Tuesday, November 15, 2016

ឧទ្យានុរក្ស​ថា​ព្រៃ​ឈើ​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​ត្រូវ​គេ​លួច​កាប់​អំឡុង​បុណ្យ​អុំ​ទូក

ដើម​ឈើ​ដែល​គេ​លួច​កាប់​រំលំ​យក​ដី​នៅ​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៦។ Photo MJP

មន្ត្រី​ការពារ​ព្រៃ​ឈើ​អង្គការ អិម.ជេ.ភី (MJP) ប្រចាំ​ការ​នៅ​តំបន់​ព្រៃ​ឈើ​នៃ​ស្រុក​សំឡូត និង​ខេត្ត​ប៉ៃលិន ឬ​ហៅ​ថា​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ហិនហោច​ព្រៃ​ឈើ ដោយសារ​ពលរដ្ឋ​លួច​ទៅ​កាប់​ឈើ​តំបន់​ហាមឃាត់​នេះ ក្នុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​អុំ​ទូក។

ការ​ព្រួយ​បារម្ភ​នេះ បន្ទាប់​ពី​ពួក​គាត់​ប្រទះ​ឃើញ​ព្រៃ​ជាច្រើន​ហិកតារ​នៅ​តំបន់​ឧទ្យាន​នោះ ត្រូវ​គេ​លួច​កាប់​ជា​បន្តបន្ទាប់។

មន្ត្រី​យាម​ការពារ​ព្រៃ​ឈើ​នៃ​អង្គការ អិម.ជេ.ភី (MJP) ប្រចាំ​ការ​នៅ​តំបន់​ព្រៃ​ឈើ​ស្រុក​សំឡូត និង​ខេត្ត​ប៉ៃលិន អះអាង​ថា យ៉ាង​ហោច​ណាស់​ព្រៃ​ឈើ​ប្រមាណ ១០​ហិកតារ​បន្ថែម​ទៀត ត្រូវ​បាន​គេ​លួច​កាប់​អំឡុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​អុំ​ទូក។

មន្ត្រី​យាម​ការពារ​ព្រៃ​ឈើ​នៃ​អង្គការ អិម.ជេ.ភី (MJP) ប្រចាំ​ការ​នៅ​តំបន់​ព្រៃ​ឈើ​ស្រុក​សំឡូត និង​ខេត្ត​ប៉ៃលិន លោក ប៊ូ ស៊ីណា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា ថា ជន​ដែល​លួច​កាប់​ឈើ​នោះ ធ្វើ​ឡើង​ក្នុង​រូបភាព​ជួល​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​តំបន់​ឧទ្យាន​ស្រុក​សំឡូត និង​ខេត្ត​ប៉ៃលិន ទៅ​កាប់​ទន្ទ្រាន​ព្រៃ​យក​ដី ខណៈ​ដែល​មន្ត្រី​អង្គការ អិម.ជេ.ភី (MJP) ឈប់​សម្រាក​ថ្ងៃ​បុណ្យ​អុំ​ទូក។
លោក​អះអាង​ថា ចំណុច​ដែល​គេ​លួច​កាប់​ទន្ទ្រាន​ថ្មី​នោះ នៅ​ម្ដុំ​ភ្នំ​ដំបង ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន និង​អូរស្លេវ ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង។ លោក​បន្ថែម​ថា ករណី​នេះ ប្រសិន​បើ​ឧទ្យានុរក្ស​របស់​រដ្ឋាភិបាល​ដែល​បាន​ដាក់​ការិយាល័យ​ប្រចាំ​ការ​នៅ​តំបន់​នោះ​ជួយ​ការពារ​បន្ថែម នឹង​អាច​កាត់​បន្ថយ​មិន​ឲ្យ​មាន​ជន​ខិលខូច​លួច​កាប់​ឈើ​បាន​មួយ​កម្រិត៖ «ក្រុម​អ្នក​លួច​កាប់​ឈើ​នេះ គឺ​ពុំ​មែន​ជា​កាប់​ធម្មតា​ឡើយ ព្រោះ​អី​គេ​ប្រើ​រណារ​យន្ត​ក្នុង​ការ​អារ​ផ្ដួល​រំលំ ហើយ​ពេល​ខ្លះ​គាត់​លួច​កាប់​យប់​ទៀត បើ​និយាយ​រួម​ទៅ ពួក​គាត់​ឆ្លៀត​ឱកាស​គ្រប់​បែប​យ៉ាង ឲ្យ​តែ​ក្រុម​ការងារ​របស់​យើង​មិន​នៅ គឺ​គាត់​ឆ្លៀត​តែ​ម្ដង»។

