គ្រួសារសពកីឡាករទូកងអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រីជួយរកយុត្តិធម៌ឲ្យពួកគាត់
គ្រួសារជនរងគ្រោះជាកីឡាករទូកងពីរនាក់បានស្លាប់ក្នុងហេតុការណ៍កប៉ាល់ទេសចរណ៍បុកទូកង អំពាវនាវឲ្យប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ចេញមុខជួយរកយុត្តិធម៌ឲ្យពួកគាត់ផង។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលខាងក្រុមហ៊ុន បានពន្យារពេលដើម្បីនិយាយអំពីការផ្ដល់ប្រាក់សំណងឲ្យគ្រួសារពួកគាត់។
កំពុងរៀបចំពិធីបុណ្យគម្រប់ខួប ៧ថ្ងៃឲ្យសពកូនប្រុសឈ្មោះ សុខ ច័ន្ទចេស្ដា ដែលស្លាប់ដោយសារកប៉ាល់ទេសចរណ៍បើកបុកកាលពីថ្ងៃទី១១ វិច្ឆិកា លោក សឹម សម្ផស្ស អះអាងថា គ្រួសាររបស់លោកនៅពុំទាន់ទទួលបានយុត្តិធម៌ទេ ថ្វីបើលោកបានជួបនិយាយជាមួយក្រុមហ៊ុនកប៉ាល់ទេសចរណ៍បានចំនួនពីរលើកក្ដី។
លោកអះអាងថា លោកមិនទាន់ហ៊ានបញ្ជាក់បានទេថា ក្រុមហ៊ុនឈ្មោះ គ្រីស្ដស៊ីកូ អេដវ៉េនឆឺ (Cruiseco Adventure) នឹងផ្ដល់យុត្តិធម៌ឲ្យកូនប្រុសរបស់លោកដែលស្លាប់ ប៉ុន្តែលោកថា បើសិនជាក្រុមហ៊ុនមិនផ្ដល់សំណងទេ លោកនឹងគិតគូរប្ដឹងទៅតុលាការបន្តទៀត៖ «សោកស្ដាយរឿងកូនបាត់រាល់ថ្ងៃ អារម្មណ៍នឹកឃើញតែវា ចុងក្រោយខ្ញុំអត់មានអីទេ សុំតែអំពាវនាវអ្នកដឹកនាំរាល់ថ្ងៃៗ ហេតុអីបានជាព្រះរាជពិធីបុណ្យអុំទូក ថីបានឲ្យទូក (កប៉ាល់ទេសចរណ៍) ទៅបុកកូនខ្ញុំនៅក្នុងបរមរាជវាំងទៀត បើថាបុកនៅក្រៅ ខ្ញុំអត់ថាទេ តែអានេះបុកនៅក្នុងសង្វៀនផ្ដាច់ព្រ័ត្រទៀត ចំកន្លែងទូងម៉ងហ្នឹង។ ខ្ញុំសំណូមពរឲ្យសម្ដេចនាយករដ្ឋមន្ត្រី អ្នកដឹកនាំ ស្វែងរកយុត្តិធម៌ឲ្យកូនខ្ញុំ។ ខ្ញុំសុំតែប៉ុណ្ណឹង»។
នៅរសៀលថ្ងៃទី១៧ វិច្ឆិកា ក្រុមគ្រួសារជនរងគ្រោះទាំងពីរ បានរៀបចំពិធីបុណ្យសពគម្រប់ខួប ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធកូនៗរបស់ពួកគាត់ ដែលមានឈ្មោះថា សុខ ច័ន្ទចេស្ដា និង ឈឺន ចន។
ឪពុកយុវជន សុខ ច័ន្ទចេស្ដា រៀបរាប់ក្នុងរោងបុណ្យសព ៧ថ្ងៃនោះទៀតថា ចាប់តាំងពីកូនប្រុសរបស់គាត់បានស្លាប់ទៅ លោក និងភរិយាសឹងតែមិនបរិភោគអ្វីឡើយ ហើយសូម្បីពេលយប់ក៏ដេកមិនលក់ដែរ នៅពេលបិទភ្នែកទៅ នៅតែនឹកស្រណោះអាល័យថា កូនប្រុសហាក់មិនទាន់បាត់បង់ជីវិតអ៊ីចឹង។ លោក សឹម សម្ផស្ស បញ្ជាក់ថា ទឹកប្រាក់ចំនួន ៣៥.០០០ដុល្លារដែលគ្រួសារលោកទាមទារជាប្រាក់សំណងពីក្រុមហ៊ុនកប៉ាល់ទេសចរណ៍នោះ មិនអាចទិញអាយុជីវិតកូនប្រុសមកវិញទេ ប៉ុន្តែប្រាក់ទាំងនេះលោកទុកសម្រាប់ទូទាត់ពិធីបុណ្យសពទាំងអស់ ទាំងបុណ្យសព បុណ្យ ៧ថ្ងៃ និងបុណ្យ ១០០ថ្ងៃ ហើយសេសសល់មួយចំនួន លោកនឹងទុកសម្រាប់ទ្រទ្រង់គ្រួសារ ខណៈកំពុងជួបប្រទះភាពក្រីក្រខ្លាំង។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា កប៉ាល់ទេសចរណ៍បានបើកបុកទូកងឈ្មោះ "រស្មីស្រីស្រស់ដាញ់ទិព្វ" មកពីវត្តអម្ពវ័ន បណ្ដាលឲ្យចំណុះទូកពីរនាក់ដែលជាយុវជនបាត់ខ្លួន។ នៅថ្ងៃទី១៣ អាជ្ញាធរបានរកឃើញសាកសពទាំងពីរ ដោយសពយុវជន ឈឺន ចន បានអណ្ដែតដល់ស្រុកស្អាង និងសពយុវជន សុខ ច័ន្ទចេស្ដា បានអណ្ដែតដល់ស្រុកល្វាឯម ខេត្តកណ្ដាល។
