគួរឲ្យព្រួយបារម្ភដែរ ប្រសិនបើយើងមិនមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេនោះ»។
របាយការណ៍ស្រាវជ្រាវរបស់អ្នកជំនាញទាំងនេះ រកឃើញថា អ្នកដែលប្រឈមផលប៉ះពាល់ខ្លាំងពីការប្រើប្រាស់គ្រឿងស្រវឹង ស្ត្រីលក់ស្របៀរ ដែលក្រុមហ៊ុនដាក់កំណត់ចំនួនលក់ឲ្យបាន ហើយភ្ញៀវបង្ខំឲ្យផឹក។
ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី អ្នកស្រី កេត ម៉ារឌី បង្ហាញថា ស្ត្រី ៦៦% ដែលជួបអំពើហិង្សា ប៉ះពាល់សុខភាពផ្លូវកាយ និងផ្លូវចិត្តខ្លាំង។ ស្ត្រីទាំងជក់បារី បរិភោគគ្រឿងស្រវឹងញឹកញាប់ មានផ្ទៃពោះមិនបានគ្រោងទុក និងចង់សម្លាប់ខ្លួន៖ «គ្រឿងស្រវឹង និងអំពើហិង្សានេះ គឺមិនអាចកាត់ផ្ដាច់ពីគ្នាបានទេ។ អ៊ីចឹងបានន័យថា គ្រួសារដែលគាត់ធំធាត់ឡើងនៅក្នុងគ្រួសារ ដែលសេពគ្រឿងស្រវឹងហ្នឹង គឺថា ជាបទពិសោធន៍មានការរំលោភបំពានផ្លូវកាយ ផ្លូវចិត្ត ឬក៏មិនយកចិត្តទុកដាក់ ហ្នឹងក៏ជាសាក្សីនៃអំពើហិង្សាដែរ។ អ៊ីចឹងយើងដឹងហើយថា កូនដែលរស់នៅក្រោមបន្ទុកគ្រួសារគឺថា ពេលណាដែលគាត់រស់នៅក្នុងគ្រួសារណាដែលគាត់សេពគ្រឿងស្រវឹងហ្នឹង តែងតែជួបនូវផលប៉ះពាល់ជាដើម។ អ៊ីចឹងក៏ជាមេរៀនមួយបង្រៀនដល់ពួកគាត់ដែរ»។
មន្ត្រីអង្គការសុខភាពពិភពលោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មានប្រសាសន៍ថា វិធានការដែលមានប្រសិទ្ធភាពដើម្បីកាត់បន្ថយការប្រើប្រាស់ និងផលប៉ះពាល់អវិជ្ជមាននានា គឺចាំបាច់ប្រទេសកម្ពុជា ត្រូវមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ដាក់វិធានការកំណត់អាយុអ្នកប្រើប្រាស់លើសពី ១៨ឆ្នាំ និងគ្រប់គ្រងកន្លែងលក់ឲ្យបានត្រឹមត្រូវ៖ «គឺយើងត្រូវមានវិធានការទប់ស្កាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង ដែលជាវិធានការមានប្រសិទ្ធភាពបំផុត ដែលយើងឃើញការផ្សព្វផ្សាយគ្រឿងស្រវឹងនៅស្រុកខ្មែរយើង នៅតែមានទំហំធំធេង ហើយដែលធ្វើឲ្យប៉ះពាល់ ហើយអាចជាបញ្ហាមួយលើកទឹកចិត្តឲ្យក្មេងប្រើប្រាស់គ្រឿងស្រវឹង។ អ៊ីចឹង កាលណាយើងមានវិធានការហាមឃាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ វាជាការលើកទឹកចិត្តការពារឲ្យប្រជាពលរដ្ឋឃើញថា ការហាមឃាត់ដោយសារថា គ្រឿងស្រវឹងធ្វើឲ្យប៉ះពាល់សុខភាព។ អ៊ីចឹងវាជាជំហានដែលជួយកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង»។
លោកបញ្ជាក់បន្ថែមថា ការបង្កើនពន្ធអាករលើការប្រើប្រាស់ស្រាបៀរ ក៏ជាវិធានការមានប្រសិទ្ធភាពមួយដែរក្នុងការកាត់បន្ថយការប្រើប្រាស់។ លោកថា បច្ចុប្បន្ននេះរដ្ឋាភិបាលបានបង្កើនពន្ធអាករពិសេសពី ២០% ទៅ ២៥%។ ប៉ុន្តែលោកបញ្ជាក់ថា ពន្ធនេះនៅតែមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសផ្សេងទៀត។
អង្គការចលនាដើម្បីសុខភាពកម្ពុជា បង្ហាញតួលេខថា ជារៀងរាល់ឆ្នាំ គ្រឿងស្រវឹងបានបណ្ដាលឲ្យមនុស្សស្លាប់ប្រមាណ ៣លាន ៣សែននាក់នៅលើពិភពលោក។ ចំនួននេះគឺស្មើនឹង ៥.៩% នៃអត្រាស្លាប់សរុបទូទាំងពិភពលោក។
អ្នកចូលរួមកិច្ចពិគ្រោះយោបល់យល់ស្របថា ការបង្កើតច្បាប់សម្រាប់គ្រប់គ្រងគ្រឿងស្រវឹង នឹងអាចជាវិធានការមានប្រសិទ្ធភាពក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដូចជាគ្រោះថ្នាក់ចរាចរណ៍អំពើហិង្សាក្នុងគ្រួសារ ការខាតបង់សេដ្ឋកិច្ច និងកាត់បន្ថយជំងឺមិនឆ្លងជាង ២០០មុខ៕
No comments:
Post a Comment