ឆ្លើយតប​នឹង​បញ្ហា​នេះ នាយក​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត លោក ថន គីមហុង មាន​ប្រសាសន៍​ថា អំឡុង​ពេល​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​អុំ​ទូក មាន​ទាហាន​មួយ​ក្រុម​មក​ពី​ខេត្ត​ប៉ៃលិន ទៅ​យាម​ការពារ​នៅ​តំបន់​ឧទ្យាន​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​នោះ​ហើយ។ លោក​មាន​ជំនឿ​ថា ប្រជាពលរដ្ឋ គឺ​មិន​អាច​ចូល​ទៅ​លួច​កាប់​ឈើ​ក្នុង​តំបន់​ហាមឃាត់​នោះ​បាន​ដោយ​ងាយ​ស្រួល​ដូច​ពេល​មុន​នោះ​ឡើយ៖ «បាទ! ប៉ុន្តែ​អង្គការ អិម.ជេ.ភី ក៏​គាត់​មិន​ការពារ​បាន​ទាំងអស់​ដែរ។ ហើយ​ខាង​យើង​បើ​ទោះ​ជា​អត់​ពី​អង្គការ​នេះ​ទៅ ក៏​យើង​នៅ​តែ​ការពារ​ព្រៃ​ឈើ​នោះ​បាន​ដែរ»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​អង្គការ អិម.ជេ.ភី (MJP) ម្នាក់​ទៀត​សុំ​មិន​ឲ្យ​បញ្ចេញ​សំឡេង​អះអាង​ថា មន្ត្រី​បរិស្ថាន​របស់​រដ្ឋាភិបាល​ដែល​ដាក់​ប៉ុស្តិ៍​យាម​ការពារ​តំបន់​ឧទ្យាន​នោះ មាន​តែ​អគារ ក៏ប៉ុន្តែ​គ្មាន​មនុស្ស​ប្រចាំ​ការ​នោះ​ទេ។ មន្ត្រី​រូប​នេះ​បន្ថែម​ថា ទាហាន​ប្រមាណ ២០​នាក់​ដែល​បាន​បញ្ជូន​មក​ពី​ខេត្ត​ប៉ៃលិន ឲ្យ​ទៅ​ការពារ​ព្រៃ​ឈើ​នៅ​ថ្ងៃ​ឈប់​សម្រាក​នោះ គឺ​ពុំ​បាន​ចុះ​ទៅ​ល្បាត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដូច​ការ​អះអាង​របស់​នាយក​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​នោះ​ឡើយ។

អ្នក​ការពារ​ព្រៃ​ឈើ​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​ឧទ្យាន​នោះ​ឲ្យ​បាន​ដិតដល់​ទេ គឺ​មិន​យូរ​ឡើយ ព្រៃ​ឈើ​នៅ​តំបន់​នោះ​នឹង​ក្លាយ​ជា​វាល​រហោឋាន​នៅ​ពេល​ខាង​មុខ​ជា​ពុំ​ខាន។

តំបន់​ការពារ​ព្រៃ​ឈើ​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត មាន​ផ្ទៃដី​ប្រមាណ ៤​ម៉ឺន​ហិកតារ គឺ​មួយ​ផ្នែក​ស្ថិត​នៅ​ខេត្ត​ប៉ៃលិន និង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង៕

No comments:

Post a Comment