កសិករស្នើរដ្ឋាភិបាលផ្ដល់អ្នកជំនាញបណ្ដុះបណ្ដាលពីប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ
សង្គមស៊ីវិលផ្នែកកសិកម្ម និងកសិករ នៅថ្ងៃទី១៨ វិច្ឆិកា បានប្រារព្ធពិធីទិវាស្រែក្រោមប្រធានបទ «ការជំរុញការធ្វើស្រែតាមបែបប្រពលវប្បកម្ម ស្រូវតាមគោលការណ៍ធម្មជាតិ»។ ក្នុងទិវានេះ កសិករស្នើឲ្យរដ្ឋាភិបាលផ្តល់អ្នកជំនាញបណ្តុះបណ្តាលកសិករពីការធ្វើស្រែតាមបែបប្រពលវប្បកម្ម ស្រូវតាមគោលការណ៍ធម្មជាតិ (ប.វ.ស)។
អ្នកជំនាញផ្នែកកសិកម្ម សង្គមស៊ីវិលផ្នែកកសិកម្ម និងកសិករអះអាងថា ការធ្វើស្រែតាមបែបប្រពលវប្បកម្ម ស្រូវតាមគោលការណ៍ធម្មជាតិ (ប.វ.ស) គឺជាបច្ចេកទេសតែមួយគត់ដែលផ្តល់គុណប្រយោជន៍ច្រើនដល់កសិករ ពិសេសជួយស្រោចស្រង់វិស័យកសិកម្មកម្ពុជា ឡើងវិញ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសទិវាស្រែក្រោមប្រធានបទ «ការជំរុញការធ្វើស្រែតាមបែបប្រពលវប្បកម្ម ស្រូវតាមគោលការណ៍ធម្មជាតិ» ដែលបានប្រារព្ធឡើងនៅភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
កសិករឆ្នើមដែលធ្វើស្រែតាមបែបប្រពលវប្បកម្ម ស្រូវតាមគោលការណ៍ធម្មជាតិ (ប.វ.ស) បានជោគជ័យ លោក ហ៊ឹម ណន កសិករនៅខេត្តតាកែវ លើកឡើងថា ប.វ.ស គឺជាគោលការណ៍ស្ទូងស្រូវមួយដើមកាត់បន្ថយប្រើជីគីមី ប្រើពូជតិច តែទិន្នផលស្រូវកើនឡើង។ លោកបន្តថា លោកចាប់ផ្ដើមអនុវត្តគោលការណ៍ ប.វ.ស ចាប់ពីឆ្នាំ២០១៣ ហើយក្នុងមួយឆ្នាំៗលោកអាចទទួលទិន្នផលជាង ៩តោនក្នុងផ្ទៃដី ១ហិកតារ និងអាចទទួលប្រាក់ចំណូលរហូតជាង ៩លានរៀលក្នុងមួយឆ្នាំៗ។
លោកបញ្ជាក់ថា ទិន្នផល និងចំណូលដែលលោកទទួលបាននេះ លើសជាងពាក់កណ្ដាល បើធៀបនឹងការអនុវត្តធ្វើស្រែតាមទម្លាប់ដូចកសិករទូទៅ។
កសិកររូបនេះជំរុញឲ្យរដ្ឋាភិបាល ពិសេសក្រសួងកសិកម្ម ផ្តល់មន្ត្រីជំនាញបច្ចេកទេស បណ្តុះបណ្តាលកសិករពីគោលការណ៍ ប.វ.ស ដើម្បីរួមចំណែកកាត់បន្ថយចំណាកស្រុកពីជនបទ និងធានាសុវត្ថិភាពដល់អ្នកបរិភោគអង្ករកម្ពុជា៖ «បច្ចេកទេស ប.វ.ស ជាគោលការណ៍មួយដែលបានទទួលនូវគុណប្រយោជន៍ច្រើន។ ទី១ ចំណាយពូជតិច តែទិន្នផលច្រើន ហើយចំណែកកសិផល គឺធានានូវសុវត្ថិភាពខ្ពស់ ព្រោះមិនប្រើជីគីមី។ សូមឲ្យរដ្ឋាភិបាលចាត់អ្នកជំនាញទៅបំផុសគំនិតកសិករពីគោលការណ៍នេះ»។
ទន្ទឹមគ្នានេះ ប្រធានក្រុមការងាររបស់អង្គការសេដាក (CEDAC) ប្រចាំខេត្តតាកែវ ដែលរៀបចំកម្មវិធីទិវាស្រែនេះ លោក វង្ស សាវឿន មានប្រសាសន៍ថា កម្លាំងពលកម្មក្នុងវិស័យកសិកម្មកំពុងខ្វះខាត ខណៈកសិករជាច្រើនបានផ្លាស់ប្ដូរទម្លាប់ធ្វើស្រែពីស្ទូង មកពង្រោះវិញ ដែលជំរុញឲ្យទិន្នផលស្រូវថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។
លោកជំរុញឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដោះស្រាយបញ្ហាប្រឈមរបស់កសិករ ដើម្បីជំរុញឲ្យកសិករងាកមកអនុវត្តគោលការណ៍ ប.វ.ស កាន់តែច្រើន៖ «តាមគោលការណ៍ធម្មជាតិក្នុង ១ហិកតារ យើងប្រើពូជអស់តែ ១០គីឡូក្រាមប៉ុណ្ណោះ។ ចឹងអាហ្នឹងវាចំណេញចឹង ព្រោះបើយើងចេះតាមបច្ចេកទេស ការស្ទូងស្រូវមួយដើមវាលូតលាស់ល្អជាង ស្រូវវាមានកម្លាំងខ្លាំងជាង ហេតុនេះធ្វើឲ្យទទួលបាន ទិន្នផលខ្ពស់»។
ចំណែកឯប្រតិភូរាជរដ្ឋាភិបាល និងប្រធានក្រុមការងារពង្រឹងស្រុកត្រាំកក់ ប្រចាំខេត្តតាកែវ លោក ច័ន្ទ សារុន ថ្លែងក្នុងទិវានេះថា រដ្ឋាភិបាលមានគោលការណ៍ជំរុញផ្សព្វផ្សាយឲ្យបានទូលំទូលាយពីបច្ចេកទេស ប.វ.ស ទៅដល់កសិករនៅកម្ពុជា តាមរយៈផ្តល់បច្ចេកទេស ផ្តល់ពូជស្រូវសុទ្ធ ដើម្បីជំរុញដល់ការនាំចេញអង្ករដែលមានគុណភាពខ្ពស់ទៅទីផ្សារអន្តរជាតិ។
ទោះបីជាយ៉ាងណា ក្រៅពីស្នើឲ្យរដ្ឋាភិបាលផ្តល់អ្នកជំនាញកសិកម្មទៅបណ្តុះបណ្តាលកសិករពីប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ (ប.វ.ស) អ្នកជំនាញផ្នែកកសិកម្ម សង្គមស៊ីវិលផ្នែកកសិកម្ម និងកសិករដែលចូលរួមទិវាស្រែប្រមាណជាង ៤០នាក់ ក៏បានជំរុញឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ គាំទ្រកសិករដែលអនុវត្តគោលការណ៍ ប.វ.ស នេះបានជោគជ័យ ដើម្បីលើកកម្ពស់ជីវភាពកសិករ និងលើកមុខលើកមាត់ផលិតផលកសិកម្មកម្ពុជា៕
No comments:
Post a Comment