Tuesday, November 15, 2016

កសិករ​ខេត្ត​ឧត្ដរមានជ័យ​មិន​សប្បាយ​ចិត្ត​នឹង​តម្លៃ​ដំឡូងមី​និង​ស្រូវ​ចុះ​ថោក

 កម្មករ​ស៊ី​ឈ្នួល​ដក​ដំឡូងមី​នៅ​សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន លោកស្រី រ៉ន វ៉ែន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Hum Chamroeun

ចាប់​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា នេះ​ត​ទៅ ប្រជា​កសិករ​នៅ​ខេត្ត​ឧត្តរមានជ័យ ចាប់​ផ្ដើម​ប្រមូល​ផល​ស្រូវ និង​ដំឡូងមី​ជា​បន្តបន្ទាប់។ បើ​ទោះ​បី​ជា​ពួក​គេ​បាន​ទទួល​ផល​ស្រូវ និង​ដំឡូង​ច្រើន​គួរសម​ក៏ដោយ ក៏​ក្រុម​កសិករ​ភាគច្រើន​មិន​សប្បាយ​ចិត្ត​ទេ ដោយសារ​តែ​ផល​ស្រូវ និង​ដំឡូងមី ត្រូវ​ពួក​ឈ្មួញ​ដើរ​ទិញ​ចុះ​ថ្លៃ​យ៉ាង​គំហុក។

កសិករ​ជាច្រើន​នៅ​តាម​បណ្ដា​ស្រុក​ខ្លះ​នៃ​ខេត្ត​ឧត្តរមានជ័យ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ជ្រោមជ្រែង ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ស្រូវ​វស្សា និង​ដំឡូងមី​ដែល​ពួក​គេ​កំពុង​តែ​ប្រមូល​ផល អាច​លក់​បាន​តម្លៃ​សមរម្យ។

ការ​អំពាវនាវ កើត​មាន​ឡើង​ក្នុង​ពេល​ដែល​កសិករ​ជាច្រើន​កំពុង​ប្រមូល​ផល​ស្រូវ​វស្សា និង​ដំឡូងមី ហើយ​ត្រូវ​ការ​លក់​កសិផល​ទាំងនោះ​ខ្លះ ដើម្បី​បាន​ប្រាក់​ជួយ​ដោះស្រាយ​ជីវភាព ក៏ប៉ុន្តែ​បែរ​ជា​លក់​បាន​តម្លៃ​ថោក។


កសិករ​ម្នាក់​នៅ​ភូមិ​ក្រឡសែនជ័យ ឃុំ​បេង នៃ​ស្រុក​បន្ទាយអំពិល ក្នុង​ចំណោម​កសិករ​ជាច្រើន​ទៀត គឺ​លោក កើត ម៉ាប់។ លោក​មាន​ប្រសាសន៍​ទាំង​ត្អូញត្អែរ​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៥ ខែ​វិច្ឆិកា ថា ឆ្នាំ​នេះ​ដំឡូងមី​ដាំ​មិន​សូវ​បាន​ផល​ទេ ដោយសារ​តែ​ស្មៅ​ដុះ​ខ្លាំង​ពេក ចំណែក​ឯ​ស្រូវ​ក៏​ធ្វើ​មិន​បាន​ដែរ ពីព្រោះ​តែ​ភ្លៀង​មិន​ទៀងទាត់។ លោក កើត ម៉ាប់ រឹត​តែ​បង្ហាញ​ទឹក​ចិត្ត​អស់​សង្ឃឹម នៅ​ពេល​ដែល​ស្រូវ​លក់​បាន ៦០០​រៀល និង​ដំឡូងមី​លក់​បាន ៣​បាត​ប្រាក់​ថៃ ក្នុង ១​គីឡូក្រាម​នោះ៖ «ឈឺ​ចាប់​ណាស់! បើ​គិត​ទៅ​មិន​ដឹង​ជា​ធ្វើ​យ៉ាង​ម៉េច? អា​ស្រូវ​ក៏​អត់​កើត ដូច​ដឹង​ហើយ​ស្មៅ ព្រម​ទាំង​ភ្លៀង​មិន​ទៀងទាត់​ទៀត»។

