Thursday, November 17, 2016

សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​រតនគិរី​រក​ឃើញ​កន្លែង​លាក់​ឈើ​ខុស​ច្បាប់

ប៉ូលិស​ស្រុក​អូរយ៉ាដាវ ចុះ​រឹប​អូស​ឈើ​ដែល​កាប់​ពី​ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ratha Visal

សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី រក​ឃើញ​កន្លែង​​លាក់​ឈើ​ជាង ២០០​កំណាត់ ដែល​ឈ្មួញ​ទិញ​ឈើ​យក​មក​លាក់​ទុក​នៅ​តំបន់​ក្បែរ​ព្រៃ​សហគមន៍​ការពារ។កំណាត់​ឈើ​ដែល​រក​ឃើញ​នេះ គឺ​ជា​ឈើ​ដែល​ប្រជាពលរដ្ឋ​សហគមន៍​លួច​កាប់​ពី​ព្រៃ​ការពារ​លក់​ទៅ​ឲ្យ​ឈ្មួញ។

ឈើ​ប្រភេទ​លេខ​១ ដែល​គេ​អារ​ជា​ជ្រុង​មាន​ទំហំ​បួន​តឹក​បួន​ជ្រុង និង​បណ្ដោយ ១​ម៉ែត្រ​កន្លះ ជាង ៨០​ដុំ​ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​អូរយ៉ាដាវ រក​ឃើញ​ក្នុង​ចំណោម​ឈើ​ជាង ១០០​ដុំ​ទៀត​ដែល​​ឈ្មួញ​បាន​ដឹក​ជញ្ជូន​ចេញ​កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា។

ការ​រក​ឃើញ​ឈើ​ខុស​ច្បាប់​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​សហគមន៍​ផ្ដល់​ព័ត៌មាន​ពី​ទី​តាំង​លាក់​ឈើ និង​សុំ​សមត្ថកិច្ច​ចុះ​បង្ក្រាប​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ក៏​ប៉ុន្តែ​រហូត​មក​ទល់​នឹង​ថ្ងៃ​ត្រង់​ទី​១៧ ខែ​វិច្ឆិកា ទើប​ក្រុម​ប៉ូលិស​ស្រុក​ទៅ​ដល់​ទី​កើត​ហេតុ។

ប្រធាន​សហគមន៍​ភូមិ​ឡែ លោក សល់ ណក បញ្ជាក់​ថា ឈើ​ដែល​សមត្ថកិច្ច​រឹប​អូស​នេះ​គឺ​ជា​ឈើ​ដែល​សេសសល់​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ចេញ​ពី​កន្លែង​លាក់​ទុក​ក្នុង​ភូមិ​កាល​ពី​រាត្រី​កន្លង​ទៅ ដោយសារ​សមត្ថកិច្ច​យឺតយ៉ាវ​ចុះ​បង្ក្រាប។ លោក​ថា ឈើ​ដែល​រឹប​អូស​នេះ គឺ​វា​វត្ថុតាង​បង្ហាញ​​ថា ឈើ​ក្នុង​ព្រៃ​សហគមន៍​នៅ​តែ​រក​ការ​កាប់​ធ្វើ​អាជីវកម្ម​រាល់​ថ្ងៃ​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ និង​ភូមិ​ជិត​ខាង​តំបន់​ព្រៃ​ការពារ៖ «យប់​មិញ​ចេញ​ឈើ​ពីរ​ឡាន ពួក​ឈ្មួញ​ដឹក​ឈើ។ យើង​ក៏​បារម្ភ​ដែរ ព្រោះ​គេ​កាប់​អនាធិបតេយ្យ»។

​ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ មាន​ទំហំ​ជាង ៥០០​ហិកតារ​ត្រូវ​បាន​ក្រសួង​កសិកម្ម រៀបចំ​ជា​ព្រៃ​អភិរក្ស​ប្រគល់​ឲ្យ​សហគមន៍​អភិរក្ស​តាំង​ពី​ឆ្នាំ​២០១២ ក៏​ប៉ុន្តែ​ព្រៃ​នេះ​បាន​រក​ការ​ឈូស​ឆាយ​អស់​ជាង ៣០​ហិកតារ​ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន​នៅ​ក្បែរ​តំបន់​ព្រៃ រួម​ទាំង​សហគមន៍​ជិត​ខាង​ព្រៃ​នេះ​ទន្ទ្រាន​ចូល​​ធ្វើ​ស្រែ​ចម្ការ​នៅ​ក្នុង​ព្រៃ​ការពារ​បន្ថែម​ទៀត។ លើស​ពី​នេះ​ទៀត សមាជិក​សហគមន៍​ភូមិ​ឡែ និង​​ភូមិ​សោមគល់ បាន​ចូល​កាប់​យក​ឈើ​មាន​តម្លៃ​លក់​ទៅ​ឲ្យ​ឈ្មួញ ខណៈ​គណៈកម្មការ​សហគមន៍​​ការពារ​ព្រៃ​អះអាង​ថា សមាជិក​សហគមន៍​មិន​ស្ដាប់​ការ​ណែនាំ​របស់​គណៈកម្មការ​សហគមន៍​នោះ​​ទេ។

ប្រធាន​ភូមិ​ឡែ លោក​ទទួល​ស្គាល់​ថា អ្នក​ភូមិ​ពិត​ជា​ចូល​ព្រៃ​កាប់​ឈើ បើ​ទោះ​បី​គណៈកម្មការ​សហគមន៍ និង​អាជ្ញាធរ​ភូមិ ឃុំ បាន​អប់រំ​ណែនាំ និង​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​យ៉ាង​ណា​ក្ដី។ លោក​ថា អ្នក​ភូមិ​ប្រមាណ ៣០ ទៅ ៤០​ភាគរយ​នៃ​សមាជិក​សហគមន៍​ជាង ១០០​គ្រួសារ គឺ​ជា​អ្នក​ចូល​​ព្រៃ​ការពារ​កាប់​យក​ឈើ​លក់​ទៅ​ឲ្យ​ឈ្មួញ៖ «ប្រជុំ​បី​បួន​ប្រាំ​លើក​ហើយ គេ​អត់​ជឿ​ទេ អ្នក​ខ្លះ​ជឿ អ្នក​ខ្លះ​អត់​ជឿ។ ក្នុង ១៤០​គ្រួសារ​ហ្នឹង មាន​អ្នក​ប្រព្រឹត្ត​ជាង ៣០​គ្រួសារ ភាគ​ច្រើន​អត់​ទេ»។

អធិការ​រង​ប៉ូលិស​ស្រុក​អូរយ៉ាដាវ លោក ងយ ដន ដែល​ដឹកនាំ​កង​នគរបាល​ចុះ​រឹប​អូស​ឈើ​បញ្ជាក់​ថា សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​ម្ចាស់​ឈើ​ជា​នរណា​នោះ​ទេ ហេតុ​នេះ​ប៉ូលិស​សម្រេច​ដឹក​ជញ្ជូន​ឈើ​ជាង ៥០​ដុំ មក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស។ ដោយ​ឡែក​ឈើ​ប្រមាណ ៣០​កំណាត់​ទៀត ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​អះអាង​ថា ជា​ឈើ​ពួកគាត់​កាប់​សម្រាប់​ធ្វើ​លំនៅឋាន៖ «គេ​ថា​យួន ប៉ុន្តែ​យើង​អត់​ទាន់​ដឹង​ថា អ្នក​ណា​ផង។ ចាត់​ការ​យក​ទៅ​ណា ឬ​ប្រគល់​ឲ្យ​មេព្រៃ នៅ​លើ​ចៅហ្វាយ​ស្រុក ព្រោះ​គាត់​គណៈ​បញ្ជាការ​កង​ឯកភាព​ស្រុក»។

យ៉ាង​ណា​ក៏ដោយ អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ បញ្ជាក់​ថា ឈើ​ដែល​ប៉ូលិស​រឹប​អូស​នឹង​ត្រូវ​ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់​ការ​បន្ត៕

No comments:

Post a Comment