ក្រុមហ៊ុនកប៉ាល់ទេសចរណ៍បានអញ្ជើញគ្រួសារជនរងគ្រោះទាំងពីរទៅនិយាយអំពីរឿងប្រាក់សំណងពីរលើករួចមកហើយ កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ វិច្ឆិកា ប៉ុន្តែការជួបគ្នាទាំងពីរលើកនេះ មិនទាន់សម្រេចថាយ៉ាងណានៅឡើយទេ ដោយក្រុមហ៊ុនបានលើកពេលមួយសប្ដាហ៍ទៀត។
ក្រុមគ្រួសារជនរងគ្រោះទាំងពីរអះអាងថា ខាងក្រុមហ៊ុនក៏មិនបាននិយាយនៅចំពោះមុខពួកគាត់ ថាខ្លួនជាអ្នកខុសដែរ ហើយបានត្រឹមនិយាយសោកស្ដាយប៉ុណ្ណោះ។
ទីតាំងនៃពិធីបុណ្យ ៧ថ្ងៃរបស់សពយុវជនទាំងពីរ ឋិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ។
ឪពុកសពយុវជន ឈឺន ចន គឺលោក ឃួន ខុម ក៏បានអះអាងមិនខុសគ្នានឹងគ្រួសារសពទីមួយដែរ។ លោកអះអាងថា នៅពេលរកឃើញសាកសពអណ្ដែតទឹករហូតដល់ស្រុកស្អាង គឺសពកូនប្រុសរបស់គាត់ ពិនិត្យឃើញមានបាក់ដៃបាក់ជើង និងបែកក្បាល។ ដូច្នោះលោកអះអាងថា កូនប្រុសគាត់ឈ្មោះ ឈឺន ចន គឺត្រូវបានកប៉ាល់បុកទង្គិចខ្លាំង។ លោកបន្តថា ប្រសិនបើកប៉ាល់មិនបុកចំកូនលោកទេ ឬបុកត្រឹមតែទូកងឲ្យលិច នោះកូនប្រុសរបស់គាត់ប្រហែលមិនស្លាប់ដែរ ព្រោះទាំងកូនគាត់ ទាំងយុវជន សុខ ច័ន្ទចេស្ដា គឺជាអ្នកចេះហែលទឹកយ៉ាងស្ទាត់ជំនាញ។ លោកថា ម្យ៉ាងទៀត ឈឺន ចន គេក៏ធ្លាប់ធ្វើជាចំណុះទូកអស់ជាច្រើនឆ្នាំមកហើយដែរ៖ «បុកចំម៉ង ព្រោះអង្គុយចំតាហ្នឹង (កន្ទុយទូកង)។ បើអាគ្នាក្មេងៗប៉ុន្មាននាក់នោះ វានៅមុខៗ (ក្បាលទូក) គេអត់អី ផ្លោងទៅ វាលោតចេញអស់ នៅវាតែពីរនាក់ (សុខ ច័ន្ទចេស្ដា និង ឈឺន ចន) បុកចំតាម៉ង បុកចំភឹង ធ្លាក់លិចទៅប៉ាដោយ។ បែកបាក់មុខ និងក្បាល»។
ក្រុមគ្រួសារសពយុវជនទាំងពីរបញ្ជាក់ថា បើសិនក្រុមហ៊ុនមិនព្រមផ្ដល់ប្រាក់សំណងនៅសប្ដាហ៍ក្រោយទេ ពួកគាត់អំពាវនាវឲ្យប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌ឲ្យកូនប្រុសទាំងពីរដែលបានស្លាប់ផង ព្រោះគ្រួសារពុំមានលទ្ធភាពដើម្បីដាក់ពាក្យប្ដឹងទៅតុលាការឡើយ។
លើសពីនេះ គ្រួសារសពយុវជនទាំងពីរ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ធ្វើយ៉ាងណាត្រូវតែរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់ចំពោះវិធានការទប់ស្កាត់កប៉ាល់ធំៗចូលតំបន់ហាមឃាត់ឲ្យបាន ៥ ទៅ ៦ថ្ងៃមុននៃព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំក្រោយៗទៀត ដើម្បីកុំឲ្យកីឡាករទូកងត្រូវបាត់បង់ជីវិតដូចឆ្នាំ២០១៦ នេះទៀត៕
No comments:
Post a Comment