កសិករ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ ពួក​គេ​មាន​ជីវភាព​គ្រាន់​បើ ដោយសារ​តែ​ដំឡូងមី​អាច​លក់​បាន​ថ្លៃ ៥​បាត​ប្រាក់​ថៃ ក្នុង ១​គីឡូក្រាម។

ទោះ​បី​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​កសិកម្ម ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី លោក សូត្រ ស៊ីសុឃាន ព្រម​ទាំង​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី ដើម្បី​ឆ្លើយតប​ទៅ​នឹង​កង្វល់​របស់​កសិករ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ឲ្យ​ដឹង​ថា កសិករ​ជាច្រើន​ស្រុក​ដូចជា​នៅ​ស្រុក​អន្លង់វែង និង​ស្រុក​បន្ទាយអំពិល ជាដើម កំពុង​មាន​បញ្ហា​រឿង​កសិផល​ធ្លាក់​ថ្លៃ​នេះ។

លោក ស្រី ណារ៉េន បញ្ជាក់​ថា តាម​លោក​ដើរ​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​សិទ្ធិ​អ្នក​បោះឆ្នោត​នៅ​តាម​តំបន់​ខ្លះ គឺ​កសិករ​បាន​ធ្លាក់​ទឹក​ចិត្ត​ចំពោះ​កសិផល​ដែល​លក់​មិន​បាន​ថ្លៃ៖ «ដំឡូងមី បើ​តាម​អ្នក​គោកសំព័រ ស្រុក​អន្លង់វែង ដែល​ខ្ញុំ​ទៅ​បើក​វគ្គ​នៅ​ទីនោះ គឺ​អ្នក​ខ្លះ​ថា​ឆ្នាំ​នេះ​គេ​មិន​ទាន់​ដក​ទេ ពីព្រោះ​តែ​វា​លក់​បាន​ថោក​ពេក»។

នៅ​ខេត្ត​ឧត្តរមានជ័យ ដែល​ជាប់​ព្រំដែន​គ្នា​ជាមួយ​នឹង​ខេត្ត​បូរីរ៉ាំ ខេត្ត​សុរិន្ទ និង​ខេត្ត​ស៊ីសាកេត របស់​ប្រទេស​ថៃ គឺ​ពឹង​ផ្អែក​លើ​ទីផ្សារ​នាំ​ចេញ​កសិផល​ទៅ​កាន់​ប្រទេស​ថៃ ក៏ប៉ុន្តែ​ឆ្នាំ​នេះ​កសិករ​ថៃ ក៏​កំពុង​មាន​បញ្ហា​លក់​ស្រូវ​ចុះ​ថោក​ដែរ។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ប្រមុខ​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាក់​ថវិកា​ចំនួន ២៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​នោះ​មាន​ប្រាក់​បម្រុង​របស់​រាជ​រដ្ឋាភិបាល​ចំនួន ២០​លាន​ដុល្លារ និង​ប្រើប្រាស់​ទុន​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ (RDB) ចំនួន ៧​លាន​ដុល្លារ ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ និង​ជំរុញ​ការ​ទិញ​ស្រូវ​នៅ​ក្នុង​ប្រទេស។

ការ​ប្រកាស​បញ្ចេញ​ថវិកា ២៧​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ទិញ​ស្រូវ​កសិករ ធ្វើ​ឡើង​ក្រោយ​ពី​មាន​របាយការណ៍​ជាច្រើន​ពី​កសិផល​ដែល​កសិករ​ផលិត​បាន តែ​គ្មាន​ទីផ្សារ​លក់ ឬ​លក់​បាន​ក្នុង​តម្លៃ​ថោក​មិន​រួច​ថ្លៃ​ដើម​ផលិត រហូត​ផ្ទុះ​កំហឹង​ឈាន​ដល់​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ជាដើម៕

No comments:

Post a Comment