លោក កឹម សុខា សន្យាអភិវឌ្ឍតំបន់ព្រំដែនឲ្យមានភាពជឿនលឿននៅពេលសង្គ្រោះជាតិឈ្នះឆ្នោត
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃអាទិត្យនេះ បានបង្ហាញគោលនយោបាយចាស់ដែលមានស្រាប់ នោះគឺការអភិវឌ្ឍតំបន់ព្រំដែនឲ្យមានភាពជឿនលឿននៅពេលដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតដឹកនាំប្រទេស។ ការសន្យានេះបានធ្វើឡើងក្នុងឱកាសលោកបើកវេទិកាសំណេះសំណាលជាមួយយុវជនគណបក្ស ខេត្តកំពត ស្វាយរៀង និងព្រៃវែង នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ។
គណបក្សសង្គ្រោះជាតិនឹងធ្វើការអភិវឌ្ឍខេត្តនៅជាប់ព្រំដែនតាមរយៈការធ្វើផ្លូវខ្សែក្រវ៉ាត់ព្រំដែន រៀបចំឲ្យមានទីផ្សារ វត្តអារ៉ាម និង បង្កើតឲ្យទៅជាតំបន់កសិកម្មជាដើម។ សម្រាប់គណបក្សសង្គ្រោះជាតិខេត្តជាប់ព្រំដែននៅមិនទាន់មានការអភិវឌ្ឍជឿនលឿនដូចវៀតណាមទេ។ វៀតណាមមានទាំងប្រព័ន្ធធារាសាស្ត្រ ការលើកទឹកចិត្តពីដ្ឋាភិបាលវៀតណាមក្នុងការជំរុញទៅពលរដ្ឋគេឲ្យមករស់ខេត្តជាប់នៅព្រំដែន និងផ្ដល់ដើមទុនឲ្យប្រកបមុខរបបរកស៊ីជាដើម។ នេះជាការគូសបញ្ជាក់របស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា បានរម្លឹកថា លោកធ្លាប់បានជួបប្រទះដោយផ្ទាល់គឺពលរដ្ឋនៅខេត្តស្វាយរៀងបានជួរដីឲ្យវៀតណាមដាំអំពៅហើយម្ចាស់ដីស៊ីឈ្នួលកាប់អំពៅឲ្យវៀតណាមទៅវិញ។ កត្តានេះលោកមើលឃើញថា មិនមានផលចំណេញដល់កសិករខ្មែរទេ។ ដូច្នេះប្រសិនបើរដ្ឋាភិបាលដឹកនាំដោយសង្គ្រោះជាតិនឹងផ្ដល់អ្នកបច្ចេកទេសកសិកម្មណែនាំពលរដ្ឋក្នុងការធ្វើកសិកម្ម។ ផ្ដល់ដើមទុនឲ្យពលរដ្ឋធ្វើកសិកម្ម។ រកទីផ្សារជូនកសិករ។ លោក កឹម សុខា ជឿជាក់ថា មធ្យោបាយទាំងនេះពលរដ្ឋខ្មែរនឹងនាំគ្នាទៅរស់នៅព្រំដែន។
តែយ៉ាងណាក៏ដោយលោក កឹម សុខា បានថ្លែងការពារថាប្រសិនបើគណបក្សសង្គ្រោះជាតិមិនបានដឹកនាំរដ្ឋាភិបាលក៏ដោយលោកនឹងផ្ដល់យុទ្ធសាស្ត្រទាំងប៉ុន្មានដែលលោកបានលើកឡើងទៅឲ្យគណបក្សនយោបាយណាដែលឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។
សម្រាប់លោក កឹម សុខា ការអភិវឌ្ឍព្រំដែនរបស់គណបក្សសង្គ្រោះជាតិមិនអាចយកគំរូតាមការឃោសនារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកដែលទើបតែជាប់ឆ្នោតនោះទេ។ លោក ដូណាល់ ត្រាំ បានឃោសនាពេលបោះឆ្នោតថា លោកនឹងសង់ជញ្ចាំងបិទព្រំដែនមិនឲ្យជនអន្តោប្រវេសន៍ឆ្លងចូលទឹកដីអាមេរិក។
សូមបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាព្រំដែននេះកន្លងមករដ្ឋាភិបាលបានចេញសារាចរទប់ស្កាត់មិនឲ្យពលរដ្ឋរស់នៅខេត្តជាប់ព្រំដែនជួរដីទៅឲ្យវៀតណាមឬឡាវនោះទេ។ អង្គការក្រៅរដ្ឋាភិបាលធ្លាប់បានឡើងថា ភាគច្រើនពលរដ្ឋនៅខេត្តជាប់ព្រំដែនបានជួរដីទៅឲ្យវៀតណាម។ បន្ទាប់មកពលរដ្ឋមួយចំនួនទៀតធ្វើចំណាកស្រុកឬក៏ស៊ីឈ្នួលឲ្យវៀតណាម៕
No comments:
Post a Comment